ទំនាក់​ទំនង«​ប្រែ​ធាតុ»​ រវាង​​កម្ពុជា​-វៀតណាម

ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅភ្នំពេញ លោកប្រធានាធិបតីថ្មីរបស់វៀតណាម បានត្រូវទទួលជួបដោយប្រមុខរដ្ឋនិងថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា។ បើនិយាយពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម នាពេល៤ទសវត្សរ៍ចុងក្រោយនេះ គឺមានការប្រែប្រួលយ៉ាងខ្លាំង រហូតដល់អ្នកសង្កេតការណ៍ខ្លះ ហៅថាជាទំនាក់ទំនង«ប្រែធាតុ»។ ដូច្នេះ ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម ចំនួន៣ថ្ងៃនេះ វិទ្យុបារាំងអន្តរជាតិ នឹងសាកល្បងវិភាគពីការប្រែប្រួលនៃទំនាក់ទំនងរបស់ប្រទេសជិតខាងទាំងពីរ។

ទំនាក់​ទំនង«​ប្រែ​ធាតុ»​ រវាង​​កម្ពុជា​-វៀតណាម

បើគេពិនិត្យមើលចាប់ថ្ងៃរំដោះ៧មករា១៩៧៩ មកទល់ពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម បានប្រែប្រួលពីរបីដំណាក់កាលធំៗសំខាន់ៗ។ ដំណាក់កាលដំបូង គឺពេលដែលដួលរលំនៃរបបខ្មែរក្រហម រហូតដល់ពេលបោះឆ្នោតអ៊ុនតាក់ឆ្នាំ១៩៩៣ ដែលគេអាចនិយាយបានថា កម្ពុជាស្ថិតក្រោមការកាន់កាប់ និងការបង្គាប់បញ្ជារបស់រដ្ឋាភិបាលក្រុងហាណូយ។ រហូតដល់អ្នកសង្កេតការណ៍ខ្លះ ហ៊ានដល់ប្រើពាក្យថា «កម្ពុជាអាយ៉ងយួន» ទៀតផង។

ចំណែកដំណាក់កាលទី២ គឺចាប់ពីឆ្នាំ១៩៩៣ដល់១៩៩៧។ ក្រោយការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ ជាផ្លូវការ កម្ពុជា បានក្លាយជារដ្ឋឯករាជ្យ លែងឋិតក្រោមឥទ្ធិពលទាំងស្រុងរបស់ក្រុងហាណូយទៀតហើយ។ តែទោះយ៉ាងនេះក្តី ក្នុងដំណាក់កាលនេះ កម្ពុជានៅត្រូវការកម្លាំងទ័ពវៀតណាម ដើម្បីទប់ទល់ប្រឆាំងនឹងកងទ័ពឧទ្ទាមខ្មែរក្រហម ហើយនិយាយឲ្យស្រួលស្តាប់ជាងនេះទៀត គឺគណបក្សប្រជាជនកម្ពុជា ក៏ត្រូវការចាំបាច់កម្លាំងវៀតណាមដើម្បីកំញើញគណបក្សហ៊ុនស៊ិនប៉ិច ដែលស្ថិតក្នុងរាជរដ្ឋាភិបាលក្បាលពីរ ជាមួយគ្នា។ ដំណាក់កាលទី២នេះ ជាសម័យកាលដែលកម្ពុជា មិនទាន់ហ៊ានរើសបម្រះខ្លួន ឬក៏គ្មានចេតនានឹងរើសរលាស់ខ្លួននៅឡើយទេ។

ដោយឡែក ចាប់តាំងពីឆ្នាំ១៩៩៧មកទល់នឹងពេលបច្ចុប្បន្ន គេសង្កេតឃើញ រដ្ឋាភិបាលកម្ពុជា ដែលកាន់កាប់សឹងផ្តាច់មុខរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំរំដោះខ្លួនចេញបន្តិចម្តងៗពីឥទ្ធិពលវៀតណាម ដោយមិនអាចប្រកែកបាន។ ការណ៍ដែលចង់រំដោះខ្លួននេះ ក៏ព្រោះតែមានមហាយក្សចិន ដែលជាបង្អែកដ៏មាំទាំ។ ជាក់ស្តែងទៅ ចិន ទាក់ទងជិតស្និត ជាមួយគណបក្សហ៊ុនស៊ិនប៉ិច នៅអំឡុងទសវត្សរ៍១៩៩០ តែដោយសារបក្សរាជនិយមមួយនេះ បាត់បង់អំណាចអស់រលីងដូចអំបិលត្រូវទឹកតាំងពីព្រឹត្តិការណ៍៥-៦កក្កដា១៩៩៧នោះមក ចិន និងបក្សប្រជាជនកម្ពុជា ចាប់ផ្តើមឱបរឹតគ្នា រហូតដល់ក្លាយជា សម្ព័ន្ធមិត្តចាក់ទឹកមិនលិច ដូចដែលគេមើលឃើញស្រាប់ក្នុងពេលសព្វថ្ងៃនេះ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជាវៀតណាម មានការប្រែធាតុកាន់តែខ្លាំងគួរឲ្យកត់សម្គាល់។ កត់សម្គាល់ ព្រោះថា កម្ពុជា ហាក់ទំនងជាមានចិត្តសឿងជាងមុនក្នុងការប្រឈមមុខនឹងវៀតណាម។

