ខ្សែភ្លើង​ឆក់​ស្លាប់ ខណៈ​ឡើង​លើ​បង្គោល​ភ្លើង​ចាប់​សត្វ

ខេត្តព្រះវិហារ ៖​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ឡាន់ ផល្លា អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​សង្កែ ឃុំ​សង្កែ​១ ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ស្លាប់​ភ្លាម​ៗ ខណៈ​ពេល​ដែល​ក្មេង​រង​គ្រោះ​ខាងលើ បាន​ឡើង​លើ​បង្គោល​ភ្លើង ដើម្បី​ចាប់​សត្វ នៅ​វេ​ល​ម៉ោង​១២​និង​៥​នាទី ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ ។ លោក ផុ​ន ភឿន នាយ​បុ​ស្តិ៍​នគរបាល​ឃុំ​សង្កែ​១ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា នេះ​ថា ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ឆក់​ខ្សែភ្លើង​ខាងលើ​នេះ ខណៈ​ពេល​ដែល​ក្មេង​ប្រុស​រង​គ្រោះ និង​គ្នីគ្នា ២​នាក់​ទៀត បាន​នាំ​គ្នា​ដើរ​ចាប់​សត្វ នៅ​ពេល​នោះ​ក្មេង​ប្រុស​ទាំង​បី​នាក់​ខាងលើ បាន​ប្រទះ​ឃើញ​សត្វ​នៅ​លើ​បង្គោល​ភ្លើង ស្រាប់តែ​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឡើង​ទៅ​លើ​បង្គោល​ភ្លើង​ភ្លាម​តែ​ម្តង បើ​ទោះបីជា​គ្នីគ្នា​២​នាក់​ទៀត បាន​ឃាត់​ក្មេង​រង​គ្រោះ​ខាងលើ ថា​កុំ​ឲ្យ​ឡើង​ក៏​ដោយ តែ​ក្មេង​រង​គ្រោះ​នៅ​តែ​បន្ត​ឡើង​ក៏​ចាប់​ចំ​ខ្សែភ្លើង​ផ្ទុះ​លាន់ឮ​ពេញ​ភូមិ​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ មាន​ឪពុក​ឈ្មោះ ឡាន់ សឿ​ត អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះ សុខ ឃី​ន អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​កសិករ ។ ក្រោយ​កើតហេតុ ក្រុម​គ្រួសារ ក៏​បាន​យក​សព​មក​ធ្វើបុណ្យ​នៅ​លំនៅ​ឋាន ឋិត​ក្នុងភូមិ​កើតហេតុ​ខាងលើ តាម​ប្រពៃណី ៕