ទ្រាំលែងបានហើយ គិតពីសុខភាពខ្ញុំផង!

ខេត្តបន្ទាយ​មានជ័យ ៖ កសិដ្ឋាន​​ចិញ្ចឹម​ជ្រូក​​មួយ​កន្លែង និង​កសិដ្ឋាន​ចិញ្ចឹម​ទា​​​៣​កន្លែង ​ដែល​មាន​ម្ចាស់​ឈ្មោះ​ចៅ ឆុង និង២​​កន្លែង​ទៀត​ មានឈ្មោះ​ចាប ប៊ុ​ន​ហម ​និង​ឈ្មោះ​ឆ្លែ​ម ធា​រ៉ា មាន​១​កន្លែង ស្ថិតនៅ​ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ដែល​ប្រជា​ពល​រដ្ឋ​បានអះអាង​​ថា បើ​ទោះបីជា​ក្រុមការងារ​ខេត្ត​​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជា​ច្រើន​លើក​ តែ​ហាក់​គ្មាន​វិធានការ​សោះ ដែល​បង្ក​ឱ្យ​​ក្លិនស្អុយ​​អា​សោច៍​ ​មក​លើ​ពួក​គាត់ដដែល​ជា​ដដែល​នោះ ។​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា​ ​២០១៦ លោក​ឧត្តមសេនីយ៍ទោ ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ទៅ​ពិនិត្យ​មើល​​ដោយ​ផ្ទាល់​ តាម​បទបញ្ជា​របស់​​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ។ ​លោក​​ក៏​បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ស្រុក​មង្គល​បុ​​រី ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​រង​នូវ​ប៉ះពាល់​នេះ​ រួម​ទាំង​​ឱ្យ​​មានការ​ផ្តិត​មេដៃ​ផង​ដែរ​ ។

​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ចិញ្ចឹម​ទា ពួក​គាត់​​បាន​​និយាយ​ថា ការ​រស់នៅ​របស់​ពួក​គាត់​សព្វ​ថ្ងៃនេះ​ គឺ​ជួប​បញ្ហា​លំបាក​​យ៉ា​ង​ខ្លាំង ចំពោះ​ក្លិនស្អុយ​អាចម៍​ ។ ពិសេស​អាចម៍​ជ្រូក​នេះ​​តែ​ម្តង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​សុខភាព​របស់​ពួក​គាត់ ។​ ជា​មួយ​គ្នា​នោះ​​ដែរ ដោយសារ​តែ​ការ​រស់នៅ​ជួប​​ការ​លំបាក មាន​ប្រជាពលរដ្ឋ​មួយ​​ចំនួន ដែល​រស់នៅ​ក្បែរ​ក​សិ​ដ្ឋា​ន​ចិញ្ចឹម​ជ្រូក ចិញ្ចឹម​ទា​​នេះ  បាន​បង្ខំចិត្ត​លក់​ដីធ្លី ប្តូរ​ទីតាំង​រស់នៅ​ឲ្យ​ឆ្ងាយ ចំពោះ​ពួក​គាត់​ដែល​ស៊ូទ្រាំ​រស់នៅ​នេះ ក៏​ដោយសារ​តែ​ជីវភាព​របស់​ពួក​គាត់​មានការ​ខ្វះខាត​ក្រែង​លក់​ដី​នៅ​ទី​នេះ​ទៅ​​បាន​ថោក គ្មាន​លុយ​ប​ង្គ្រប់​រក​ទិញ​កន្លែង​ផ្សេង​ ដែល​មាន​តម្លៃ​ថ្លៃ ។

ដូច្នេះ ​ពួក​គាត់​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់​​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ពួក​គាត់​ផង និយាយ​នេះ​ មិនមែន​បំបិទ​មុខរបរ​គេ​​រកស៊ី​នោះ​ទេ តែ​សុំ​ឱ្យ​ប្តូរ​ទីតាំង​ កុំ​ចិញ្ចឹម​ក្នុងភូមិ​ដូច្នេះ ​។ ​ព្រោះ​ពួក​គាត់​រស់នៅ​ដេក​ហិតក្លិន​អាចម៍​ជ្រូក​​នេះ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ វា​ បង្ក​ឲ្យ​ប៉ះ​ពាក់​ដល់​សុខភាព​របស់​គាត់​និង​កូន​ៗ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង ។