ផឹក​ស្រវឹង​ខ្លាំង​ពេក​ ចត​ម៉ូតូ​ចុះ​នោម​ដួល​សន្លប់​ ចោរ​យក​ម៉ូតូ​បាត់

ផឹក​ស្រវឹង​ខ្លាំង​ពេក​ ចត​ម៉ូតូ​ចុះ​នោម​ដួល​សន្លប់​ ចោរ​យក​ម៉ូតូ​បាត់



ភ្នំពេញ​ ៖ ​បុរស​ម្នាក់ ​​បាន​​ផឹក​ស្រា​ស ​ស្រា​ថ្នាំ​ជាមួយ​មិត្តភ័ក្ដិ​ស្រវឹង​​យ៉ាង​ខ្លាំង​​​ ​រួច​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ​និង​បាន​ឈប់​តាម​ចិញ្ចើម​ផ្លូវ​សហព័ន្ធ​​រុស្ស៊ី​​ដើម្បី​ចុះ​នោម។ ប៉ុន្តែ​ដោយ​អំណាច​នៃ​គ្រឿង​ស្រវឹង​បាន​ធ្វើ​ឲ្យ​គាត់​ដួល​សន្លប់​ដោយ​ខ្លួនឯង​ លុះ​ពេល​ដឹងខ្លួន​វិញ​ ចោរ​លួច​យក​ម៉ូតូ​បាត់​សូម្បី​កាបូប​លុយ​ក៏​បាត់​អស់​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀបភ្លឺ​ព្រឹក​ ថ្ងៃ​ទី​១៦ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​ នៅ​តាម​ចិញ្ចើម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​មុខ​ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ដែល​ស្រវឹង​ឈ្មោះ កឹម សា​វន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​ជាងដែក​រស់នៅ​ភូមិ​ត្រពាំងថ្ម​ឃុំ​ស្រង់​ស្រុក​គងពិសី​ខេត្ត​កំពង​ស្ពឺ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក ម៉ាក​ណៃ​ហ​ត​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM.1074​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ផឹក​​ស្រា.ស ​ស្រាថ្នាំ​ជាមួយ​មិត្តភ័ក្ដិ​រួមការ​ងារ​ជាមួយគ្នា ​មាន​គ្នា​៤​នាក់​ នៅ​ម្តុំ​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ ​ដែល​ជា​កន្លែងធ្វើការ​របស់​ខ្លួន ដោយ​ផឹក​អស់​ចំនួន​១​លីត្រ។ បន្ទាប់មក​ដោយ​ស្រវឹង​ស្រឿងៗ​បាន​លា​មិត្តភ័ក្ដិ​ជិះ​ម៉ូតូ​ទៅផ្ទះ​វិញ។ នៅពេល​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​ ដោយសារ​ឈឺ​នោម ​ក៏​បាន​ចត​ទុក​ម៉ូតូ​នៅ​តាម​ចិញ្ចើមផ្លូវ​នៅក្បែរ​ខ្លួន ពេលនោះ​គ្រាន់តែ​ឈាន​ជើង​ចុះ​ពីលើ​ម៉ូតូ​ស្រាប់តែ​ដួល​គ្រឹប​សន្លប់​ឈឹង​តែម្ដង​។

ប្រភព​បន្ដ​ថា​ លុះ​នៅវេលា​ម៉ោង​ខាងលើ​ទើប​ជនរងគ្រោះ​បានដឹងខ្លួន​ពី​សន្លប់​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​ដែល​ខ្លួន​ចត​ជិត​ខ្លួន​តែម្តង​ ព្រមទាំង​បាត់​កាបូប​លុយ​អស់​ចំនួន​២៥​ម៉ឺន​រៀល ​ហើយ​និង​ទូរស័ព្ទដៃ​មួយគ្រឿង​ទៀតផង។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​មិនទាន់​ដាក់​បណ្តឹង​នៅឡើយ​ទេ​ ដោយ​រង់ចាំ​យក​ឯកសារ​មក​បង្ហាញ​សមត្ថកិច្ច​ជា​មុន​សិន​ទើប​​​​គេ​ជឿជាក់ ​ប៉ុន្តែ​ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច​មួយ​ជំហាន​រួចហើយ​ដែរ៕
ផឹក​ស្រវឹង​ខ្លាំង​ពេក​ ចត​ម៉ូតូ​ចុះ​នោម​ដួល​សន្លប់​ ចោរ​យក​ម៉ូតូ​បាត់