ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​និង​សហគមន៍​កសិករ​បារម្ភ​ខ្លាច​បាត់បង់​ទីផ្សារ​សហភាព​អឺរ៉ុប

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកមិនខ្លាចការគំរាមផ្ដាច់ជំនួយរបស់បរទេសឡើយ ព្រោះវានឹងមិនធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាលរបស់លោកនោះទេ។ ទោះបីជាលោកមិនបាននិយាយចំៗថា រដ្ឋាភិបាលបរទេសមួយណាក្ដី ក៏គេដឹងជាទូទៅថា លោកសំដៅដល់សហភាពអឺរ៉ុប។ ករណីនេះ ក្រុមហ៊ុននាំអង្ករ និងកសិករយល់ថា ការលើកឡើងនេះ អាចនឹងប៉ះពាល់ដល់ទីផ្សារអង្កររបស់កម្ពុជា។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​និង​សហគមន៍​កសិករ​បារម្ភ​ខ្លាច​បាត់បង់​ទីផ្សារ​សហភាព​អឺរ៉ុប

ក្រុមហ៊ុននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ និងសហគមន៍កសិករ ចាត់ទុកសហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញអង្ករដ៏សំខាន់របស់កម្ពុជា។ ទន្ទឹមគ្នានេះ ក្រុមហ៊ុននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងសហគមន៍កសិករយល់ថា ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងប៉ះពាល់ដល់ទីផ្សារនាំចេញអង្កររបស់កម្ពុជា ស្របពេលដែលវិស័យស្រូវអង្ករកម្ពុជា កំពុងមានវិបត្តិ។

ករណីនេះ តំណាងសហគមន៍កសិករ និងជាតំណាងកសិករឆ្នើមទូទាំងប្រទេស លោក ស៊ឹម រ៉ុម យល់ថា ក្រោយមានការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាងថា លោកមិនខ្លាចការគំរាមផ្ដាច់ជំនួយរបស់បរទេស ព្រោះវានឹងមិនប៉ះពាល់ដល់រដ្ឋាភិបាលរបស់លោកនោះ គឺជាការបង្ហាញពីការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះកសិករកម្ពុជា។ លោកថា កន្លងមក សហភាពអឺរ៉ុប បានផ្តល់ជំនួយជាច្រើនដូចជា ថវិកា ធនធាន និងបច្ចេកទេសកសិកម្មដល់កសិករកម្ពុជា តាមរយៈអង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជំរុញឲ្យការផលិតស្រូវអង្កររបស់កម្ពុជា កាន់តែមានគុណភាពប្រសើរឡើង។

តំណាងសហគមន៍កសិកររូបនេះ ស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បញ្ចប់បញ្ហានយោបាយដែលកំពុងតែតានតឹងជាបន្ទាន់ ហើយគួរងាកមកជំរុញវិស័យកសិកម្មកម្ពុជា ឲ្យកាន់តែប្រសើរឡើងវិញ៖ «បើតាមខ្ញុំយល់រឿងផ្តាច់ជំនួយ វាមិនប៉ះពាល់តែគ្រួសារគាត់ និងអ្នកមាននៅទីក្រុងភ្នំពេញនោះទេ គឺវាប៉ះពាល់ខ្លាំងតែពលរដ្ឋជាកសិករ ព្រោះអង្គការក្រៅរដ្ឋាភិបាលគាត់បានជំនួយពីសហភាពអឺរ៉ុប មកបណ្តុះបណ្តាលបច្ចេកទេសកសិកម្មជូនកសិករ ចឹងបើអត់គាត់ បានអីធ្វើទៀត បានអីបង្រៀនប្រជាពលរដ្ឋ។ ចឹងអ្នកប៉ះពាល់ខ្លាំង គឺពលរដ្ឋនោះហើយ»

