អ្នកទេសចរ២នាក់ បាត់បង់ជីវិត ដោយសារការវាយប្រហារ ពីរលកដ៏ធំ និងខ្ពស់សម្បើម នៅកោះបាលី (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ អ្នកទេសចរ២នាក់ បានស្លាប់បាត់បង់ជីវិត នៅឯតំបន់កំសាន្តមួយ ក្បែរកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទទួលរងការវាយប្រហារ ពីសំណាក់រលកយក្ស ដែលមានកម្លាំងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើង នៅបារឆ្នេរខ្សាច់ដ៏ពេញនិយមមួយ ឈ្មោះថា The Rock Bar ដែលស្ថិតនៅឯ រមណីយដ្ឋាន Ayana នៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយក្នុងនោះមានភ្ញៀវទេសចរ២នាក់ ម្នាក់មកពីហុងកុង និងម្នាក់ទៀតមកពីប្រទេសសិង្ហបុរី បានស្លាប់បាត់បង់ជីវិត។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា អំឡុងពេលកើតហេតុ ជនរងគ្រោះ និងភ្ញៀវទេសចរផ្សេងទៀត កំពុងកំសាន្ត ដោយមានការផឹកស្រា និងហែលទឹកលេង នៅក្នុងអាងទឹកនៃ បារមួយនោះដែលនៅជាប់នឹងមាត់សមុទ្រ តែមិនយូរប៉ុន្មាន ក៏ស្រាប់តែមានរលកយក្ស និងជំនោរទឹកដ៏ខ្ពស់ ព្រមទាំងមានកម្លាំងខ្លាំង បានបោកបក់មកលើ អាងទឹកនោះ ជាហេតុនាំឲ្យ កម្លាំងទឹករលកគួចយក ជនរងគ្រោះទាំង២ ចូលទៅក្នុងសមុទ្របាត់ ហើយក្រោយមកសាកសពរបស់ពួកគេ ត្រូវបានគេប្រទះឃើញ នៅឯឆ្នេរខ្សាច់ Padang Galak នាឯតំបន់ Sanur របស់កោះបាលី។

លើសពីនេះទៀត The Rock Bar ដែលទទួលរងការវាយប្រហារ ពីរលកយក្សនោះ ត្រូវបានខូចខាតខ្ទេចខ្ទីស្ទើរតែទាំងស្រុង និងត្រូវបានគេទុកចោល ជាបណ្តោះអាសន្នសិន។ ជុំវិញរឿងរ៉ាវទាំងនេះដែរ មនុស្សប្រហែលជា ជិត១,៣០០នាក់ ត្រូវបានក្រុមអាជ្ញាធរ ធ្វើការជម្លៀសចេញពីតំបន់ Lumajang និង Pekalongan ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏ព្រោះតែមានការព្រួយបារម្ភ ខ្លាចមានការវាយប្រហារ របស់រលកយក្ស បន្តទៀត។ ក្នុងនោះតំបន់ឆ្នេរខ្សាច់ និងកោះ ដែលអាចទទួលផលប៉ះពាល់ខ្លាំងមានដូចជា កោះបាលី កោះស៊ូម៉ាត្រា និងកោះ Sumbawa ជាដើម។

