មណ្ឌល​​​​ប្តូរ​​​និង​​​ពន្យារ​​​​​​បណ្ណ​​​​​​​បើកបរ​​​​បើកដំណើការនៅ​ផ្សារអ៊ីអន​

មណ្ឌលប្តូរនិងពន្យារបណ្ណបើកបរបានបើកដំណើរការនៅផ្សារទំនើបអ៊ីអនកាលពីថ្ងៃម្សិលមិញនៅក្នុងពិធីមួយក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ។ មណ្ឌលពន្យារប័ណ្ណបើកបរនៅជាន់ទីពីរនៃមណ្ឌលលក់ដូរនឹងចាប់បើកពីម៉ោង៩ព្រឹកដល់ម៉ោង១០យប់ ៧ថ្ងៃក្នុងមួយសប្តាហ៍ ហើយពន្យារនិងប្តូរបណ្ណបើកបររថយន្តនិងម៉ូតូក្នុងតម្លៃ៤០.០០០រៀលនិង ៣០.០០០រៀល ឬ១០ដុល្លារ និង៧.៥០ដុល្លារ។ ទោះជាមានទីតាំងរបស់ខ្លួននៅក្នុងក្រុងភ្នំពេញក៏ដោយ ក៏លោក ចាន់ថុល បាននិយាយថា មណ្ឌលនេះអាចជួយប្រជាជនមកពីគ្រប់ទីកន្លែងនៅក្នុងប្រទេសជៀសវាងការបង់លុយឲ្យអ្នករត់ការសម្រាប់សេវាបែបនេះ។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា “ប្រជាជននៅក្នុងខេត្តក្រុងទាំង២៥អាចមកប្តូរនិងពន្យារនៅមណ្ឌលនេះបាន”។ លោកបាននិយាយបន្ថែមថា ដំណើរការនេះប្រើពេលមិនដល់២០នាទីនោះទេ។ ទោះជាយ៉ាងនេះក្តី អតិថិជនដំបូងរបស់មណ្ឌលនេះបាននិយាយកាលពីម្សិញមិញថា ពួកគេពេញចិត្តណាស់នឹងប្រសិទ្ធភាពសេវានេះ។ លោក ផាត់ ស៊ូមី អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ដែលបានមកពន្យារប័ណ្ណបើកបរហួសសុពលភាពរបស់លោកបាននិយាយថា “សេវានេះ គឺរហ័សណាស់។ សេវានៅសាលាបើកបរគឺយឺតយ៉ាវណាស់ ធ្វើម្តងត្រូវចំណាយពេលយ៉ាងតិចមួយខែ ហើយគេទារពីខ្ញុំ៣០ដុល្លារទៀត”។ លោក ចាន់ តារា ប្រធាននាយកដ្ឋានសាធារណការនៃក្រសួងសាធារណការបាននិយាយថា អ្នកបើកបរដែលត្រូវពន្យារ ឬប្តូរបណ្ណបើកបររបស់គេ ត្រូវយកមកជាមួយនូវអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ បណ្ណបើកបរពេលបច្ចុប្បន្ន និងលិខិតបញ្ជាក់ពីសុខភាពដែលត្រូវបង់ប្រាក់តែ២,៥ដុល្លារប៉ុណ្ណោះ។ ទោះបីជាអភិបាលក្រុងភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសកាលពីខែមេសាថា មណ្ឌលនេះក៏នឹងអាចឲ្យអ្នកបើកបរចុះឈ្មោះសុំបណ្ណបើកបរ បណ្ណចុះបញ្ជីយានយន្ត និងស្លាកលេខក៏ដោយ ក៏លោក តារា បាននិយាយកាលពីម្សិលមិញថា មណ្ឌលនេះមិនផ្តល់សេវាដូច្នេះទេ។ លោកបាននិយាយថា “មិនមានសេវាផ្សេងក្រៅពីការប្តូរ ពន្យារ និងស្នើសុំបណ្ណបើកបរក្នុងករណីបាត់បណ្ណប៉ុណ្ណោះ”។ ក្នុងសន្និសីទកាសែតមួយក្រោយពីសម្ពោធមណ្ឌលនេះកាលពីម្សិលមិញ លោក ចាន់ថុល បានប្រកាសថា ក្រសួងសាធារណការមានគម្រោងនាំចូលរថយន្តពីរគ្រឿងពីប្រទេសកូរ៉េខាងត្បូងដែលបំពាក់ដោយបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យសុវត្ថិភាពយានយន្តតាមផ្លូវ។ លោកបាននិយាយថា “តាមខ្ញុំដឹង រថយន្តមួយគ្រឿងមានតម្លៃកន្លះលានដុល្លារ”៕ […]

The post មណ្ឌល​​​​ប្តូរ​​​និង​​​ពន្យារ​​​​​​បណ្ណ​​​​​​​បើកបរ​​​​បើកដំណើការនៅ​ផ្សារអ៊ីអន​ appeared first on The Cambodia Daily.