ទន្ទឹមគ្នានេះ អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយរបស់កម្ពុជា លោក សុង សារ៉ន បារម្ភថា ការលើកឡើងនេះ អាចនឹងប៉ះពាល់ដល់ទីផ្សារនាំចេញអង្កររបស់កម្ពុជា។ លោកថា កន្លងមក សហភាពអឺរ៉ុប ក៏បានជួយកសាងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ជួយរក្សាតម្លៃស្រូវកសិករឲ្យមានស្ថិរភាព ពិសេសរក្សាតំណែងអង្ករក្រអូបកម្ពុជា តាមរយៈការផ្តល់ទីផ្សារនាំចេញអង្ករ និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផងដែរ៖ «ជំនួយកសិកម្មរបស់សហភាពអឺរ៉ុប គឺគាត់ជួយពង្រឹងកសិករ ជួយទីផ្សារ បង្កើនស្តង់ដារគុណភាពអង្ករ ជួយឲ្យកម្ពុជា មានឱកាសនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក។ ចឹងបើតាមខ្ញុំដឹង ថវិកា និងបច្ចេកទេសអឺរ៉ុប បានជួយកម្ពុជា យើងច្រើនណាស់»

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​និង​សហគមន៍​កសិករ​បារម្ភ​ខ្លាច​បាត់បង់​ទីផ្សារ​សហភាព​អឺរ៉ុប

អគ្គនាយកក្រុមហ៊ុននាំអង្ករចេញរូបនេះ ចង់ឃើញស្ថានភាពនយោបាយប្រសើរឡើង ដើម្បីជួយសង្គ្រោះវិស័យស្រូវអង្ករកម្ពុជា គេចចេញពីការដួលរលំ៖ «យើងអ្នករកស៊ី យើងចង់ឃើញតែស្ថានភាពនយោបាយល្អប្រសើរ។ វាងាយប៉ះពាល់ខ្លាំងបើសិនជាយើងបាត់ទីផ្សារអឺរ៉ុប។ វានឹងប៉ះពាល់ខ្លាំងដល់វិស័យស្រូវអង្ករយើង។ ចឹងសង្ឃឹមថា ស្ថានភាពនយោបាយនឹងប្រសើរឡើង ហើយមិនឈានទៅដល់ការផ្តាច់ជំនួយរបស់អឺរ៉ុប នោះឡើយ»

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសម្ពោធមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវវិថីសូត្រសមុទ្រ ឧបត្ថម្ភដោយរដ្ឋាភិបាលចិន កាលពីពេលថ្មីនេះ លោក ហ៊ុន សែន បានចំអកទៅរដ្ឋាភិបាលបរទេសដែលគេដឹងជាទូទៅថា លោកសំដៅដល់សហភាពអឺរ៉ុប នោះ ថាប្រសិនបើផ្ដាច់ជំនួយមែន លោកក៏មិនខ្លាចដែរ ព្រោះចំណាត់ការនោះនឹងប៉ះពាល់ដល់ក្រុមអង្គការសង្គមស៊ីវិល ដែលទទួលបានជំនួយពីប្រទេសនោះប៉ុណ្ណោះ មិនមែនប៉ះពាល់ដល់រដ្ឋាភិបាលរបស់លោកនោះឡើយ៖ «កាលពីឆ្នាំណានោះ ខ្ញុំគំរាមថា ម៉េចក៏មិនកាត់ (ជំនួយ)? បើប្រកាសថាកាត់ហើយ កាត់ទៅ! ក៏ប៉ុន្តែគាត់មិនកាត់ទេ។ អ្នកដែលងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល អ្នកណាដែលធ្វើការឲ្យអង្គការក្រៅរដ្ឋាភិបាល ស៊ីប្រាក់ខែអង្គការក្រៅរដ្ឋាភិបាល អ្នកហ្នឹងងាប់មុនគេ ព្រោះគេមានដែលផ្ដល់មកឲ្យរដ្ឋាភិបាលពីអង្កាល់ គេផ្ដល់ឲ្យអង្គការក្រៅរដ្ឋាភិបាលទេតើ! ដល់ពេលងាប់ អ្នកកំពុងមានការងារធ្វើ ស៊ីប្រាក់ខែរាប់រយ ស៊ីប្រាក់ខែដល់ពាន់។ ទៅ! ទៅងាប់ទៅ! នែ! កុំមកគំរាមលេងៗណា៎»

ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីសភាសហភាពអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ដោយព្រមានពិចារណាលើជំនួយអភិវឌ្ឍន៍ផ្តល់ដល់កម្ពុជា ប្រសិនបើមិនមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងនោះទេ។

របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បង្ហាញថា ក្នុងឆ្នាំ២០១៥ កម្ពុជា បាននាំចេញអង្ករចំនួនជាង ៥៣ម៉ឺនតោន (៥៣៨.៣៩៦តោន) ក្នុងនោះទីផ្សារអង្ករក្រអូបកម្ពុជា បាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ប្រមាណ ៥០%។ ជាងនេះទៀត សហភាពអឺរ៉ុប មិនត្រឹមតែជួយជាជំនួយថវិកា ធនធាន និងបច្ចេកទេសដល់កម្ពុជា ប៉ុណ្ណោះទេ។ កន្លងមក កម្ពុជា ក៏ទទួលបានការអនុគ្រោះរបាំងពន្ធគយ ដោយសារគោលនយោបាយរបស់អឺរ៉ុប ស្ដីពីការនាំចូលគ្រប់ទំនិញ លើកលែងតែអាវុធសម្រាប់ប្រទេសក្រីក្រ។ នៅក្រោមគោលនយោបាយនេះ កម្ពុជា អាចនាំចេញអង្ករទៅអឺរ៉ុប ដោយមិនជាប់ពន្ធគយនោះឡើយ។

វិស័យកសិកម្មបានរួមចំណែកប្រមាណ ២៦% នៃផលិតផលសរុបក្នុងស្រុក។ ជាងនេះ ប្រជាជន ៨៥% រស់នៅជនបទ ក្នុងនោះប្រជាជន ៦០%កំពុងប្រកបរបរកសិកម្ម ហើយមេគ្រួសារនៃគ្រួសារក្រីក្រជាកសិករមានរហូតដល់ ៧៥%។ ដូច្នេះ សហគមន៍កសិករយល់ថា បើសហភាពអឺរ៉ុប ផ្តាច់ជំនួយ ឬសម្រេចដាក់ទណ្ឌកម្មមិនឲ្យកម្ពុជា នាំចូលទំនិញ ឬអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប មែននោះ នឹងអាចធ្វើឲ្យប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មកាន់តែក្រទៅៗ ព្រមទាំងមិនអាចសម្រេចទិសដៅរបស់រដ្ឋាភិបាល ដែលចង់លុបបំបាត់ភាពអត់ឃ្លានឲ្យបានត្រឹម ១០០% នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៥ នោះឡើយ។ ជាងនេះទៀត ក៏មិនអាចជំរុញឲ្យកម្ពុជា ឈានទៅសម្រេចគោលដៅនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន ១លានតោនក្នុងមួយឆ្នាំ។

បើទោះជាប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកមិនខ្លាចការគំរាមផ្ដាច់ជំនួយរបស់សភាពអឺរ៉ុប ក៏ដោយចុះ ក្រុមហ៊ុននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងសហគមន៍កសិករ នៅតែអះអាងថា សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយ និងជាអ្នកផ្តល់ទីផ្សារដ៏សំខាន់ ព្រមទាំងយូរអង្វែងក្នុងការនាំចេញអង្ករក្រអូបរបស់កម្ពុជា ដែលទាមទារឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ រួមគ្នាទាញយកទីផ្សារពីសហភាពអឺរ៉ុប៕

ប្រភពៈ RFA