បុរស​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​ព្រួត​វាយ​យុវជន​ម្នាក់​

ភ្នំពេញ:
បុរស​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌចំការមន ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ពួកគេ បាន​ព្រួត​វាយ​យុវជន​ម្នាក់ តាម​ដងផ្លូវ​សាធារណៈ ដោយ​ចោទថា ជនរងគ្រោះ មើលមុខ​ឌឺ​ពួកខ្លួន​។​

​ហេតុការណ៍​វាយ​និង​ឃាត់ខ្លួន​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១១ និង​១០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​១០៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ុន ឌី​យ៉ា​ម៉​ង អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​១៧៩ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​ជនបង្ករ រង់ចាំ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​សិន​។​

​បើតាម​ការរៀបរាប់ របស់​ជនរងគ្រោះ បាន​ប្រាប់ថា មុនពេល​កើតហេតុ ខ្លួន​បាន​ចេញពី​ធ្វើការ នៅ​ម្ដុំ​បឹងត្របែក បន្ទាប់មក ក៏​ជួប​បុរស​២​នាក់ ក៏​មើលមុខ រួច​ក៏ត្រូវ​បុរស ២ នាក់​នោះ ជិះ​ម៉ូតូ​បក​ក្រោយ ដេញ​វាយ​គាត់​មួយ​ដៃ ចំ​កណ្តាល​មុខ បណ្តាល​ឲ្យ​របួស​តែម្តង​។  ក្រោយ​ឃាត់ខ្លួន ជនបង្ករ​ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​សាកសួរ ជាមួយ​ជនរងគ្រោះ នៅ​ប៉ុស្តិ៍​បឹងត្របែក​៕N