រឿងក្ដី​ឃាតកម្ម​សម្លាប់​រង្គាល​នៅ​ហាង​កាហ្វេ​បុប្ផា​កំពូលភ្នំ ឡើងដល់​តុលាការ​កំពូល​

រឿងក្ដី​ឃាតកម្ម​សម្លាប់​រង្គាល​នៅ​ហាង​កាហ្វេ​បុប្ផា​កំពូលភ្នំ ឡើងដល់​តុលាការ​កំពូល​



ភ្នំពេញ ​៖ ​រឿងក្ដី​ឃាតកម្ម​ប្លន់​សម្លាប់​ដ៏​សាហាវ​មួយ​នៅ​ក្នុង​ហាង​កាហ្វេ​បុប្ផា​កំពូល​ភ្នំ ក្រុង​តាខ្មៅ កាលពី​ឆ្នាំ​២០១០ ​ដែល​ក្រុម​ជនល្មើស​៣​នាក់​ បាន​បាញ់​សម្លាប់​មនុស្ស​៣​នាក់ ឥឡូវនេះ​បាន​ដំណើរការ​នីតិវិធី​ដល់​តុលាការ​កំពូល​ហើយ។

មន្ត្រី​តុលាការ​កំពូល បាន​ឲ្យ​ដឹង​ថា រឿងក្ដី​នេះ​នឹង​ត្រូវ​តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​សាជាថ្មី នៅ​ថ្ងៃទី​២០ ខែមិថុនា ខាងមុខនេះ។

មន្ត្រី​ដដែល បញ្ជាក់ថា ជនជាប់ចោទ​៣​នាក់ មានឈ្មោះ ប៊ុន វុត្ថា អាយុ​២៣​ឆ្នាំ ឈ្មោះ សុខ សេង ហៅ សេង តុង អាយុ​៤៤​ឆ្នាំ និង ឈ្មោះ តន់ សា​រុំ អាយុ​៣១​ឆ្នាំ ត្រូវបាន​សាលាដំបូង​ខេត្តកណ្ដាល និង សាលាឧទ្ធរណ៍ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១០ នៅ​ចំណុច​ហាង​កាហ្វេ​បុប្ផា​កំពូលភ្នំ ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ។

គួររំលឹកថា កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១០ មាន​អំពើ​ឃាតកម្ម​មួយ​កើតឡើង នៅ​ចំណុច​ផ្ទះ​ហាង​លក់​បាយ​កាហ្វេ​យីហោ “​បុប្ផា​កំពូលភ្នំ​” ស្ថិតនៅ​ខាងលិច​រង្វង់​មូល លោកតា​ម៉ៅ ក្រុង​តាខ្មៅ ប្រព្រឹត្ត​ដោយ ជនជាប់ចោទ​៣​នាក់ ឈ្មោះ សុខ សេង ហៅ សេង តុង ឈ្មោះ តន់ សា​រុំ និង ឈ្មោះ​ប៊ុន វុត្ថា។ ក្នុង​សកម្មភាព​នេះ ជនជាប់ចោទ​បាន​សម្លាប់​មនុស្ស​៣​នាក់​រួមមាន ម្ចាស់​ហាង ឈ្មោះ​សុខ ភេទ​ស្រី អាយុ ៤៨​ឆ្នាំ ម្ចាស់​ហាង​ និង​ជា​បងប្អូន​ជីដូនមួយ​របស់​ជនជាប់ចោទ សុខ សេង កូនស្រី​ម្ចាស់​ហាង​ឈ្មោះ​ប៉ាច ស្រី​នី អាយុ ២៤​ឆ្នាំ និង​អ្នកបម្រើ​ម្នាក់ទៀត​អាយុ ១៥​ឆ្នាំ។

ជនជាប់ចោទ​សុខ សេង រៀបរាប់ថា មូល​ហេតុដែល​កើតឡើង​ដោយសារ​ប្រាក់​២០០០​ដុល្លារ ពោល​គឺ​នៅ​យប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១០ រូបគេ និង​បក្ខពួក បានធ្វើ​ដំណើរ​ទៅផ្ទះ​ស្ត្រី​រងគ្រោះ​។ ពេល​ទៅដល់​ពួកគេ​លួច​ចូល​តាម​ទ្វារ ក្រោយ រួច​ចាប់​ភ្ជង់​មនុស្ស​នៅក្នុង​ផ្ទះ​។ ភ្លាមនោះ​ស្ត្រី​ឈ្មោះ​សុខ បាន​យក​ប្រាក់​៦០​ម៉ឺន រៀល​ប្រគល់​ឲ្យ​ពួកគេ​។ ប៉ុន្តែ​ជនល្មើស​ត្រូវការ​ប្រាក់​ចំនួន​២០០០​ដុល្លារ​។
នៅ​ពេល​ស្ត្រី​រង គ្រោះ​ប្រកែក​ថា​មិនមាន ជនល្មើស​បាន​បញ្ជា​ឲ្យ​ដោះ ចិញ្ចៀន ខ្សែក ពាក់​ជាប់​ខ្លួន​ប្រគល់​ឲ្យ​ពួកគេ​។ ក្រោយពេល​បាន​គ្រឿងអលង្ការរួច ជនល្មើស​សុខ សេង​បាន គំរាម​ឲ្យ​ជនរងគ្រោះ​ទាំងបី​នាក់ ឡើងលើ​គ្រែ​ដេក​ផ្គាប់​មុខ​ទាំងអស់គ្នា រួច​ជនល្មើស​បាញ់​ចំ ក្បាល​ម្នាក់​មួយគ្រា​ប់​ស្លាប់​មួយ​រំពេច ហើយ​ប្រញាប់​គេចខ្លួន​តែម្តង។

ជនល្មើស​បន្តទៀតថា ក្រោយពី​ខ្លួន​ចេញពី​ពន្ធនាគារ​បាន​៣​ខែ ពោល​គឺ​នៅ​យប់​ថ្ងៃ ទី​១៤ ខែមិថុនា ឆ្នាំ​២០១០ ខ្លួន​និង​ឈ្មោះ​ប៊ុន វុត្ថា បាន​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​នៅ​ភូមិ​វាល​ពង់​លើ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បណ្ដាល​ឲ្យ​ប្តី​ប្រពន្ធ ​និង​ចៅ​ម្នាក់​បាត់បង់​ជីវិត៕