ទី​ក្រុង​ Orlando កើត​​រឿងរន្ធត់​3​​ផ្ទួន​ៗត្រឹម​​​​១​​អាទិត្យ​​​គត់ ​ ​

​មានរឿង​ដ៏​គួរ​ឱ្យ​រន្ធត់​ចំនួន​៣ករណី​​កើតឡើង​ជាប់​ៗ​​គ្នា ​ក្នុងទីក្រុង​ Orlando ​នៃ​សហរដ្ឋអាមេរិក​ គឺជា​ទីក្រុង​ដែល​គ្រប់​គ្នា​ដឹង​ថា ​ជា​កន្លែង​សុខ​មាន​សុវត្ថិភាព​មួយ​​នៅ​ក្នុង​ប្រទេស ​។ តែ​​គ្រាន់តែ​៦​ថ្ងៃ​​សោះ គេ​ឃើញ​​មាន​​រឿង​សោក​ស​ង្រែ​ង​ចំនួន​៣​​ផ្ទួន​ៗ​ទៅហើយ ​។

១-ការ​បាញ់ប្រហារ​យ៉ាង​រង្គាល ​នៅ​ក្នុង​ក្លិប​រា​ត្រី ​សម្រាប់​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ៖ កាលពី​ថ្ងៃ​សៅរ៍ ទី​១១ ​មិថុនា ឆ្នាំ​២០១៦ កន្លង​​ទៅ​នេះ មាន​ហេតុការណ៍​បាញ់ប្រហារ​យ៉ាង​រង្គាល​មួយ​បាន​កើតឡើង នៅ​ក្នុង​ក្លិបរា​ត្រី សម្រាប់​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​មួយ​កន្លែង ក្នុង​ទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក ដែល​បាន​បង្ក​ឡើង​ដោយ ខ្មាន់​កាំភ្លើង​តែ​ម្នាក់​​ប៉ុណ្ណោះ បណ្តាល​​ឱ្យ​​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់ និង​រង​របួស ។

ខ្មាន់​​កាំភ្លើង​រូប​នោះ​ ឈ្មោះ​ Omar Mateen អាយុ​២៩​ឆ្នាំ បាន​បើក​ការ​បាញ់ប្រហារ​ដ៏​សាហាវ​មួយនៅ​ក្នុង​ក្លិប​រា​ត្រី សម្រាប់​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​មួយ​កន្លែង កាលពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ (​ម៉ោង​ក្នុង​តំបន់​) បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៥០​នាក់​ស្លាប់ និង​រង​របួស ចំនួន​៥៣​នាក់​ផ្សេង​ទៀត ​។

២-ការ​បាញ់​សម្លាប់ តារាចំរៀង The Voice ៖ កាលពី​ថ្ងៃសុក្រ ត្រូវ​នឹង​ថ្ងៃ​ទី១០ មិថុនា អតីត​បេក្ខជន The Voice នាង​Christina Grimmie ក៏​ត្រូវ​ជន​ដៃដល់​ម្នាក់​ឈ្មោះ  Kevin James Loibl បាញ់​សម្លាប់ ក្នុង​ពេល​នាង​កំពុង​តែ​ធ្វើការ​ចុះហត្ថ​លេខា​ឱ្យ​​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង ​នៅ​ការ​ប្រគំ​ត​ន្រី្ត​មួយ​នៅ​ទីក្រុង​ដដែល​ ។

ជនសង្ស័យ​រូប​នេះ ​បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​ខ្លួន​នៅ St Petersburg មក​កន្លែង​ប្រគំ​តន្ដ្រី​របស់​នាង Christina Grimmie ដែល​ជាអតីត​បេក្ខ​​នារី​ជាប់​ក្នុង​កម្មវិធី The Voice ​​ជាមួយនឹង​កាំភ្លើង​ដៃ​២​​ដើម និង​កាំបិត ​។ បើ​តាម​សាក្សី​នៅ​ដែល​កន្លែង​កើតហេតុ នាង Destiny Rivera អាយុ២០​ឆ្នាំ បាន​ប្រាប់​ឱ្យដឹង​ថា នាង​កំពុង​តែ​ឈរ​​ពីក្រោយ​ឃាតករ​​នោះ ខណៈ​ដែល​ឃាតករបាន​ដើរ​
សំដៅ​ទៅ​រក Grimmie នៅ​កន្លែង​តុ​ជួប​អ្នកគាំទ្រ​ ។

នាង​បន្ដ​ឲ្យ​ដឹង​ថា Grimmie បាន​ឈរ​រង់ចាំ និង​បើកដៃ​រក​អោប​បុរស​​ជា​ឃាតករ​នេះ មុន​នឹង​ឃាតករ​នេះ ​បាញ់​សម្លាប់​នាង​ ។ នៅ​ក្នុង​នោះ​ បាន​ឱ្យ​ដឹង​ថា Grimmie មាន​ឈាម​ហូរ​ជា​ច្រើន​ចេញពី​ក្បាល និង​ដើមទ្រូង មុន​នឹង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ខណៈ​ដែល​​ឃាតករ​បាន​បាញ់​សម្លាប់​ខ្លួនឯង និង​មិន​បាន​បង្ក​ឲ្យ​អ្នក​ផ្សេង​ទៀត​រង​របួស​នោះ​ទេ​ ។

៣-ការ​ស្លាប់​របស់​ក្មេង​ប្រុស​ម្នាក់​នៅ Disney Hotel ៖ ក្មេង​ប្រុស​អាយុ​២​ឆ្ឋាំ​ម្នាក់ ​ត្រូវ​បាន​ស្លាប់​ដោយសារ​សត្វ​ក្រពើ​វាយ​ប្រហារ​​នៅ​សណ្ឋាគារ Disney នៅ​ទីក្រុង​ដដែល​ដូច​​ខាង​លើ​ ។ ការ​វាយប្រហារ​នោះ​ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​អង្គារ​ (​ម៉ោង​តំបន់​)​ខណៈ​ពេល​ដែល​រូបគេ​កំពុង​នៅ​ជិត​អាង​ទឹក ​ដែល​មាន​ក្រពើ​នោះ​ ។ នៅ​ពេល​ភ្លាម​ៗ​នោះ គេ​មិន​ទាន់​ហ៊ាន​ថា​ ក្មេង​នោះ​ស្លាប់​ ឬ​នៅរស់ទេ​​ ទើបតែ​ពេល​ព្រឹក​ ទើប​មាន​ដំណឹង​ថា ក្មេង​នោះ​បាន​ស្លាប់​​ទៅ​ហើយ​។