២០នាក់ បានទទួលវិញ្ញាបនប័ត្រ ជាគ្រូបង្វឹកកីឡាវាយសីកម្រិត១

សិក្ខាកាមចំនួន២០នាក់ ត្រូវបានគេរំពឹងថា នឹងនាំយកបទពិសោធ និងចំណេះដឹង ដែលពួកគេទទួលបានពីគ្រូជំនាញមកពីម៉ាឡេស៊ី ក្នុងវគ្គសិសក្សាគ្រូកីឡាវាយសីកម្រិត១(BWF Badminton Coach Level 1 Course) ទៅបណ្តុះបណ្តាលដល់ក្មេងៗជាអត្តពលិកកីឡាវាយសី នៅតាមខេត្តក្រុង នាពេលអនាគត បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា និងទទួលវិញ្ញាបនប័ត្រ លើជំនាញនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

mm3

ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាមទាំង២០នាក់ ត្រូវបានធ្វើឡើងក្រោមការអធិតីភាព លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នកីឡាក្រសួងអប់រំយុវជន និងកីឡា និងមន្ត្រីរបស់ NOCC ផងដែរ។

mm2

លោក លី កុសល បានថ្លែងនៅក្នុងពិធីបិទវគ្គនោះថា៖«វគ្គសក្សានេះ បង្រៀនដោយគ្រូជំនាញមកពីប្រទេសម៉ាឡេស៊ី គឺលោក Sam Banthan ដែលមានទួនាទីជាមន្ត្រីអភិវឌ្ឍន៍របស់សហព័ន្ធកីឡាវាយសីអាស៊ី ហើយគាត់ក៏ជាអ្នកសម្របសម្រួលរបស់សហព័ន្ធកីឡាវាយសីពិភពលោកផងដែរ។

mm1

ក្នុងនាមជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ខ្ញុំសូមកោតសរសើរចំពោះសិក្ខាកាម និងមន្ត្រីសហព័ន្ធទាំងអស់ ដែលប្រឹងប្រែងទំនាក់ទំនងជាមួយដៃគូអន្តរជាតិក្នុងការបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលបែបនេះ ហើយសង្ឃឹមថា សិក្ខាកាមរបស់យើង នឹងយកចំណេះដឹងទាំងនេះទៅជួយបណ្តុះបណ្តាលក្មេងៗជំនានក្រោយ បន្តទៀត»។

គួរបញ្ជាក់ថា សិក្ខាកាមទាំង២០នាក់ ដែលបានចូលរួមសិក្សាវគ្គគ្រូបង្វឹកកីឡាវាយសីនេះ មាន១នាក់មកពីប្រទេសវៀតណាម ក្រៅពីនោះកីឡាករ គ្រូបង្វឹក នៅតាមក្លិប-សមាគមផ្សេងៗទៀតមកពី២៥ខេត្ត-ក្រុង រួមមានខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង សហព័ន្ធកីឡាវាយសីកម្ពុជា ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ក្លិបមុនិឋាបនា ក្លិបត្រពាំងស្រែ សាលានាយទាហានសកម្ម ក្លិបខេមរៈ ខេត្តព្រៃវែង ខេត្តរតនគីរី ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងសាលារៀនចំនួន ៤ក្នុងរាជធានីភ្នំពេញ។

លោក Sam Buanthan គ្រូឧទ្ទេស ក្នុងវគ្គនេះ បានថ្លែងថា ការសិក្សារយៈពេល១១ថ្ងៃនេះគឺផ្តោតទៅលើរបៀបបង្ហាញធ្វើផែនការហ្វឹកហាត់ ការយល់ដឹងពីចិត្តសាស្ត្រកីឡា និងការធ្វើតេស្តជាក់ស្ដែងនៅលើទីលានផ្ទាល់ ហើយតាមរយៈការសិក្សា និងអនុវត្តនៅលើទីលាននេះ យើងបានវាយតម្លៃជារួមមួយទៅលើសិក្ខាកាមទាំង២០នាក់ ដោយក្នុងនោះសិក្ខាកាមចំនួន៣០ភាគរយបានទទួលលទ្ធផលល្អ ឯ២០ភាគរយ បានលទ្ធផលមធ្យម និង ៥០ភាគរយបានលទ្ធផលបឋម៕