កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈានដល់​សប្តាហ៍​ចុងក្រោយ

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈានដល់​សប្តាហ៍​ចុងក្រោយ



កម្មវិធី​ជីវិត​ពិត មុខរបរ​ខ្ញុំ ឬ My Place របស់​ស្ថានីយទូរទស្សន៍ ភី​អិន​អី​ន បាន​ឈាន​ដល់​សប្តាហ៍​ចុងក្រោយ​របស់​ខ្លួន​ហើយ ក្រោយ​ចំណាយ​ពេល​ប្រមាណ ១៣​សប្ដាហ៍​ពេញ ក្នុង​ការ​ប្រកួតប្រជែង​ជាច្រើន​វិញ្ញាសា ឈាន​ដល់​ការ​ជម្រុះ​បេក្ខជន​ដល់​ទៅ​១០​រូប​ចេញពី​កម្មវិធី​។​

សប្ដាហ៍​នេះ ជា​សប្ដាហ៍​ចុងក្រោយ នៃ​កម្មវិធី មុខរបរ​ខ្ញុំ ខណៈ​បេក្ខជន​ប្រជែង ចុងក្រោយ សល់​តែ​៣​រូប​ប៉ុណ្ណោះ ក្នុង​នោះ បេក្ខនារី ម៉ូ​ណា វ័យ​៣៥ មកពី​រាជធានី​ភ្នំពេញ​, បេក្ខជន ប៊ុន​លាភ វ័យ ២៨​ឆ្នាំ មកពី​រាជធានី​ភ្នំពេញ​ដូចគ្នា និង​បេក្ខនារី ធា​វី វ័យ​២៤​ឆ្នាំ មកពី​ខេត្ត​កណ្តាល។

បេក្ខជន​នៅសល់ ៣​រូប​នេះ​បាន​ចំណាយ​ពេល​១៣​សប្ដាហ៍​ពេញ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម​១០​រូប​ផ្សេងទៀត បើក​ដំណើរការ​អាជីវកម្ម​ភោជនីយដ្ឋាន​ថ្មី សិក្សា​ពី​ពី​របៀប​បើក​ធ្វើ​អាជីវកម្ម​ប្រកបដោយ​ជោគជ័យ ក៏ដូចជា​ការ​បង្កើត​មុខរបរ​ក្នុងស្រុក​មួយ​ចំនួន​ផ្សេង​ផង​ដែរ។

ក្នុង​សប្តាហ៍​ចុងក្រោយ​នេះ បេក្ខជន​ទាំងបី​រូប បាន​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ ក្នុងការ​បង្កើត​មុខរបរ​តូច​មួយ​រាងៗ​ខ្លួន នៅ​តាម​ទីផ្សារ ផ្តោត​ទៅលើ​អតិថិជន ជា​សិស្ស និង​និ​សិ​ត្ស ជាមួយ​ដើមទុន ៥០​ម៉ឺន​រៀន​។ ពី​កម្មវិធី​បាន​ជ្រើស​យក សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​កន្លែង​សម្រាប់​កាត់​ក្តី​ក្នុង​វិញ្ញាសា​ចុងក្រោយ​នេះ។

លក្ខន្តិកៈ​សម្រាប់​បេក្ខជន​ទាំង​៣​រូប គឺ​ធ្វើ​យ៉ាងណា ជំរុញ​ផលិតផល​របស់​ពួកគេ​ក្នុង​ទីផ្សារ​ដែល​មាន​អតិថិជន ជា​និស្សិត ដើម្បី​ទទួល​បាន​ការបោះឆ្នោត​ពី​ពួកគេ​។ អ្នកឯកទេស​ជំនួញ​៤​រូប មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា ក៏​នឹង​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ចុងក្រោយ​នេះ​ដូចគ្នា រួម​ទាំង​វាយតម្លៃ​ទាំង​ប្រសិទ្ធភាព​នៃ​ផលិតកម្ម​ក្នុង​មុខរបរ​ពួកគេ ខណៈ​អ្វី​ដែល​ពិសេស​បំផុត គឺថា​ពួកគេ​អាច​ទទួល​បាន​ប្រាក់ចំណេញ​ប៉ុន្មាន​សម្រាប់​មុខរបរ​មួយ​នេះ។

លក្ខន្តិកៈ​ទាំង​៣​ខាងលើ នឹង​ក្លាយ​ជា​ចំណុច​ស្នូល​សម្រាប់​ការវាយតម្លៃ​ជ្រើស​យក​ជយលាភី​តែ​ម្នាក់​គត់​សម្រាប់​កម្មវិធី មុខរបរ​ខ្ញុំ ឬ My Place របស់ ភី​អិន​អិន។

រដូវ​កាល​ទី​១​នៃ​កម្មវិធី​នេះ នឹង​បញ្ចប់​ទៅ​នា​ថ្ងៃ​សុក្រ ទី​១៧ ខែមិថុនា សប្តាហ៍​នេះ ខណៈ​ជ័យ​លាភី នឹង​ទទួល​បាន​ពាន រួម​ជាមួយ​ប្រាក់រង្វាន់ ២០​លាន​រៀល​ពី​កម្មវិធី​ក្នុង​ថ្ងៃ​ជាមួយគ្នានេះ​តែម្តង​។​

សូម​កុំ​ភ្លេច​រង់ចាំ​ទស្សនា កម្មវិធី មុខរបរ​ខ្ញុំ របស់​ស្ថានីយទូរទស្សន៍ ភី​អិន​អិន ដែល​មាន​ផ្សាយ​ជូន​ពីថ្ងៃ ច័ន្ទ ដល់​ថ្ងៃ សុក្រ ក្នុង​ម៉ោង​មាស ពី​ម៉ោង ០៨៖០០ ដល់​ម៉ោង ០៨៖៣០​នាទី​យប់ លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន​៕
កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈានដល់​សប្តាហ៍​ចុងក្រោយ កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈានដល់​សប្តាហ៍​ចុងក្រោយ