ចាប់ពី​ខែសីហា ទឹកភ្លៀង​លិចលង់​នៅ​ភ្នំពេញ​នឹង​កាត់​បន្ថយ​ប្រមាណ​៧០%

រាជធានី​ភ្នំពេញ ​៖ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បានអោយ​ដឹង​ថា សង្ឃឹមថា ​ក្រោយ​ការ​សាងសង់​ស្ថានីយ៍​បូមទឹក​ទាំង​៣​កន្លែង​នៅ​ខែសីហា​ខាង​មុខ ទឹកនឹង​អាច​កាត់​បន្ថយ​ការ​លិចលង់​ប្រមាណ ៧០%​ ។

បើ​តាម​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី ក្រោយ​ពេល​ភ្លៀង​ធ្លាក់​រយៈពេល​២​ម៉ោង​១០​នាទី នា​រសៀល​ថ្ងៃ​ទី​១៦ មិថុនា ២០១៦​នេះ សង្កេត​ឃើ​ញ​ថា នៅ​ក្នុងភូមិ​សាស្ត្រ​១៤​កន្លែង​នៃ​ខណ្ឌ​ចំនួន​៤ ដែល​ធ្លាប់​លិចលង់​ធ្ងន់ធ្ងរ​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​កាត់​បន្ថយ​ការ​លិច​ទឹក​ចំនួន​១១​កន្លែង ឯ​៣​កន្លែង​កំពុង​អនុវត្ត​គម្រោង ។ ទីតាំង​១៤​កន្លែង​ដែល​ធ្លាប់​លិចលង់​ធ្ងន់ធ្ងរ​ជា​រៀង​រាល់​ឆ្នាំ​នា​ពេល​កន្លង​មក និង​ត្រូវ​បាន​កាត់​បន្ថយ​នោះ​រួម​មាន​ ៖

  1. -​តំបន់​មុខ​ព្រះ​បរមរាជវាំង ស្រក​អស់​ភ្លាម
  2. -​តំបន់​វិ​ថី​កម្ពុជា​ក្រោម ស្រក​អស់ ១០​នាទី​ក្រោយ​ភ្លៀង
  3. -​ផ្សារ​ទួល​ទំពូង​ស្រក​អស់​ភ្លាម
  4. -​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់​ស្រក​អស់​ភ្លាម
  5. -​តំបន់​ស្តុ​ប​ផ្សារ​ដេប៉ូ ស្រក​អស់ ១៥​នាទី​ក្រោយ​ភ្លៀង
  6. -​តំបន់​ផ្សារ​កណ្តាល ស្រក​អស់​១០​នាទី ក្រោយ​ភ្លៀង
  7. -​តំបន់​ជុំវិញ​វត្ត​ភ្នំ ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​៩០​មុខ​សាលា​ខណ្ឌដូនពេញ ផ្លូវ​លេខ​៩២​មុខ​សាន់​វេ ស្រក​អស់ ១៥​នាទី​ក្រោយ​ភ្លៀង
  8. -​ផ្លូវ​ម៉ៅ​សេ​ទុង​មុខ​ស្ថានទូត​ចិន ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង
  9. -​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោ​ល ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង
  10. -​ផ្លូវ សុខ ហុ​ក ផ្សារ​អូរ​ឫស្សី ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង
  11. -​ផ្លូវ​លេខ​១៦៣​ខាង​កើ​ត​ស្តា​ត រង្វង់​មូល​សំពៅ​មាស ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង
  12. -​តំបន់​ក្រោយ​វាំង​ផ្លូវ​លេខ​១៩ ទឹក​ស្រក​អស់​អាច​ប្រើ​ពេល ១​ម៉ោង ។ គម្រោង​នឹង​ដាក់​លូ​រំដោះ​ទឹក​ឆាប់​ៗ
  13. -​តំបន់​ផ្សារ​មាន់​អាំង វិទ្យាល័យ​ឥន្ទ្រ​ទេវី ទឹក​អាច​ស្រក​អស់​រយៈពេល ២០​នាទី​ទៀត​។
  14. -​មុខ​វត្ត​មហាមន្ត្រី​ស្រក​អស់​ភ្លាម ។

យ៉ាងណា​ក៍ដោយ​បើ​តាម​លោក សាំ ពិសិដ្ឋ ឆ្លង​តាម​ការ​វាយតម្លៃ​បណ្តាញ​លូ​ថ្មី​មាន​ប្រ​សិ​ទ្ឋិ​ភាព​ខ្ពស់ ប៉ុន្តែ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​នឹង​ធ្វើការ​កែ​លំអ​អណ្តូង​លូ បូម​ស្តា​រលាង​លូ និង​កាយ​សំរាម​មុខ​អណ្តូង​លូ​បន្ត​ទៀត ដោយ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​បញ្ចប់​ភាព​លិចលង់​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ពេល​ខាង​មុខ​៕