តារា​ថ្មី​២​រូប នឹង​ត្រូវ​ជ្រើស​រើស​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន​

តារា​ដែល​នឹង​ត្រូវ​រះ​ថ្មី​លើ​វិថី​ភាពយន្ត​កម្ពុជា នឹង​ត្រូវ​បាន​ជ្រើសរើស​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន ចុង​សប្តាហ៍​នេះ។

 

ទស្សនិកជន​នឹង​មាន​ឱកាស​បាន​ទស្សនា​បេក្ខជន-បេក្ខនារី ដែល​មាន​មុខ​មាត់ ដូច ឬ​ស្រដៀង​កំពូល​តារា​ភាពយន្ត​នៃ​ស្ថានីយ​ទូរទស្សន៍ TVB របស់​ទីក្រុង​ហុងកុង តាម​រយៈ​ព្រឹត្តិការណ៍ PNN TVB Showcase 2016 ដែល​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ចាប់​ពី​ម៉ោង​៥​ល្ងាច​ត​ទៅ។

 

បេក្ខភាព​ប្រជែង​លេចធ្លោ​៦​រូប​ក្នុង​ចំណោម​១០​រូប ដែល​ជ្រើស​ចេញ​ពី​កម្មវិធី អ្នក​មាន​មុខ​មាត់​ដូច ឬ​ស្រដៀង​កំពូល​តារា​ភាពយន្ត​ហុងកុង នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​សុទ្ធសឹង​ជា​អ្នក​មាន​ឱកាស​ជាប់​ជា​តារា​ភាពយន្ត​នា​ពេល​ខាង​មុខ។

 

តារា​ថ្មី​២​រូប នឹង​ត្រូវ​ជ្រើស​រើស​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន​

 

កម្មវិធី អ្នក​មាន​មុខ​មាត់​ដូច ឬ​ស្រដៀង​កំពូល​តារា​ភាពយន្ត​ហុងកុង របស់ ភីអិនអិន បាន​ដំណើរការ​ប្រមាណ ២​ខែ​មក​ហើយ ដោយ​មាន​បេក្ខជន-បេក្ខនារី​ជា​ច្រើន​រយ​នាក់​ចូលរួម​ប្រកួត​ប្រជែង​តាម​រយៈ​ ការ​ផ្ញើ​រូបថត​របស់​ខ្លួន​មក​កាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ ភីអិនអិន។ បេក្ខជន​ទាំង​១០​រូប រួម​នឹង​រូបថត​របស់​ពួកគេ​ ត្រូវ​បាន​បង្ហោះ​លើ​ www.facebook.com/PNNDramaFanClub។

 

ថ្មីៗ​នេះ ភីអិនអិន បាន​ជ្រើសរើស​អ្នក​ដែល​មាន​មុខមាត់​ដូច ឬ​ស្រដៀង​តារា​ភាពយន្ត​ហុងកុង​ប្រចាំ​ទូរទស្សន៍ TVB បាន​ចំនួន ១០​រូប ដែល​ចម្រាញ់​ចេញពី​បេក្ខភាព​ប្រជែង​ជាច្រើន​រយ​នាក់។ ពួកគេ​ទាំង​អស់​ដែល​ត្រូវ​បាន​ជ្រើសរើស​សុទ្ធ​តែ​មាន​មុខមាត់​ដូច ឬ​ស្រដៀង​តារា​ភាពយន្ត​របស់ TVB ទាំង​អស់។

 

នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ភីអិនអិន នឹង​បង្ហាញ​វត្ត​មាន​បេក្ខជន​លេខ​ធ្លោ​ទាំង​៦​នាក់ ក្នុង​កម្មវិធី PNN TVB Showcase 2016 ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​កំពូល​តារា​ភាពយន្ត​ហុងកុង នាង Nancy Wu និង​លោក Vincent Wong ទៀត​ផង​។ អ្វី​ដែល​ពិសេស ពួកគេ​ទាំង​២​រូប នឹង​ចូលរួម​សម្រេច​ជ្រើស​រើស​សម្រាប់​ជយលាភី​ជាប់​ជា​តារា​ប្រុស ស្រី ចំនួន​២​រូប ដែល​នឹង​មាន​ឱកាស​ទទួល​ពាន រួម​ជាមួយ​កុងត្រា​ផលិត​ខ្សែ​ភាពយន្ត​ជាមួយ ភីអិនអិន។

 

នាង Nancy Wu និង​លោក Vincent Wong នឹង​ធ្វើ​ដំណើរ​ជា​ពិសេស​មក​កាន់​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ១៩-មិថុនា​នេះ ដើម្បី​ជួប​ផ្ទាល់​នឹង​ប្រិយមិត្ត​ខ្លួន​ជាច្រើន​នៅ​កម្ពុជា។ ប្រិយមិត្ត​មាន​បំណង​ចង់​ជួប​ផ្ទាល់​ជាមួយ​នឹង Nancy Wu និង Vincent Wong អាច​ចូល​មក​កាន់​ទំព័រ​ហ្វេសប៊ុក www.facebook.com/PNNDramaFanClub សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការទទួល​បាន​សំបុត្រ។

 

