សិប្បកម្ម​គ្មាន​អនាម័យ ដកហូត​ប្រហិត​ត្រី​ជិត​2​ពាន់​គីឡូក្រាម

សិប្បកម្ម​គ្មាន​អនាម័យ ដកហូត​ប្រហិត​ត្រី​ជិត​2​ពាន់​គីឡូក្រាម



រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត​សាច់​ប្រហិត​មួយ​កន្លែង ដែល​បាន​រក្សា​ទុក​សាច់​ត្រី​ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​អនាម័យ​ត្រឹមត្រូវ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើការ​ដកហូត​បាន​សាច់​ប្រហិត​ចំនួន​៣៣​បាវ មាន​ទម្ងន់​ជិត​២​ពាន់​គីឡូក្រាម ព្រមទាំង​គ្រឿងទេស​ជា​ច្រើន​ទៀត និង​បាន​នាំ​ម្ចាស់​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ ។

ការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ដែល​សិប្បកម្ម​ផលិត​ប្រហិត​ខាងលើ​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ម្ចាស់​ឈ្មោះ ឆ​លី អាន អាយុ​២៦​ឆ្នាំ​។ មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ខណៈនោះ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ប្រហិត​ត្រី​ចំនួន​៣៣​បាវ​មាន​ទម្ងន់​១.៧៤៩​គីឡូក្រាម ដែល​ប្រហិត​ទាំងនេះ​បាន​ចម្អិន​រួច​ហើយ ។

ក្រៅពី​នេះ បាន​ដកហូត​គ្រឿងទេស​មួយ​ចំនួន​ទៀត​មាន​ដូច​ជា ម្សៅ​មី និង​ម្សៅ​ឆា​ចំនួន​២០២​បាវ ខ្ទឹមស​ចំនួន​៧៣​បាវ ប៊ី​ចេ​ង​ចំនួន​៩​បាវ ម្សៅ​ស្វិត​ចំនួន​៥៨​បាវ ម្សៅ​រ៉​ត​ឌី​ចំនួន​២៣​បាវ ម្រេច​ចំនួន​៩​បាវ និង​ម្សៅ​សម្រាប់​ដាក់​ឲ្យ​ប្រហិត​មាន​រសជាតិ​ឆ្ងាញ់​ចំនួន​៤​កញ្ចប់ ។

ប្រភព​ដដែល​បន្ត​ថា ទីតាំង​សិប្បកម្ម​ផលិត​ប្រហិត​មួយ​នេះ​បាន​ដំណើរការ​យូរហើយ ហើយ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ដឹក​ជញ្ជូន​និង​រក្សា​ទុក​សាច់​ខុស​លក្ខណៈ​បច្ចេកទេស​និង​គ្មាន​អនាម័យ​ត្រឹមត្រូវ​ឡើយ ។ បន្ទាប់​ពី​រក​ឃើញ​បែប​នេះ ទើប​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​ដកហូត​។ ប្រតិបត្តិការ​នា​ពេល​នោះ ក៏​មានការ​សម្របសម្រួល​ពី​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​នគរបាល​ប៉ុស្តិ៍​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយឡែក ម្ចាស់​សិប្បកម្ម​បាន​សម្ដែង​ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់​កម្លាំង​នគរបាល​ខាងលើ និង​និយាយ​ថា សិប្បកម្ម​របស់​ខ្លួន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ មិនមែន​ដំណើរការ​អត់​ច្បាប់​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​មិនសូវ​មាន​អនាម័យ​តែ​ប៉ុណ្ណោះ គួរ​មានការ​ណែនាំ​មិន​ត្រូវ​ចាប់​យក​ឡើយ ៕