ចោរស្រី​យួន ​ជាប់អន្ទាក់​នៅ​ស្រុក​ខ្មែរ

ខេត្ត​ត្បូងឃ្មុំ ៖ ចោរ​ស្រី​ជើងឆើត​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​បន្លំ​យក​ខ្សែ​ក​មាស​ទម្ងន់​៥​ជី​ហើយ​ប្តូរ​ខ្សែ​ក​កាឡៃ​ទៅ​ឲ្យ​ម្ចាស់​ហាង​វិញ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង ។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ មាង ធី​ខា អាយុ​៤២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សា​បូ​ង ឃុំ​ឃិ​ន​ធិ​ន ស្រុក​តៃ​និ​ញ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម បាន​មក​រស់នៅ​ភូមិ​ក្តារ ក្នុង​ខេត្តកំពង់ឆ្នាំង ប្រទេស​កម្ពុជា ដោយ​បាន​មក​ធ្វើ​សកម្មភាព​របៀប​សួរនាំ​រក​ទិញ​ខ្សែ​ក​មាស​១​ខ្សែ​ពី​ហាង​ប្តូរ​ប្រាក់ និង​លក់​គ្រឿងអលង្ការ​ដែល​មាន​ម្ចាស់​ឈ្មោះ ឆាយ ហុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ តាំង យូ​ហៀ​ក អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​សួង​លិច សង្កាត់​សួង គឺ​បាន​សុំ​យក​ខ្សែ​ក​មាស​១​ខ្សែ​ទង្ង​ន់​៥​ជី​មក​មើល ។ ពេល​ដែល​ប្រពន្ធ​ម្ចាស់​ហាង​បាន​ឲ្យ​ខ្សែ​កមក​ឲ្យ​ចោរ​ស្រី​នេះ​មើល កាន់​ចុះ​កាន់​ឡើង​ពិនិត្យ​បាន​បន្តិច​ក៏​បន្លំ​ប្តូរ​យក​ខ្សែ​ក​មាស​ពិត​ទៅ​ដាក់​ក្នុង​កាបូប​របស់​ខ្លួន ហើយ​ប្រគល់​ខ្សែ​ក​កាឡៃ​ឲ្យ​ទៅ​ម្ចាស់​ហាង​វិញ ដោយ​មិន​បាន​ទិញ​នោះ​ទេ ដោយសារ​តថ្លៃ​ខុស​តម្លៃ ក៏​បាន​ដើរ​ចេញ​ទៅ​ទាំង​ប្រញាប់ តែ​ម្ចាស់​ហាង​ដឹង​ថា​ខ្សែ​ក​ដែល​ទទួល​បាន​មក​វិញ​នោះ​ជា​កាឡៃ ក៏​រាយការណ៍​ទៅ​កម្លាំង​នគរបាល​ក្បែរ​នោះ​ជា​បន្ទាន់ និង​បាន​អន្តរាគមន៍​ទាន់​ពេលវេលា តាម​ចាប់​បាន​ជនសង្ស័យ​ជា​ចោរ​ស្រី​ជើងឆើត​ជនជាតិ​វៀតណាម ហើយ​ដកហូត​បាន​ខ្សែ​ក​មាស​១​ខ្សែ​ទង្ង​ន់​៥​ជី​យក​មក​ប្រគល់​ឲ្យ​ម្ចាស់​ហាង​វិញ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង​ដើ​ម្បើ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