ខ្សែ​ភាពយន្ត​ថ្មី នឹង​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន នា​ពេល​ឆាប់ៗ​នេះ​គឺ​រឿង A Fist Within Four Walls ដោយ​មាន​វត្តមាន​នាង Nancy Wu សម្តែង​ជា​តួអង្គ​ឈ្មោះ Tiu Lan។ ក្នុង​ខ្សែភាពយន្ត​នេះ រៀបរាប់​ពី​តួអង្គ TSO NGAU KUEN ដែល​ត្រឡប់​ទៅ​កាន់​រាជធានី ជា​កន្លែង​រូប​គាត់​បាន​ជួប​ជាមួយ​ទន្តពេទ្យ TUEN YING FUNG ។ ក្រោយ​មក ពួកគេ​ទាំង​ពីរ​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ភូមិ​មួយ ឈ្មោះ Bajiquan ។ ដោយ​មាន​ទេពកោសល្យ​ខាង​ក្បាច់​គុន ពួកគេ​បាន​រួមគ្នា​កម្ចាត់​ក្រុម​មនុស្ស​អាក្រក់​នៅ​ក្នុង​ភូមិ​ដែល​ដឹកនាំ​ដោយ​មេ​កើយ​មាន​ឥទ្ធិពល​ឈ្មោះ LUNG SHING FU ហើយ​ក៏​ជា​កន្លែង KUEN បាន​ជួប​ជាមួយ​នាង Tiu Lan ម្ចាស់​ហាង​ធ្វើ​សក់​មួយ​នៅ​ទីនោះ។

 

ដោយ​ឡែក សម្រាប់​តារា​វ័យ ៣២​ឆ្នាំ​ លោក Vincent Wong ក៏​ជា​តារា​ភាពយន្ត​ដ៏​ល្បីល្បាញ​មិន​ចាញ់​នាង Nancy Wu នោះ​ដែរ ថែម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ប្រិយមិត្ត​នៅ​កម្ពុជា​ដូច​គ្នា។ Wong ល្បី​ល្បាញ​ដោយ​មាន​សមត្ថភាព​សម្ដែង​ជា​ច្រើន​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​បែប​វាយ​ប្រហារ​របស់ TVB។ កាល​ពី​ឆ្នាំ​២០១៣ Vincent Wong ធ្លាប់​បាន​ឈ្នះ​ពាន​តារា​ប្រុស​ឆ្នើម​ពី​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​របស់ TVB ក្រោយ​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ជា​ច្រើន​ក្នុង​ឆ្នាំ​នោះ ដូចជា រឿង Season of Love រឿង Sergeant Tabloid រឿង A Change of Heart ក៏​ដូច​ជា​រឿង Will Power and Coffee Cat Mama ជា​ដើម។

 

Wong ក៏​នឹង​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​របស់ TVB រឿង Over Run Over សម្តែង​ជា​តួអង្គ Kwan Ting Ming ដែល​គ្រោង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រៀង​រាល់​ថ្ងៃ​វេលា​ម៉ោង ៦​ដល់​ម៉ោង ៧​យប់ ចាប់ពី​ថ្ងៃ​ទី​២១-មិថុនា​តទៅ​។ ក្នុង​ខ្សែ​ភាពយន្ត​នេះ រៀបរាប់​ពី​នារី​ឈ្មោះ LING SUN FUNG និង​មិត្ត​ប្រុស​របស់​នាង KWOK SHEUNG CHING ដោយ​ពួកគេ​ទាំង​ពីរ​សុទ្ធសឹង​ជា​អ្នក​ចំណូល​ថ្មី ក្នុង​ជួរ​កម្លាំង​ប៉ូលិស​។ បន្ទាប់​ពី LING SUN FUNG ចូល​បម្រើ​ក្នុង​ជួរ​ប៉ូលីស​មិន​បាន​ប៉ុន្មាន នាង​ចាប់​ផ្តើម​ដាក់​ការ​សង្ស័យ​ទៅលើ KWAN TING MING ដែល​ជា​ប្រធាន​ក្រុម សម្តែង​ដោយ VINCENT WONG កំពុង​ពាក់ព័ន្ធ​ឃុបឃិត​ជាមួយ​ក្រុម​សង្គម​ងងឹត ធ្វើ​ឲ្យ​ផ្ទៃ​រឿង​កាន់​តែ​ទាក់​ទាញ​ពី​មួយ​ភាគ​ទៅ​មួយ​ភាគ។

 

កាល​ពី​ដើម​ឆ្នាំ​២០១៦ ស្ថានីយទូរទស្សន៍ ភីអិនអិន បាន​ចុះ​កិច្ច​ព្រមព្រៀង ចាក់​ផ្សាយ​គ្រប់​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​របស់ TVB ដែល​កំពុង​ដាក់​បញ្ចាំង​ក្នុង​ទីក្រុង​ហុងកុង។

 

TVB PNN SHOWCASE ជាមួយ​នាង Nancy Wu និង​លោក Vincent Wong នឹង​ចាប់ផ្តើម​នា​ថ្ងៃ​អាទិត្យ នេះ ពី​ម៉ោង ៥​ល្ងាច​តទៅ​នៅ​ក្នុង​ស្ទូឌីយ៉ូ ភីអិនអិន ក្នុង​សង្កាត់​ព្រែកព្នៅ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម