អង្គុយ​ផឹក​ទឹក​ត្នោតជូរ​ក្បែរ​គ្នា ​ឌឺដង​ពាក្យសម្ដី​ដាក់​គ្នា ​បង្ក​ជា​ទំនាស់​វាយ​គ្នា​ របួសធ្ងន់ ​និង​ស្រាល​៥​នាក់

អង្គុយ​ផឹក​ទឹក​ត្នោតជូរ​ក្បែរ​គ្នា ​ឌឺដង​ពាក្យសម្ដី​ដាក់​គ្នា ​បង្ក​ជា​ទំនាស់​វាយ​គ្នា​ របួសធ្ងន់ ​និង​ស្រាល​៥​នាក់



ភ្នំពេញ​ ៖​ ក្រុម​អ្នក​និយម​ផឹក​ទឹកត្នោតជូរ​ពីរ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ ​បាន​នាំ​គ្នា​អង្គុយ​ផឹក​ទឹកត្នោតជូរ​នៅ​លើ​គ្រែ​ក្បែរ​គ្នា។ នៅ​ពេល​ផឹក​ស្រវឹង​រៀងៗ​ខ្លួន​ ស្រាប់តែ​ភាគី​ម្ខាង​បាន​ខាក​ស្ដោះ​ជាច្រើន​ដង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ ដែល​អង្គុយ​ផឹក​ក្បែរ​គ្នា​នោះ​ មាន​អារម្មណ៍​ខឹងសម្បា​ទើប​ស្ដីបន្ទោស​ឲ្យ​ភាគី​អ្នក​ខាក​ស្ដោះ​ថា ​គ្មាន​របៀប ​គ្មាន​អនាម័យ​ ហើយ​ក៏​បង្ក​ជា​ទំនាស់​ឈាន​ដល់​ការ​វាយតប់​គ្នា​បណ្ដាល​ឲ្យ​​រង​​​​របួស​ធ្ងន់ ​និង​ស្រាល​៥​នាក់​ ក្នុង​នោះ​មាន​ម្នាក់​សន្លប់​ឈឹង​នៅ​នឹង​កន្លែង​កើតហេតុ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦ ​នៅ​ចំណុច​រោង​លក់​ទឹកត្នោតជូរ​មួយ​កន្លែង​នៅ​ខាងកើត​ផ្សារ​ទួល​ពង្រ​ ស្ថិត​ក្នុង​ក្នុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជន​សង្ស័យ​ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ទី​១. ​​ឈ្មោះ សន សំ​អូន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​ភូមិ​កើតហេតុ ទី​២.​​​​ឈ្មោះ​សន សា​វី​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ​មុខរបរ​បើកឡាន​ដឹក​ឥវ៉ាន់​ អ្នក​ទាំង​២​​​​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្លុំ ឃុំ​ពាម​ទា ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។ ចំណែក​​​ភាគី​ម្ខាង​ទៀត​ជា​អ្នក​ស្ដីបន្ទោស​ឲ្យ​គេ​នោះ​ទី​១​. ឈ្មោះ មាន ម៉ើ​ ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​មុខរបរ​នៅផ្ទះ ស្នាក់នៅ​កន្លែង​កើតហេតុ​ មាន​ស្រុកកំណើត​នៅ​ភូមិ វាល ឃុំ ខ្នុរ​ដំបង ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​ ទី​២​. ឈ្មោះ​គួច វ៉ា​យ​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​ភូមិ​ជាមួយគ្នា​ ​​មាន​ភូមិកំណើត​​​ជាមួយគ្នា​ និង​ទី​៣. ឈ្មោះ​វេន សម្បត្តិ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​សំណង​ស្នាក់នៅ​ជាមួយគ្នា​មាន​ស្រុកកំណើត​នៅ​ស្រុក​ជាមួយគ្នា។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​បុរស​ពីរ​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ បាន​មក​ចូល​ផឹក​ទឹកត្នោតជូរ​ នៅ​រោង​លក់​ទឹកត្នោត​ជូរ​ខាង​លើ​ ដោយ​នាំគ្នា​ផឹក​តាំងពី​ព្រលប់ រហូត​ជិត​ដល់​ម៉ោង​កើតហេតុ ស្រាប់​តែ​មាន​ម្ខាង​បាន​ខាក​ស្ដោះ​ទឹកមាត់​ទៅ​លើ​ដី​ជាច្រើន​ដង ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត ដែលមាន​ការ​ប្រកាន់​បាន​មាន​អារម្មណ៍​ក្តៅ​ក្រហាយ ​ហើយ​បាន​ស្តីបន្ទោស​ឲ្យ​ពីរ​បី​ម៉ាត់​បង្ក​ទៅជា​ជម្លោះ​ពាក្យ​សម្ដី​ដល់​ថ្នាក់​កាច់​ដំបង កាច់​ជើង​គ្រែ​ដែល​មាន​ជាប់​ដែកគោល​វាយ​សំពង​គ្នា​ទៅវិញទៅមក​រហូត​របួស​ធ្ងន់​រៀងៗ​ខ្លួន ​ក្នុង​នោះ​មាន​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ជាងគេ​ដល់​ថ្នាក់​សន្លប់​ស្ដូកស្ដឹង​នៅ​នឹងកន្លែង​កើតហេតុ​តែ​ម្ដង​ ហើយ​ត្រូវបាន​មិត្តភ័ក្ដិ​ដឹក​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ​ដោយ​ខ្លួនឯង។ ក្រោយមក​ក៏មាន​ប្រជាពលរដ្ឋ ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទៅដល់ ​និង​ឃាត់ខ្លួន​បុរស ទាំង​៥​នាក់​ រួច​បញ្ជូន​ទៅ​ពេទ្យ​រៀងៗ​ខ្លួន រង់ចាំ​ធ្វើការ​ព្យាបាល​សិន ​ទើប​នាំ​មក​សាកសួរ​ឡើងវិញ​អំពី​ដំណើររឿង​ថា​តើ​អ្នកណា​ខុស​អ្នកណា​ត្រូវ៕