មានព្រឹត្តិការណ៍ជាច្រើនដែលគេអាចពន្យល់រឿងនេះ។ ជាដំបូងគឺក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានផ្លាស់វេននៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០១២។ គ្រានោះកម្ពុជាមិនព្រមដាក់របៀបវារៈស្តីពីសមុទ្រចិនខាងត្បូងចូលក្នុងកិច្ចប្រជុំកំពូល ហើយកម្ពុជាមិនអាចជំរុញឲ្យចេញសេចក្តីថ្លែងការណ៍រួម ដោយសារតែវិបត្តិសមុទ្រចិនខាងត្បួង ដែលមានវៀតណាម ជាភាគីជម្លោះមួយផងដែរ។ រឿងនេះ ធ្វើឲ្យវៀតណាមអន់ចិត្តមិនស្ទើរទេ។

តមកទៀត កាលពីខែសីហា និងខែតុលា ឆ្នាំ២០១៤ មានក្រុមអ្នកតវ៉ា ព្រះសង្ឃ និងបាតុករ បានដុតទង់ជាតិវៀតណាមតែម្តង នៅមុខស្ថានទូតវៀតណាម។ ភ្លាមៗ រដ្ឋាភិបាលក្រុងហាណូយ បានទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ថ្កោលទោសទង្វើនេះ និងចាត់វិធានការផ្លូវច្បាប់ចំពោះហ្វូងបាតុករ! ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅវិញថា នេះជាសិទ្ធិធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ ហើយក្នុងប្រទេសប្រជាធិបតេយ្យដូចកម្ពុជា ពលរដ្ឋមានសិទ្ធិដុតទង់ជាតិរបស់បរទេសណា ដែលពួកគេមិនពេញចិត្ត។

លើសពីនេះ ឆ្នាំទៅមិញនេះទៀត ក្នុងពិធីរម្លឹកខួប៦៤ឆ្នាំនៃការបង្កើតគណបក្សប្រជាជាជនកម្ពុជា គេសម្គាល់ឃើញថា ជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំបក្សកាន់អំណាច មិនសូវបានរម្លឹកពីគុណូបការៈរបស់កងទ័ពវៀតណាម ឲ្យសន្ធឹកសន្ទាប់ដូចកាលរាល់ដងឡើយ។ ហើយក្នុងថ្ងៃខួបទី៤៨ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជាវៀតណាម កាលពីថ្ងៃ២៤ មិថុនា២០១៥ ក៏គ្មានបានប្រារព្ធពិធីរម្លឹកខួបធំដុំអ្វីទេ បើទោះបីជាក្នុងនាមរដ្ឋាភិបាលក្តី ឬក្នុងនាមគណបក្សក្តី។

មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៥ដដែលនោះ ក្រសួងការបរទេសកម្ពុជា បានបង្ហាញសាច់ដុំ តាមរយៈការចេញកំណត់ទូតចំនួន៣បន្តបន្ទាប់គ្នា ទៅកាន់ប្រទេសវៀតណាម ពីរឿងជម្លោះព្រំដែន និងរឿងជីកស្រះចូលដីខ្មែរទៀតផង។ លើសពីនេះ រដ្ឋាភិបាលកម្ពុជា ក៏បានទម្លាយជាចំហផងដែរថា ក្នុងការចរចាកិច្ចការព្រំដែនជាមួយវៀតណាម គឺពើបប្រទះនឹងការតានតឹង ព្រោះតែប្រទេសទាំងពីរការពារប្រយោជន៍ជាតិតែរៀងៗខ្លួន។

ហេតុផលទាំងអស់នេះហើយ ដែលបានជាធ្វើឲ្យគេយល់ឃើញថា ទំនាក់ទំនងប្រទេសជិតខាងទាំងពីរ ជាទំនាក់ទំនង«ប្រែធាតុ»។ កម្ពុជាដែលរឹងដៃរឹងជើងហើយ ក៏បាននឹងកំពុងតែរើបម្រះខ្លួន ដោះដៃពីវៀតណាម។ ដោះដៃក៏ដោយសារតែមានមហាយក្សចិនជាបង្អែកដ៏រឹងមាំ។ ចំពោះកម្ពុជា ចិនគឺមហាអំណាចតំបន់ និងមហាអំណាចសេដ្ឋកិច្ចពិភពលោក ហើយក៏ជាកម្លាំងដ៏មានប្រសិទ្ធភាពទប់ទល់នឹងមហិច្ចតាណាមួយរបស់វៀតណាមមកលើកម្ពុជា។ ដូច្នេះ ការយកពាក្យ «កម្ពុជាអាយ៉ងវៀតណាម» ទៅធ្វើជាចំណាប់ខ្មាំងសម្រាប់ឃោសនាគៀងគរប្រជាប្រិយភាព ទំនងជាលែងមានប្រសិទ្ធភាពទៀតហើយ។

តែយ៉ាងណាក៏ដោយ ទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាម ជាបងប្អូន ជាមិត្តប្រវត្តិសាស្ត្រ និងមិត្តសម្រាប់បច្ចុប្បន្ន គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ទំនាក់ទំនងល្អនៃប្រទេសទាំងពីរ ជាតម្រូវការនៃអ្នកជិតខាងល្អ ហើយក៏ជារឿងចាំបាច់ដើម្បីកសាងព្រំដែនសន្តិភាព ត្បិតវៀតណាម មានដីធំជាង មានប្រជាជនច្រើនជាង ហើយដែលមានព្រំប្រទល់ដែនជាប់គ្នា ព្រមទាំងជាសមាជិកអាស៊ានរួមគ្នា ថែមទៀតផង៕

ប្រភពៈ RFI