គ្រូព្យាបាល​ជនជាតិ​ព្នង​​​បារម្ភ​ចំពោះ​ព្រៃឈើ​ដែល​កាន់​តែ​ហិនហោច

នៅពេលលោក ហ្វ្រង់ស្វ័រ សាសាញ (Francois Chassagne) ឱសថវិទូបារាំងគ្រោងរាយនាមឱសថបុរាណដែលប្រើប្រាស់ដោយក្រុមជនជាតិដើមភាគតិចព្នងរបស់កម្ពុជាកាលពីឆ្នាំ២០១៣ លោកបានជួបប្រទះឱសថគួរឲ្យភ្ញាក់ផ្អើលសម្រាប់ព្យាបាលការរលាកនោះគឺរុក្ខជាតិទឹកដោះខ្លា។

គ្រូព្យាបាល​ជនជាតិ​ព្នង​​​បារម្ភ​ចំពោះ​ព្រៃឈើ​ដែល​កាន់​តែ​ហិនហោច

លោក ហ្វ្រង់ស្វ័រ សាសាញ ដែលពេលនេះជាបេក្ខជនថ្នាក់បណ្ឌិតផ្នែកឱសថសាស្ត្រនៅសាកលវិទ្យាល័យ ប៉ុល សាបាធ្យេ (Paul Sabatier) ក្នុងប្រទេសបារាំងបានលើកឡើងតាមសារអេឡិចត្រូនិកកាលពីថ្ងៃអង្គារថា “ជនជាតិព្នងបាននិយាយអំពីវាច្រើនដងមកហើយ ប៉ុន្តែពួកគាត់ភាគច្រើនបានប្រាប់ខ្ញុំថា ពួកគាត់រកវានៅក្នុងព្រៃលែងបានទៀតហើយ”។

អ្នកភូមិទាំងនោះបានប្រាប់គាត់ថា កាលពីយូរលង់មកហើយ ដូនតារបស់ពួកគាត់ធ្លាប់ដើរប្រមូលទឹកដោះខ្លាពីកម្រាលព្រៃ “ពីព្រោះខ្លាញីស្រក់ទឹកដោះ នៅពេលវាបំបៅដោះកូន”។

រុក្ខជាតិទឹកដោះខ្លាគឺជារុក្ខជាតិដែលចម្លែក និងគួរឲ្យចាប់អារម្មណ៍បំផុតក្នុងចំណោមរុក្ខជាតិប្រមាណ២១៤ប្រភេទ និងសត្វចំនួន២២ប្រភេទដែលលោក ហ្វ្រង់ស្វ័រ សាសាញ និងអ្នកស្រាវជ្រាវបារាំង និងកម្ពុជាមួយក្រុមបានកំណត់ថា ជាគ្រឿងផ្សំនៅក្នុងឱសថបុរាណដែលប្រើប្រាស់ដោយជនជាតិព្នងនៅខេត្តមណ្ឌលគិរី នៅក្នុងអត្ថបទមួយដែលគ្រោងចេញផ្សាយនៅចុងខែនេះក្នុងព្រឹត្តិបត្រ Journal of Ethnopharmacology ។

លោក ហ្វ្រង់ស្វ័រ សាសាញ មានប្រសាសន៍ថា ការសិក្សាមុនៗបានបង្ហាញថា វិធីព្យាបាលជាច្រើនក្នុងចំណោមវិធីព្យាបាលទាំងនោះមានទាំងសុវត្ថិភាព និងប្រសិទ្ធភាព ហើយបានជំរុញឲ្យស្រាវជ្រាវបន្ថែមទៀតលើរុក្ខជាតិ១០ប្រភេទដែលបច្ចុប្បន្នគេមិនទាន់ដឹងថាត្រូវបានប្រើប្រាស់ជាឱសថនៅបស្ចិមប្រទេស។

ប៉ុន្តែនៅពេលពពួកសត្វ និងរុក្ខជាតិនៅកម្ពុជាទទួលរងការបំផ្លិចបំផ្លាញដោយសារកសិឧស្សាហកម្ម និងការកាប់ឈើខុសច្បាប់ បណ្ដាអ្នកស្រាវជ្រាវព្រួយបារម្ភថា វិធីព្យាបាល និងថែទាំសុខភាពមួយគ្មានពីរបស់ជនជាតិព្នងប្រហែលជារលាយសាបសូន្យទៅជាមួយព្រៃឈើ។

ការស្ទង់មតិរយៈពេល២ឆ្នាំរបស់លោក ហ្វ្រង់ស្វ័រ សាសាញ លើជនជាតិព្នងចំនួន២០២នាក់ក្នុងភូមិចំនួន២៨នៃខេត្តមណ្ឌលគិរី ដែលរួមមានទាំងគ្រូឱសថបុរាណ គ្រូវេទមន្ត ឆ្មប និងគ្រូព្យាបាលឆ្អឹងបាក់ផងដែរនោះ បានរកឃើញវិធីព្យាបាលខុសៗគ្នាយ៉ាងច្រើនសម្រាប់ជំងឺទូទៅចំនួន១១ប្រភេទ។

