តើ​មាន​ផល​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ការ​បោះឆ្នោត​ឬ​ទេ បើ​សហភាព​អឺរ៉ុប​កាត់​ជំនួយ?

ក្នុងចំណោមប្រទេសម្ចាស់ជំនួយទាំងអស់របស់កម្ពុជា សហភាពអឺរ៉ុប ជាម្ចាស់ជំនួយធំបំផុតដែលផ្ដោតលើដំណើរការបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨។ ប៉ុន្តែប្រមុខរដ្ឋាភិបាលនៅពេលថ្មីៗនេះអះអាងថា រដ្ឋាភិបាលមិនខ្លាចការគំរាមផ្ដាច់ជំនួយណាមួយពីបរទេសឡើយ។

តើ​មាន​ផល​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ការ​បោះឆ្នោត​ឬ​ទេ បើ​សហភាព​អឺរ៉ុប​កាត់​ជំនួយ?

ប្រសិនបើសហភាពអឺរ៉ុប សម្រេចបង្កកជំនួយដល់កម្ពុជា មែននោះ តើដំណើរការកែទម្រង់ការបោះឆ្នោត នឹងរងផលប៉ះពាល់ឬទេ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតសកលឆ្នាំ២០១៨ កំពុងខិតជិតចូលមកដល់នោះ?

ក្នុងកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់ ៤១០លានអឺរ៉ូ ស្មើនឹងជាង ៤៦០លានដុល្លារអាមេរិក ទឹកប្រាក់មួយផ្នែកធំ (២៩%) ផ្ដោតលើវិស័យអភិបាលកិច្ច និងរដ្ឋបាល ដែលគ្របដណ្ដប់លើការងារកែទម្រង់ការបោះឆ្នោត។

បច្ចុប្បន្ន សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយធំបំផុតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈជំនួយដល់រដ្ឋាភិបាលកម្ពុជា។ ក៏ប៉ុន្តែទោះបីជាសហភាពអឺរ៉ុប នាពេលថ្មីៗនេះ ព្រមានបង្កកជំនួយក្នុងទឹកប្រាក់រាប់រយលានអឺរ៉ូ ក្រោយពីវាយតម្លៃឃើញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែអាក្រក់ក៏ដោយ ក៏រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែបន្តភាពព្រងើយកន្តើយចំពោះការព្រមានរបស់ម្ចាស់ជំនួយធំបំផុតរបស់ខ្លួន។

ទន្ទឹមនឹងការសម្ដែងភាពព្រងើយកន្តើយបែបនេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ថែមទាំងចំអកទៅសហភាពអឺរ៉ុប វិញថា ការផ្ដាច់ជំនួយណាមួយ នឹងប៉ះពាល់ដល់ការងាររបស់អង្គការសង្គមស៊ីវិល មិនមែនរដ្ឋាភិបាលរបស់លោកឡើយ៖ «កាលពីឆ្នាំណានោះ ខ្ញុំគំរាមថា ម៉េចក៏មិនកាត់។ បើប្រកាសថាកាត់ហើយ កាត់ទៅ! ក៏ប៉ុន្តែគាត់មិនកាត់ទេ។ អ្នកដែលងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល។ អ្នកណាដែលធ្វើការឲ្យអង្គការក្រៅរដ្ឋាភិបាល ស៊ីប្រាក់ខែអង្គការក្រៅរដ្ឋាភិបាល អ្នកហ្នឹងងាប់មុនគេ ព្រោះគេមានដែលផ្ដល់មកឲ្យរដ្ឋាភិបាលពីអង្កាល់! គេផ្ដល់ឲ្យអង្គការក្រៅរដ្ឋាភិបាលទេតើ! ដល់ពេលងាប់ អ្នកកំពុងមានការងារធ្វើ ស៊ីប្រាក់ខែរាប់រយ ស៊ីប្រាក់ខែដល់ពាន់។ ទៅ! ទៅងាប់ ទៅ! នែ! កុំមកគំរាមលេងៗណា៎»

ខណៈមានការព្រមានបង្កកជំនួយបែបនេះ សង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធការបោះឆ្នោត និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ សម្ដែងក្ដីព្រួយបារម្ភថា ដំណើរការកែទម្រង់ការបោះឆ្នោត នឹងរងផលប៉ះពាល់ខ្លាំង ប្រសិនបើសហភាពអឺរ៉ុប កាត់ជំនួយដល់កម្ពុជា មែន។

នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថាអង្គការនិកហ្វិច (NICFEC)លោក សំ គន្ធាមី មានប្រសាសន៍ថា ការកាត់ជំនួយពីសហភាពអឺរ៉ុប នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរៀបចំការបោះឆ្នោត និងកំណែទម្រង់ការបោះឆ្នោត។ លោក សំ គន្ធាមី បញ្ជាក់ថា ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអង្គការសង្គមស៊ីវិលធ្វើការងារបោះឆ្នោត នឹងប្រឈមបញ្ហាធ្ងន់ធ្ងរ៖ «ជាពិសេសសង្គមស៊ីវិលយើង។ ឥឡូវនេះយើងកំពុងរង់ចាំការសម្រេចចិត្តរបស់ EU តទៅទៀតលើវិស័យបោះឆ្នោតហ្នឹង។ នឹងជួបការលំបាក បើសិនជារដ្ឋាភិបាលយើងមិនព្រមបន្ទន់ឥរិយាបថ ហើយអត់ឈានទៅរកវប្បធម៌សន្ទនាទេ ដើម្បីធានាបរិយាកាសស្រុកខ្មែរហ្នឹងឲ្យបានស្ងប់ស្ងាត់ មុននឹងដំណើរការបោះឆ្នោត»

លោក សំ គន្ធាមី លើកឡើងថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ចំពោះការព្រមានកាត់ជំនួយរបស់សហភាពអឺរ៉ុប ដើម្បីបញ្ចៀសផលប៉ះពាល់លើកំណែទម្រង់ការបោះឆ្នោត៖ «រដ្ឋាភិបាលគួរតែទទួលយកអនុសាសន៍របស់ EU យកមកពិចារណាឡើងវិញ មិនគួរគិតខ្លីថា អត់មានជំនួយ EU ក៏អត់មានបញ្ហានោះ គឺមិនសមរម្យទេ។ វាប៉ះពាល់ដល់ដំណើរការបោះឆ្នោតប្រជាធិបតេយ្យនៅស្រុកខ្មែរ»

តើ​មាន​ផល​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ការ​បោះឆ្នោត​ឬ​ទេ បើ​សហភាព​អឺរ៉ុប​កាត់​ជំនួយ?

បច្ចុប្បន្ន សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយធំបំផុតរបស់ គ.ជ.ប ដោយផ្ដល់ជំនួយជាថវិកា និងអ្នកជំនាញ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា។ លោកបញ្ជាក់ថា នៅឆ្នាំ២០១៦ នេះ សហភាពអឺរ៉ុប បានផ្ដល់ថវិកា ៦,៧លានអឺរ៉ូ (៧,៥លានដុល្លារអាមេរិក) សម្រាប់ទិញឧបករណ៍បម្រើឲ្យការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ខណៈការងារចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ ត្រូវចំណាយថវិកាសរុបរហូតដល់ ២៣លានដុល្លារអាមេរិក៖ «ឥឡូវនេះ ខាងសហគមន៍អឺរ៉ុប លោកបានជួយ ៦,៧លានអឺរ៉ូ ហើយខាងជប៉ុន លោកជួយ ១លាន ១សែន។ អ៊ីចឹងទើបតែបានជំនួយប៉ុណ្ណឹងទេ ប៉ុន្មានទៀតរាជរដ្ឋាភិបាលលោកនឹងជួយដោះស្រាយ ដើម្បីឲ្យការបោះឆ្នោតនេះមិនមានការរាំងស្ទះទេបាទ»

ទោះបីជាសហភាពអឺរ៉ុប ឈរនៅលំដាប់ទី១ ក្នុងតួនាទីជាម្ចាស់ជំនួយដល់ គ.ជ.ប ក្ដី ក៏អ្នកនាំពាក្យរូបនេះអះអាងថា ការងាររបស់ គ.ជ.ប នឹងមិនរងផលប៉ះពាល់ពីការបង្កកជំនួយពីសហភាពអឺរ៉ុប ទេ៖ «មិនមានអីប៉ះពាល់ទេណា៎! ទីមួយ គឺគាត់បានផ្ដល់មកហើយ ហើយថវិកាហ្នឹងក៏បានធ្លាក់ទៅដល់ដៃអង្គការ UNOP ដែលជាអង្គការដេញថ្លៃ។ ឥឡូវហ្នឹងកំពុងតែដេញថ្លៃសម្ភារៈហើយ។ បញ្ហាផ្សេងទៀត គ..ប នឹងគិតគូរពីរឿងបច្ចេកទេស។ គ..ប អត់ទទួលឥទ្ធិពលនៃសភាពការណ៍នយោបាយពីខាងក្រៅមកទេបាទ»

ចំណែកអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ការបង្កកជំនួយរបស់សហភាពអឺរ៉ុប មករដ្ឋាភិបាលកម្ពុជា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ហើយនោះជាអ្វីដែលរដ្ឋាភិបាលចង់បាន ដើម្បីឈ្នះឆ្នោតនៅពេលខាងមុខ៖ «រដ្ឋាភិបាលគាត់មិនចង់ឲ្យល្អឯណា ឲ្យតែនៅស្ថានភាពដដែលហ្នឹង។ បើសិនបង្កក គាត់ធ្វើតាមលុយរដ្ឋ លុយអីអ៊ីចឹងធម្មតា។ អាហ្នឹងហើយដែលសំខាន់។ ទីពីរ បើសិនជាគាត់ខ្វះលុយ គាត់ទៅខ្ចីចិន»

ទោះបីជាយ៉ាងណាក៏ដោយ លោក កែម ឡី យល់ថា រដ្ឋាភិបាលមិនមែនមិនព្រួយបារម្ភចំពោះការព្រមានរបស់សហភាពអឺរ៉ុប ទាំងស្រុងនោះទេ៖«គាត់គ្រាន់តែឆ្លើយតបទៅ EU ដោយសេចក្ដីក្លាហាន ដើម្បីកុំឲ្យអាម៉ាស់មុខ កុំឲ្យបាក់មុខតែប៉ុណ្ណឹងទេ ប៉ុន្តែដល់ពេលក្រោយខ្នង គាត់បញ្ចេញសារសម្របសម្រួលនយោបាយតាមរយៈការប៉ះប៉ូវអីផ្សេងៗ។ អ៊ីចឹងអាហ្នឹងហើយជាការឆ្លើយតបនោះផ្ទាល់ថា អូ! ដោយសារ EU ដាក់សម្ពាធ កាត់ជំនួយហើយ យើងត្រូវតែឈប់អ៊ីចឹងមែនទេ»

ខាងសហភាពអឺរ៉ុប លើកឡើងថា ចំណែកធំបំផុតនៃជំនួយហិរញ្ញវត្ថុរបស់ខ្លួនដល់កម្ពុជា ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋាភិបាលកម្ពុជា ហើយកញ្ចប់ថវិកា ៤១០លានអឺរ៉ូ (ស្មើនឹងជាង ៤៦០លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ នោះ គឺជាជំនួយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឯង ដែលនេះផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន ដែលថា សហភាពអឺរ៉ុប មិនផ្ដល់ជំនួយដល់រដ្ឋាភិបាលរបស់លោកទេ។ ការផ្ដល់ជំនួយដល់ក្រុមអង្គការសង្គមស៊ីវិល ធ្វើឡើងដាច់ដោយឡែកតាមរយៈការប្រកួតប្រជែងក្នុងចំណោមក្រុមអង្គការសង្គមស៊ីវិលទាំងនោះ។ បច្ចុប្បន្ន មានគម្រោងជាង ៧០ នៅទូទាំងប្រទេសកម្ពុជា ដែលប្រើប្រាស់ជំនួយពីសហភាពអឺរ៉ុប មានទឹកប្រាក់សរុបជាង ៦០លានអឺរ៉ូ (ប្រមាណ ៦៧លានដុល្លារអាមេរិក)។

អ្នកវិភាគយល់ថា បើទោះបីជាសហភាពអឺរ៉ុប សម្រេចបង្កកជំនួយនោះមែនក៏ដោយ ក៏សហភាពអឺរ៉ុប អាចនឹងមិនកាត់ជំនួយដល់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារឃ្លាំមើលការបោះឆ្នោតឡើយ ដើម្បីឲ្យពួកគេអាចបន្តការងារលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តទៅទៀត៕

ប្រភពៈ RFA