​ផ្លូវកាត់​ថ្មី ​ធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ធំ​និង​ខេត្តសៀមរាបបាន​​ឆាប់រហ័ស​

​ផ្លូវកាត់​ថ្មី ​ធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ធំ​និង​ខេត្តសៀមរាបបាន​​ឆាប់រហ័ស​



ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល បាន​លុប​ចេញ​គម្រោង​កសាង​ស្ពាន​យ៉ាង​វែង​ចេញពី​ក្រុង​កំពង់ឆ្នាំង​កាត់​ ដៃទន្លេ​ប្រមាណ​៣​កន្លែង​ទៅ​ស្រុក​កំពង់លែង និង​គម្រោង​ធ្វើ​ផ្លូវ​ចេញពី​ស្រុក​កំពង់លែង​កាត់​ទៅ​ខេត្តកំពង់ធំ​រួច​មក ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ហាក់​បាត់​ក្តី​សង្ឃឹមថា ​បាន​ឆ្លងកាត់​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង​បាន​ឆាប់រហ័ស ហើយ​ក៏​អាច​ចេញពី​ទីរួមស្រុក​កំពង់លែង​ទៅ​ខេត្តកំពង់ធំ​បាន​យ៉ាង​លឿន​ដែរ ។

ប៉ុន្តែ ​ថ្មី​ៗ​នេះ អ្នក​ខេត្តកំពង់ឆ្នាំង​ក៏​ដូច​ជា​អ្នកស្រុក​កំពង់លែង មាន​ក្តី​សប្បាយ​រីករាយ​ឡើង​វិញ​ថ្វីបើ​ប្រមុខ​រាជរដ្ឋាភិបាល​លុប​ចោល គម្រោង​ធ្វើ​ស្ពាន​យ៉ាង​វែង​ដែល​ពុំ​ធ្លាប់​មាន​នេះ​ក៏​ពិតមែន ប៉ុន្តែ​បាន​ដាក់​ជំនួស​មក​វិញ​នូវ​សាឡា​ង​ចម្លង​យ៉ាង​ធំ ដែល​អាច​ដាក់​រថយន្ត​បានជា​ច្រើន​គ្រឿង ។ ជាមួយ​នេះ បាន​ស្តារ​ឡើង​វិញ​នូវ​ប្រឡាយ​ចាស់ ដែល​បាន​បន្សល់​ពី​ជំនាន់​អាណានិគម​បារាំង ប្រវែង​ជាង​១.៦០០​ម៉ែត្រ កាត់​ត្រង់​ឱ្យ​បាន​ឆាប់​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ ។  លើស​ពី​នេះ​ទៀត ក៏​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​មាន​ប្រវែង​ជាង​៥០​គីឡូ​មែ​ត្រ ចេញពី​ស្រុក​កំពង់លែង​កាត់​ទៅ​ខេត្តកំពង់ធំ ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​កាន់តែ​បាន​ឆាប់​ងាយស្រួល កាត់​ឡើង​ទៅ​ខេត្តកំពង់ធំ និង​ទៅ​ខេត្តសៀមរៀប​ជាដើម ។

លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន​ខេត្ត បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា កាលពីមុន​ពិតជា​មាន​គម្រោង​ធ្វើ​ស្ពាន​ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង​មែន តែ​ដោយសារ​ការ​សិក្សា​ស្រាវជ្រាវ​មាន​ផល​ប៉ះពាល់​ខ្លាំង​ពេក ប្រមុខ​រាជរដ្ឋាភិបាល​បាន​លុប​គម្រោង​នោះ​វិញ ។
ក្រោយមក លោក ត្រាំ អ៊ី​វ​តឹក ដែល​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់លែង បាន​មានគំនិត​ដើម្បី​កាត់​បន្ថយ​រយៈពេល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ ប្រជាពលរដ្ឋ​ពី​មួយ​ម៉ោង​ឱ្យមក​នៅ​ត្រឹម​១០​ ឬ​១៥​នាទី គឺ​មាន​តែ​វិធី​ស្តារ​ប្រឡាយ​ចាស់​កាត់​ដៃទន្លេ​ប្រវែង​ជាង​១.៦៩០​ម៉ែត្រ ដែល​ជា​ប្រឡាយ់​ពី​ជំនាន់​បារាំង តែ​ដោយសារ​គ្មាន​ការ​ថែរក្សា​ក៏​បាន​គោក​រាក់​អស់​ទៅ ។

លោក​ រដ្ឋមន្ត្រី​បាន​សុំ​គោលការណ៍​ពី​សម្តេច ហើយ​សម្តេច​បាន​ឯកភាព ទើប​នាយកដ្ឋាន​ផ្លូវទឹក​ដាក់​កម្លាំង​មក​ស្តារ​ប្រឡាយ​នេះ​ឡើង​វិញ ដែល​ពេល​នេះ​បាន​ស្តារ​ធ្លាយ​ទន្លេ​២​ហើយ នៅ​សល់​ជាង​២០០​ម៉ែត្រ​ទៀត​នៅ​ចំណុច​ដី​ដុល ហើយនឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ក្នុង​អំឡុង​ចុងខែ​កក្កដា​ខាង​មុខ បើសិន​គ្មាន​ផល​ប៉ះពាល់ ។

ជាមួយ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន កសាង​ផ្លូវ​មួយ​ខ្យែ​ប្រវែង​ជាង​៥២​គីឡូម៉ែត្រ ចេញពី​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង កាត់​ទៅ ខេត្តកំពង់ធំ ដែល​អាច​ធ្វើ​ដំណើរ​រយៈពេល​៩​ខែ​ក្នុង​មួយ​ឆ្នាំ ចំណែក​៣​ខែ​ទៀត​ត្រូវ​លិច​ទឹក​។ ដោយហេតុ​នេះ​ហើយ ទើប​ក្រសួង​សិក្សា​ធ្វើ​ផ្លូវ​នេះ​ជា​ផ្លូវ​បេតុង​ធានា​កុំឱ្យ​ខូចខាត​នៅ​ខែ ​ទឹក​លិច​។ ក្នុង​នាម​លោក​ជា​មន្ត្រី​ជំនាញ ក៏​សូម​ចូលរួម​រីករាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែរ នៅ​ពេល​បាន​សមិទ្ធផល​ថ្មី​នេះ ។

សូម ​បញ្ជាក់​ថា ទាំង​ផ្លូវគោក​និង​ផ្លូវទឹក ក្រោយ​ពេល​កសាង​ហើយ គឺ​ពិតជា​បាន​កាត់​បន្ថយ​ភាព​ក្រក្រី​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ព្រោះតែ​ការ​ធ្វើ​ដំណើរ​បាន​ឆាប់ ។ អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​អ្នក​កំពង់ឆ្នាំង​សប្បាយ​ទៀត​នោះ គឺ​ពេល​ចង់ទៅ​ទស្សនា​ខេត្តសៀមរាប​បើ​ទៅ​តាម​ផ្លូវ​ខាងលើ​គឺ​ឆាប់រហ័ស ដោយ​មិនបាច់​ទៅ​ឆ្លងស្ពាន​ព្រែក​ក្តាម ឬ​ទៅ​តាម​ផ្លូវ​ខេត្តបាត់ដំបង​ឡើយ ៕