ការព្យាបាលទាំងនោះគួបផ្សំជាមួយជំនឿលើវិញ្ញាណរបស់ជនជាតិព្នង ជាជនជាតិដើមភាគតិចមួយក្រុមមានគ្នាប្រមាណ៣៣.០០០នាក់នៅទូទាំងភាគឦសាននៃប្រទេសកម្ពុជា ដែលបានអនុវត្តការធ្វើកសិកម្មពនេចរទ្រង់ទ្រាយតូច និងពឹងផ្អែកខ្លាំងលើព្រៃឈើសម្រាប់ការរស់រាន។

យោងតាមអត្ថបទស្រាវជ្រាវដែលគ្រោងនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះបានឲ្យដឹងថា ជនជាតិព្នង “ចាត់ទុកខ្លួនឯងជាផ្នែកមួយរបស់ធម្មជាតិចែករំលែកជាមួយវិញ្ញាណ និងដូនតា” ដែលត្រូវតែគោរពដើម្បីឲ្យមានសុខភាពល្អ និងប្រមូលផលបានច្រើន។ ការព្យាបាលបែបបុរាណប្រើប្រាស់ការយល់ដឹងអំពីវិញ្ញាណ តុល្យភាពនៃធាតុ “ក្ដៅ” និងធាតុ “ត្រជាក់” និង “ខ្យល់” លើសឬមិនគ្រប់គ្រាន់។

លោក ហ្វ្រង់ស្វ័រ សាសាញ បានសរសេរថាជនជាតិព្នងមានជំនឿថា “វិញ្ញាណមាននៅគ្រប់កន្លែង សូម្បីនៅក្នុងរុក្ខជាតិ។ ដូច្នេះវា [វិញ្ញាណ] អាចធ្វើសកម្មភាពតាមរយៈរុក្ខជាតិដើម្បីព្យាបាលជំងឺ”។

គ្រូព្យាបាល​ជនជាតិ​ព្នង​​​បារម្ភ​ចំពោះ​ព្រៃឈើ​ដែល​កាន់​តែ​ហិនហោច

ការព្យាបាលភាគច្រើនប្រើប្រាស់រុក្ខជាតិផ្សេងៗគ្នាដែលត្រូវបានដាំរម្ងាស់សម្រាប់ផឹក ស្រូបចូលតាមដង្ហើម ឬប្រើប្រាស់នៅក្នុងការឆ្ពុង។ ជនជាតិព្នងបង្ហាញពីធនធានសម្បូរបែបគួរឲ្យកត់សម្គាល់ដូចជា៖ រុក្ខជាតិស្នែងពពែ (Siam Weed) ប្រហែលជាតិដាំរម្ងាស់លាយជាមួយរុក្ខជាតិផ្សេងៗទៀតសម្រាប់ឆ្ពុងដើម្បីព្យាបាលការចុកពោះខ្លាំង កិនជាមួយស្ករសនិងទឹកដើម្បីព្យាបាលជំងឺរាករូស ឬស្ងោរម្ងាស់ជាមួយទឹកនោមដើម្បីព្យាបាលរបួស។

លោក ហ្វ្រង់ស្វ័រ សាសាញ បានលើកឡើងអំពីការព្យាបាលរបួសថា ”ខ្ញុំបានសាកល្បងខ្លួនឯង ហើយវាមានប្រសិទ្ធភាពពិតមែន!” ប៉ុន្តែសារភាពថា គាត់មិនប្រើប្រាស់ទឹកនោមទេ។

អត្ថបទស្រាវជ្រាវដដែលបានលើកឡើងពីការសិក្សាស្រាវជ្រាវមុនៗដែលបង្ហាញថា រុក្ខជាតិស្នែងពពែមានប្រសិទ្ធភាពធ្វើឲ្យស្ពឹក និងប្រឆាំងការរលាក។

លោក ហ្វ្រង់ស្វ័រ សាសាញ មានប្រសាសន៍ថា ឱសថរបស់ជនជាតិព្នងផ្ដល់ “ការព្យាបាលមានប្រសិទ្ធភាពខ្ពស់សម្រាប់ជំងឺទូទៅដូចជា ការមុតរយះ រលាក ក្រោយពេលសម្រាលកូនដែលមិនទាន់មាននៅក្នុងឱសថរបស់បស្ចិមប្រទេស។

លោកបានសរសេរទៀតថា ម្ដាយក្រោយពេលសម្រាលកូនទទួលការព្យាបាលតាមបែបបុរាណយ៉ាងមានប្រសិទ្ធភាព។ “រុក្ខជាតិខ្លះជួយជំរុញឲ្យឃ្លានអាហារ ឬផ្ដល់ថាមពល ឬបញ្ចៀសជំងឺដេកមិនលក់។ នៅក្នុងឱសថរបស់បស្ចិមប្រទេស មានវិធីព្យាបាលតិចតួចណាស់សម្រាប់ការព្យាបាលជំងឺទាំងនេះ”។

