ក្តៅ ! ក្តៅ ! ប្រយ័ត្ន​ខាន​រកស៊ី

ខេត្តកណ្ដាល ៖ លោក ហេង ចាន់ធូ​ន អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ធ្វើការ​ព្រមាន​ធ្ងន់​ៗ​ទៅ​លើ​អាជីវកម្ម​ដឹក​ដី ដឹក​ខ្សាច់ ទាំងឡាយ​ណា​ដែល​មិន​គោរព​តាម​លក្ខខណ្ឌ​ច្បាប់​ផ្តល់​ឲ្យ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​សាធារណៈ និង​តម្រូវ​ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម​រយៈពេល​៥​ឆ្នាំ ។ ការ​ព្រមាន​បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ម្ចាស់​ការដ្ឋាន ដែល​ជា​អាជីវក​រដឹក​ដី ដឹក​ខ្សាច់ នៅ​ក្នុងស្រុក​កណ្តាលស្ទឹង កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សាលាស្រុក​កណ្តាលស្ទឹង ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ ស្រុក ខេត្ត និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

លោក ហេង ចាន់ធូ​ន មាន​ប្រសាសន៍​ថា កន្លង​មក​ក្រសួង​តែងតែបាន​ចុះ​ណែនាំ​ជា​រឿយ​ៗ​កុំ​ឲ្យ​អាជីវក​រដឹក​ដី ដឹក​ខ្សាច់​ធ្វើ​អាជីវកម្ម រក​ប្រាក់​ចំណេញ​ផ្ទាល់ខ្លួន នាំ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​សាធារណៈ ហើយ​ទោះជា​មានការ​ណែនាំ​ជា​រឿយ​ៗ​ដូច្នេះ​ក៏​ដោយ ក៏​នៅ​តែ​មាន​រថយន្ត​មួយ​ចំនួន ពិសេស​រថយន្ត​ពាក់​ស្លាក ខ​.​ម នៅ​តែ​បន្ត​ដឹក​ទាំងថ្ងៃទាំងយប់ ដឹក​លើស​ចំណុះ មិន​គ្រប ហៀរ​ធ្លាក់​តាម​ផ្លូវ​សាធារណៈ ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ។ លើស​ពី​នេះ​ទៀត ការ​ដឹក​លើស​ចំណុះ​បង្ក​ការ​ហុយ​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ និង​បាន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​សាធារណៈ នាំ​ឲ្យ​ខាតបង់​ដល់​ថវិការដ្ឋ ក្នុង​ការ​ជួល​ជុល​ផ្លូវ​ទាំងនោះ ។
លោក​អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បន្ថែម​ថា ក្នុង​នាម​ក្រសួង ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត មិនមែន​ចង់​ធ្វើការ​ផាកពិន័យ ឬ​បិទ​អាជីវកម្ម​ណាមួយ​នោះ​ទេ គឺ​គ្រាន់តែ​ចង់​ឲ្យ​អាជីវករ​ទាំងអស់​ត្រូវ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង ដើម្បី​បង្ក​លក្ខណៈ​ប្រសើរ​លើ​ផ្លូវ​សាធារណៈ​ប៉ុណ្ណោះ ហើយ​បើសិន​មិន​គោរព​តាម​គោលការណ៍​ណែនាំ​នោះ​ទេ ក្រសួង​នឹង​បិទ​អាជីវកម្ម​ដឹក​ដី ដឹក​ខ្សាច់​នោះ​មិន​ឲ្យ​ធ្វើ​អាជីវ​បន្ត​ទៀត​ឡើយ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក ខឹ​ម ច័ន្ទ​គិរី អភិបាលរង​ខេត្តកណ្តាល ក៏​បាន​បន្ថែម​ដែរ​ថា គោលបំណង​នៃ​ការ​ប្រជុំ អាជ្ញាធរ​ចង់​បានការ​សហការ​ល្អជា​មួយ​គ្នា​រវាង​អាជ្ញាធរ និង អាជីវករ​ធ្វើ​អាជីវកម្ម​ដឹក​ដី ដឹក​ខ្សាច់ ជា​ជាង​ការ​ផាកពិន័យ បណ្តាល​មក​ពី​ការ​មិន​គោរព​គោលការណ៍ ដូច​ជា​ការ​ដឹក​លើស​ចំណុះ ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ រថយន្ត​មិន​មាន​បច្ចេកទេស​រថយន្ត​ត្រឹមត្រូវ​ជាដើម ។ លោក​បន្ត​ថា អាជ្ញាធរ​មិន​ចង់បាន​លុយ​ផាកពិន័យ​នោះ​ទេ ដូច្នេះ​បងប្អូន​អាជីវករ​ត្រូវ​តែ​មានការ​ភ្ញាក់រលឹក សហការ​ជាមួយ​អាជ្ញាធរ គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង ដើម្បី​ធ្វើ​អាជីវកម្ម​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ ។ ក្នុង​មួយ​ឆ្នាំ រដ្ឋ​ត្រូវការ​ចំណាយ​ជាង​១០០​លាន​ដុល្លារ​ដើម្បី​ជួសជុល​ផ្លូវ និង ស្ពាន ដូច្នេះ​បើ​យើង​ចូលរួម​ជួយ​ការពារ​កុំ​ឲ្យ​ខូច​ផ្លូវ ខូច​ស្ពាន ហើយ​យក​លុយ​ទៅ​ពង្រឹង​ធនធានមនុស្ស​វិញ​នោះ កម្ពុជា​នឹង​រីក​ចម្រើន​ឆាប់រហ័ស ។

លោក សៅ សុធា តំណាង​ឱ្យ​ម្ចាស់​ការដ្ឋាន​ធ្វើ​អា​ជី​កម្ម​ដី និង​ខ្សាច់ ក្នុងស្រុក​កណ្តាលស្ទឹង បាន​និយាយ​ថា លោក​នឹង​ទទួលយក​នូវ​ចំណាត់ការ និង ការ​ណែនាំ​របស់​ក្រសួង ហើយ​ក៏​សូម​ឱ្យ​បងប្អូន​ទាំងអស់​រួម​គ្នា​គោរព​ឱ្យ​បាន​ទាំងអស់​គ្នា​ផង​ដែរ ៕