ហ្វូងគោ​វាយលុក​ចូល​កាន់កាប់​បេន​រថយន្ត​និង​រង្វង់​មូល​បាន​ទាំងស្រុង​ហើយ

ហ្វូងគោ​វាយលុក​ចូល​កាន់កាប់​បេន​រថយន្ត​និង​រង្វង់​មូល​បាន​ទាំងស្រុង​ហើយ



ខេត្តឧត្តរមានជ័យ ៖ រង្វង់​មូល និង​ចំណតរថយន្ត​ក្រុង​ក្នុង​ទីប្រជុំជន​ស្រុក​ត្រពាំង​ប្រាសាទ ត្រូវ​បាន​ហ្វូងគោ​វាយលុក​ដណ្តើម​កាន់កាប់​ពី​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច បាន​ទាំងស្រុង​ហើយ​នៅ​ពេល​នេះ ដើម្បី​ធ្វើ​ជា​កន្លែង​សម្រាប់
ដេក​ដើរ​ជា​អចិន្ត្រៃយ៍ ។ ការ​បណ្តែតបណ្តោយ​ឱ្យ​ហ្វូងគោ​ដើរ​យ៉ា​ង​អនាធិបតេយ្យ​បែប​នេះ ងាយ​បង្ក​កើត​មាន​គ្រោះថ្នាក់​ដល់​មហាជន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ចំណុច​នេះ​ខ្លាំង​ណាស់ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ក្នុងស្រុក​ត្រពាំង​ប្រាសាទ បាន​សំណូមពរ​ដល់​លោក នៅ សំ​ដា​រ៉ា​រិ​ទ្ធ អភិបាលស្រុក​ត្រពាំង​ប្រាសាទ លោក​វរសេនីយ៍ត្រី អ៊ិ​ន កាយ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ជួយ​វាយ​រំដោះ​ទីតាំង​ខាងលើ​នោះ​យក​មក​វិញ ពីព្រោះ​ការ​ទុក​ឱ្យ​មាន​សភាព​បែប​នេះ អាច​នឹង​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ចំណុច​នេះ​ជាយថាហេតុ​។ ប្រជាពលរដ្ឋ​និយាយ​ថា ហ្វូងគោ​ទាំងនេះ​មាន​ច្រើន​ម្ចាស់ ដែល​គេ​លែង​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ចុះ​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់ ឬ​មាន​វិធានការ​ចំពោះ​ពួក​វា​ទាំងនោះ​ឡើយ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា មិន​ថា​តែ​នៅ​ក្នុង​ផ្សារ​ប៉ុណ្ណោះ​ទេ ដែល​រង​ការ​រំខាន​ពី​សត្វ​គោ គឺ​នៅ​ទូ​ទាំង​ទីរួមស្រុក​ត្រពាំង​ប្រាសាទ​ទាំងមូល សូ​ម្បី​តែ​នៅ​រង្វង់​មូល​ស្រុក​ត្រពាំង​ប្រាសាទ និង​ចំណតរថយន្ត​ក្រុង ក៏​ហ្វូងគោ​ទាំងនោះ​បាន​យាយី វាយលុក​យក​ទីតាំង​ធ្វើ​ជា​ក្រោល​សំចត​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ ។ លើស​ពី​នេះ ហ្វូងគោ​ទាំងនេះ​ក៏​បាន​បង្ក​ការ​រំខាន​ដល់​តូប​លក់ដូរ​របស់​អ្នកផ្សារ តាម​រយៈ​ការ​ជុះអាចម៍​នៅ​ពាល​វាល​ពាស​កាល ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ និង​ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ទៀត​ផង ។

ពលរដ្ឋ​ខ្លះ​បាន​ស្គាល់​ម្ចាស់​ដោយ​ប្រាប់​ថា ម្ចាស់​គោ​ម្នាក់ ដែល​មានផ្ទះ​នៅ​ខាងកើត​រង្វង់​មូល​ស្រុក​ត្រពាំង​ប្រាសាទ​នេះ គ្រាន់តែ​មួយ​ម្ចាស់​មាន​គោ​ចំនួន​៧០​ក្បាល​ទៅ​ហើយ​តែ​គោ​ដ៏​ច្រើន​សន្ធឹក​នេះ​មិនមែន​មាន​ត្រឹមតែ​មួយ​ម្ចាស់​ឯណា គឺ​មាន​ច្រើន​ម្ចាស់ ក្នុង​នោះ​ក៏​មាន​គោ​របស់​លោក​មេ​ភូមិ​ត្រពាំង​ប្រាសាទ​ផង​ដែរ ។

កន្លង​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ដល់​អាជ្ញាធរ ហើយ​អាជ្ញាធរ​ស្រុក​ក៏​បាន​ហៅ​ម្ចាស់​គោ​ទៅ​ធ្វើការ​អប់រំ​ឱ្យ​មានការ​គ្រប់គ្រង​សត្វ​ចិញ្ចឹម​បាន​ត្រឹមត្រូវ ដោយនៅ​ពេល​យប់​ត្រូវ​កៀងគោ​ចូល​ក្រោល ហើយ​នៅ​ពេល​ថ្ងៃ​មាន​អ្នក​ឃ្វាល​កុំឱ្យ​ចូល​ទៅ​ក្នុង​ផ្សារ ដើរ​ពាស​វាល​នៅ​រង្វង់​មូល ។ ប៉ុន្តែ​វិធានការ​នេះ​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ឃើញ​មាន​ហ្វូងគោ​ដេក និង​ដើរ​ប្រសាច​ពេញ​ផ្លូវ​ពិសេស​នៅ​រង្វង់​មូល និង​ក្នុង​ផ្សារ​ស្រុក​ត្រពាំង​ប្រាសាទ​កាន់តែ​ច្រើន​ជាង​មុន រំខាន​ដល់​ការ​រស់នៅ​ទាំង​យប់​ទាំង​ថ្ងៃ​ដដែល ។

ភ្នាក់ងារអ្នកយកព័ត៌មានកោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក​អភិបាលស្រុក និង​លោក​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​ដែរ តែ​ពុំ​អាច​ទាក់ទង​បាន ៕