ផ្លូវ​គឺជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នា​ពេល​បច្ចុប្បន្ន​

ផ្លូវ​គឺជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នា​ពេល​បច្ចុប្បន្ន​



ភ្នំពេញ ៖ វេទិកា ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​​ នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ តំណាង​ប្រជាពលរដ្ឋ និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​សំរោង សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​ពញ្ញាពន់​បាន​លើកឡើង នូវ​បញ្ហា​មួយ​ចំនួន ដែល​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​បាន​ជួបប្រទះ ដើម្បី​ជូន​អង្គ​វេទិកា​ធ្វើការ​ដោះស្រាយ ក្នុង​នោះ​ផ្លូវ​គឺជា​ប្រធានបទ​ដ៏​សំខាន់​១​ព្រោះ វា​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នា​ពេល​បច្ចុប្បន្ន​នេះ។

ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ព្រឹក្សា ខណ្ឌ​ព្រែក​ព្នៅ​អាណត្តិ​ទី​២​ប្រចាំ​ឆ្នាំ​២០១៦​នេះ មានការ​ចូលរួម​ពី​លោក​ម៉ៅ បូរ៉ា ប្រធាន​ក្រុម​ព្រឹក្សា​ខណ្ឌ និង​លោក​សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​មន្ត្រី​សាលា​ខណ្ឌ​មួយ​ចំនួន​ទៀត ព្រម ទាំង​ប្រជាពលរដ្ឋ​ប្រមាណ ជាង​២០០​នាក់​ផង​ដែរ។

វេទិកា​ផ្សព្វផ្សាយ​នា​ថ្ងៃនេះ​មាន​៤​ប្រធានបទ ទី​១ ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ទី​២ ស្ថានភាព​នៃ​ការអភិវឌ្ឍន៍​មូលដ្ឋាន​របស់​សាលា​ខណ្ឌ និង​ទី​៣ ការងារ​សង្គមកិច្ច និង​ទី​៤​បញ្ហា​ផ្សេងៗ​។ ក្នុង​ប្រធានបទ​ទាំងនេះ​តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​មាន​លោក​ប៉ាង ផល ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំរោង​កណ្ដាល​បាន​លើក​ឡើង​ថា សូម​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជួយ​ដាក់​លូ ធ្វើ​ផ្លូវ​ក្នុង​ភូមិ​សំរោង​កណ្ដាល​នេះ​ផង ព្រោះ​ផ្លូវ​ជាច្រើន​ខ្សែ​នៅ​ក្នុង​ភូមិ​នេះ​រដូវប្រាំង​ដី​ហុយ ដល់​រដូវ វស្សា​បែក​ភក់​ជ្រាំ​ពិបាក​ធ្វើដំណើរ ដោយ​មិនទាន់​មាន​ការ​អភិវឌ្ឍន៍​ដូច​ទៅ​នឹង​បណ្ដា​ភូមិ​ដទៃទៀត​ទេ​នៅ​ក្នុង​សង្កាត់​សំរោង​នេះ​ទេ។

រីឯ​លោក​ឯម ម៉ៅ ប្រជាពលរដ្ឋ​នៅ​ភូមិ​សំរោង​ត្បូង​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ សម្រួល​ផ្លូវ​ចុះទៅ​ដីស្រែ ដែល​កន្លងមក​ក្រុមហ៊ុន​បាន​ទិញ​ដី​ប្រជាពលរដ្ឋ​ហើយ​កាយ​អាចម៍ដី​លក់​ ហើយ​បិទ​ផ្លូវ​តែម្តង ដោយ​មិន​ទុក​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រែ​បាន​ដូច​មុន​នោះ​ឡើយ​។ ប្រជាពលរដ្ឋ​រូប​នេះ​បន្ត​ទៀត​ថា កន្លងមក​ប្រជាពលរដ្ឋ​លក់​ដីស្រែ​មាន​ទុក​ចំណី​ផ្លូវ​ជា​រៀង​ដរាបមក ហើយ​បើ​មិន​ទុក​ផ្លូវ​ក៏​ក្រុម​​ហ៊ុន​​​​មិន​​​ទិញ​ដែរ តែ​ដល់ពេល​ក្រុមហ៊ុន​ទិញ​បាន​ហើយ​បាន​បិទ​ផ្លូវ​ទាំងស្រុង​តែម្តង​។

ចំណែក​អ្នកស្រី​ស៊ីម សុផល ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំរោង​ជើង​បាន​សំណូមពរ​ផង​ដែរ អំពី​បញ្ហា​ឈ្មួញ​ទិញ​ដី​ឈ្មោះ​ ម៉ែន សោភ័ណ្ឌ បាន​ទិញ​ដីស្រែ​ពួកគាត់​តាមរយៈ​ចៅសង្កាត់​សំរោង​ហើយ​យក​ទាំង​ប្លង់​ទៅទៀត​អ្នកខ្លះ​បាន​លុយ​កក់​ខ្លះ រីឯ​អ្នក​ខ្លះ​ទៀត​មិនទាន់​បាន​លុយ​កក់​មកដល់ពេលនេះ​ជាង​១​ឆ្នាំ​ហើយ មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ​។ គួរ​បញ្ជាក់​ថា ក្នុង​វេទិកា​ពិគ្រោះ​យោបល់​នេះ​ផង​ដែរ​ក្រៅពី​បញ្ហា​ខាងលើ តំណាង​ប្រជាពលរដ្ឋ​បាន សំណូមពរ ដល់​រដ្ឋបាល​ខណ្ឌ​និង​ក្រុមប្រឹក្សា​ខណ្ឌ ជួយ​ទប់ស្កាត់ បញ្ហា​គ្រឿងញៀន បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ​ជាដើម​ដែល​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក​សុខ សម្បត្តិ​អភិបាល​នៃ គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ទទួល​យក​ការ​សំណូមពរ​របស់​បងប្អូន​តំណាង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​លើកឡើង​នា​ពេលនេះ ហើយ​លោក និង​ជួយ​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ខណ្ឌ​និង​សង្កាត់ ដោះស្រាយ​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពង្រឹង​ឲ្យ​បាន​នូវ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​ចាប់​ពី​ពេល​នេះ​តទៅ​៕ ផ្លូវ​គឺជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នា​ពេល​បច្ចុប្បន្ន​
ផ្លូវ​គឺជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នា​ពេល​បច្ចុប្បន្ន​

ផ្លូវ​គឺជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នា​ពេល​បច្ចុប្បន្ន​