សត្វកាំប្រមា និងសត្វរញីសុទ្ធតែសត្វដ៏សំខាន់ និងមានតម្លៃនៅក្នុងឱសថដែលគេជឿថា មានសារៈសំខាន់សម្រាប់សុខភាពម្ដាយក្រោយសម្រាលកូន។ នៅពេលចាប់បានសត្វទាំងនេះត្រូវគេយកទៅឆ្អើរភ្លើង ហើយត្រាំស្រាជាមួយរុក្ខជាតិផ្សេងៗ និងអាវយវៈរបស់សត្វផ្សេងៗទៀត មុនពេលឲ្យស្ត្រីដែលទើបសម្រាលកូនផឹក។

អង្គការមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) ចុះបញ្ជីសត្វរញីជាសត្វដែល “រងការគំរាមកំហែង” នៅកម្ពុជា មួយអន្លើដោយសារតែជនជាតិព្នងប្រើប្រាស់វានៅក្នុងឱសថបុរាណ។

ពពួកសត្វផ្សេងៗទៀតក៏ប្រឈមជោគវាសនាស្រដៀងគ្នានេះដែរ ស្របពេលមានការបំផ្លាញព្រៃឈើដែលបង្កឡើងដោយអ្នកកាប់ឈើខុសច្បាប់ និងចម្ការធំៗទ្រង់ទ្រាយឧស្សាហកម្ម។ នៅពេលព្រៃឈើក្នុងប្រទេសសល់កាន់តែតិចទៅៗ ជនជាតិព្នងបានបាត់បង់ឱសថមានតម្លៃថោក និងដែលងាយស្រួលរក ជាហេតុនាំឲ្យពួកគាត់ងាកទៅរកគ្លីនិកក្នុងមូលដ្ឋាន ដែលលោក ហ្វ្រង់ស្វ័រ សាសាញ ថាគ្មានបុគ្គលិកគ្រប់គ្រាន់ និងដំណើរការមិនល្អដោយសារខ្វះថវិកា។

លោក ប៊ីល ហឺរ៉ដ (Bill Herod) ជាអ្នករស់នៅក្នុងខេត្តមណ្ឌលគិរីយូរមកហើយ និងជាទីប្រឹក្សារបស់អង្គការកន្លែងជនជាតិព្នង (The Bunong Place) ដែលមានមូលដ្ឋាននៅក្នុងខេត្តនេះបានមានប្រសាសន៍ថា ច្បាប់ដែលត្រូវបានតាក់តែងដើម្បីការពារព្រៃឈើ និងអ្នកដែលពឹងផ្អែកលើព្រៃឈើ តែងតែត្រូវបានបំពាន។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ទាំងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗធានាការពារសិទ្ធិរបស់ជនជាតិដើមភាគតិចក្នុងការទទួលបានដីប្រពៃណី ប៉ុន្តែការធានាបែបនេះត្រូវបានព្រងើយកន្តើយ ឬចៀសវាង។ មានឧទាហរណ៍ជាច្រើនស្ដីពីជនជាតិដើមភាគតិចត្រូវគេបោកបញ្ឆោតយកដីធ្លីរបស់ពួកគាត់ ដោយសារតែជនជាតិដើមភាគតិចជាច្រើនមានបទពិសោធន៍តិចតួច ឬគ្មានសោះពាក់ព័ន្ធកម្មសិទ្ធិឯកជន។

កញ្ញា ឡឹក ស្រីនាង វ័យ២៦ឆ្នាំ ជាមន្ត្រីគម្រោងនៅអង្គការជនជាតិដើមភាគតិចកម្ពុជា បានព្យាករថា សហគមន៍ជនជាតិព្នងរបស់កញ្ញានៅខេត្តមណ្ឌលគិរី នឹងត្រូវបង្ខំចិត្តងាកទៅប្រើប្រាស់ឱសថរបស់បស្ចិមប្រទេស នៅពេលព្រៃឈើរលាយបាត់អស់។

កញ្ញាបាននិយាយកាលពីថ្ងៃអង្គារថា “យើងរស់នៅតាមខេត្ត ដូច្នេះយើងស្គាល់ច្បាស់ពីរុក្ខជាតិនៅក្នុងព្រៃ ប៉ុន្តែធនធានធម្មជាតិទាំងនេះលែងមានទៀតហើយ។ កាលពីខ្ញុំនៅក្មេង ខ្ញុំដើរតាមផ្លូវពីសាលារៀនមកផ្ទះ មកចម្ការ ហើយឃើញសត្វព្រៃរត់តាមផ្លូវ។ ខ្ញុំមានអារម្មណ៍រីករាយស្រស់ស្រាយយ៉ាងខ្លាំងនៅក្នុងព្រៃ។ ពេលនេះវាប្រែប្រួលច្រើនណាស់សម្រាប់ពួកយើង”៕

ប្រភពៈ cambodiadailykhmer