គូសបញ្ជាក់ផងដែរថា ហេតុការណ៍ដែលភ្ញៀវទេសចរ បានស្លាប់ដោយសារ ការវាយប្រហារពីរលកយក្ស នោះបានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភ ជាខ្លាំងផងដែរ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកផងដែរថា គេអាចនៅចាំបានថា រឿងហេតុដ៏អកុសលមួយផ្សេងទៀត បានកើតឡើង នៅឯតំបន់ទេសចរដ៏ពេញនិយម ក្នុងប្រទេសថៃ ជាហេតុធ្វើឲ្យអ្នកទេសចរ ២នាក់បាត់បង់ជីវិត រងរបួសជាច្រើននាក់ផ្សេងទៀត និងខ្លះទៀតបាត់ខ្លួនផងដែរ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់សម្តីមន្ត្រីប៉ូលីសថៃ បានឲ្យដឹងថា ទូកកម្សាន្ត Ang Thong Explorer ដែលមានផ្ទុកអ្នកដំណើរសរុប៣២នាក់ និងបុគ្គលិកទូកកម្សាន្ត ៤នាក់នៅលើនោះ បានចាកចេញពីឧទ្យានជាតិ Mu Ko Ang Thong ដើម្បីឆ្ពោះទៅកាន់ កំពង់ផែ Lomphraya តែសំណាងអាក្រក់ នៅម៉ោងប្រហែលជា៥ល្ងាច (ម៉ោងក្នុងស្រុក) ក៏បានទទួលរងការវាយប្រហារពីសំណាក់រលកសមុទ្រដ៏ធំមួយ ដែលបណ្តាលឲ្យទូកនោះ ក្រឡាប់កណ្តាលសមុទ្រ មានទីតាំងស្ថិតត្រង់ចំនុចក្បែរកោះ Samui ដែលជាកោះដ៏ពេញនិយមមួយរបស់ប្រទេសថៃ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកទេសចរ ២នាក់ស្លាប់ ដែលជានារីជនជាតិអង់គ្លេស និងម្នាក់ទៀតនារីហុងកុង។ ក្រៅពីនេះនៅមានបុរសជនជាតិអង់គ្លេសម្នាក់ និងនារីជនជាតិអាល្លឺម៉ង់ម្នាក់ កំពុងបាត់ខ្លួន ស្របពេលដែលជនរងគ្រោះផ្សេងទៀតរងរបួស ដោយក្នុងនោះមាន៧នាក់ រងរបួសធ្ងន់។

មន្ត្រីអ្នកនាំពាក្យប៉ូលិសជាន់ខ្ពស់មួយរូប បានប្រាប់ឲ្យដឹងថា “ខណៈពេលនេះពួកយើង កំពុងតែយកចិត្តទុកដាក់ជួយជនរងគ្រោះទាំងអស់ រីឯប្រតិបត្តិការរុករក អ្នកដែលបានបាត់ខ្លួនកំពុងតែដំណើរការ។ ចំណែកសាកសពនារីរងគ្រោះដែលស្លាប់ទាំង២នាក់ ត្រូវបានគេស្រង់យកចេញពីទឹកឡើងមកហើយ”។

គូសបញ្ជាក់ផងដែរថា ទូកកម្សាន្តដែលជួបគ្រោះថ្នាក់នោះ ត្រូវបានគេដឹងថា ដឹកអ្នកទេសចរចម្រុះជាតិសាសន៍ ដោយក្នុងនោះមានដូចជា ជនជាតិអង់គ្លេស, អាល្លឺម៉ង់, រ៉ូម៉ានី និងចិន ជាដើម។ ហើយនេះគឺជារឿងដ៏អកុសលមួយ ដែលមិនមានអ្នកណា ចង់ជួបប្រទះ តែវាក៏បានកើតឡើង រួចទៅហើយ ដូច្នេះយើងមានតែ ចូលរួមសោកស្តាយ និងរំលែកទុក្ខ ដល់ក្រុមគ្រួសារ និងសាច់ញាតិ នៃជនរងគ្រោះទាំងអស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកទេសចរ២នាក់ បាត់បង់ជីវិត ដោយសារការវាយប្រហារ ពីរលកដ៏ធំ និងខ្ពស់សម្បើម នៅកោះបាលី (មានវីដេអូ)
រូបភាពរលកធំៗ និងមានកម្លាំងខ្លាំង កំពុងធ្វើការបោកបក់

អ្នកទេសចរ២នាក់ បាត់បង់ជីវិត ដោយសារការវាយប្រហារ ពីរលកដ៏ធំ និងខ្ពស់សម្បើម នៅកោះបាលី (មានវីដេអូ)
ស្ថានភាពតំបន់ ដែលអាចមានការវាយប្រហារ ពីសំណាក់រលកយក្ស

អ្នកទេសចរ២នាក់ បាត់បង់ជីវិត ដោយសារការវាយប្រហារ ពីរលកដ៏ធំ និងខ្ពស់សម្បើម នៅកោះបាលី (មានវីដេអូ)