សង្គម​ស៊ីវិល​ចង់​ឃើញ​ការ​រៀបចំ​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​តាម​អនឡាញ​មាន​ប្រសិទ្ធភាព

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថា ក្រសួង​នឹង​រៀបចំ​ឲ្យ​ចុះ​បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​អនឡាញ (Online) នៅ​ដំណាច់​ឆ្នាំ​២០១៦ នេះ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់​រហ័ស មាន​តម្លាភាព និង​ប្រសិទ្ធភាព​ជាង​មុន។ ករណី​នេះ សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​នឹង​ចរាចរណ៍ សាទរ និង​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ថ្មី​នេះ ដោះស្រាយ​បញ្ហា​ដែល​ជា​មូលហេតុ​សំខាន់ៗ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។

សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​នឹង​ចរាចរណ៍ ចង់​ឃើញ​ការ​រៀបចំ​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​តាម​អនឡាញ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ដំណាច់​ឆ្នាំ​២០១៦ ខាង​មុខ​នេះ មាន​ការ​គ្រប់គ្រង​ច្បាស់លាស់​ត្រឹមត្រូវ មិន​មាន​អំពើ​ពុក​រលួយ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​រៀបចំ​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​តាម​អនឡាញ​នៅ​ចុង​ឆ្នាំ​២០១៦។ ក្រសួង​អះអាង​ថា នឹង​ប្រើប្រាស់​រថយន្ត​ទំនើប​ដើម្បី​ចុះ​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត ឬ​ធ្វើ​ឆៀក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ និង​លុប​បំបាត់​ទាំង​ស្រុង​នូវ​អ្នក​រត់​ការ​ក្រៅ​ផ្លូវ​ការ។

ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ទប់ស្កាត់​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ សាទរ​ចំពោះ​គម្រោង​នេះ។ ប៉ុន្តែ​លោក​យល់​ថា ដើម្បី​ឲ្យ​ការ​ចុះ​បញ្ជី​យានយន្ត​តាម​អនឡាញ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ទៅ​បាន ក្រសួង​ត្រូវ​គិត​លើ​របៀប​នៃ​ការ​គ្រប់គ្រង​ប្រព័ន្ធ​អនឡាញ ទាំង​បច្ចេកទេស និង​ប្រតិបត្តិការ ថា​តើ​បាន​ផ្តល់​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​បាន​ប្រសិទ្ធភាព​កម្រិត​ណា?«ចំណុច​សំខាន់​នៅ​ពេល​ដែល​បង្កើត​ប្រព័ន្ធ​អនឡាញ​នោះ​ហើយ គឺ​តែង​មាន​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​អេឡិចត្រូនិក​ហ្នឹង គ្រប់គ្រង​ការ​ប្រើប្រាស់ គ្រប់គ្រង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា ឲ្យ​ប្រជាពលរដ្ឋ​គាត់​បាន​ដឹង។ ដោយឡែក​អ្នក​ដែល​យល់​ដឹង​ពី​ប្រព័ន្ធ​អនឡាញ តើ​អ្នក​ណា​នឹង​ជួយ​សម្រួល​គាត់​បាន»

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា យល់​ថា ទោះ​បី​ជា​វិធានការ​នេះ​មិន​មែន​ជា​វិធានការ​ចម្បង ដែល​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្តី យ៉ាង​ណា​ក៏​ជា​ចំណែក​មួយ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​ពេលវេលា​ជូន​ប្រជាពលរដ្ឋ។ លោក អ៊ា ចរិយា ចង់​ឃើញ​ក្រសួង ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ដែល​ជា​ក្រុម​គោលដៅ ឲ្យ​យល់​ដឹង​បាន​ទូលំទូលាយ​ពី​របៀប​នៃ​ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​អនឡាញ​នេះ​មាន​ភាព​ត្រឹមត្រូវ និង​មិន​មាន​អំពើ​ពុក​រលួយ៖ «ខ្ញុំ​យល់​ថា ចំណេះ​ដឹង​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត។ ដូច្នេះ​ហើយ​ជា​ជំហាន​ដំបូង ក្រសួង​សាធារណការ ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​តាម​កន្លែង​គោលដៅ ដើម្បី​ពន្យល់ និង​ណែនាំ​ពួក​គាត់​ឲ្យ​ដឹង​ពី​របៀប​ចុះ​បញ្ជី ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​ចុះ​បញ្ជី​ដោយ​ខ្លួន​ឯង និង​ទទួល​បាន​ជំនួយ​ពី​មន្ត្រី»

កាល​ពី​ពេល​ថ្មីៗ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​មណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណ​បើកបរ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ការ​ចុះ​បញ្ជី​យានយន្ត​តាម​អនឡាញ​នៅ​ចុង​ឆ្នាំ​២០១៦ មាន​ប្រសិទ្ធភាព ក្រសួង​កំពុង​សិក្សា​ពី​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អនឡាញ​ពី​ប្រទេស​ម៉ាឡេស៊ី ថៃ និង​អាល្លឺម៉ង់ (Germany)

ជាង​នេះ ក្រសួង​ក៏​កំពុង​ត្រៀម​នាំ​ចូល​រថយន្ត​ចល័ត​ធុន​ធំ​ទំនើប​ពីរ​គ្រឿង​ពី​ប្រទេស​កូរ៉េ ដែល​អាច​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត សម្រាប់​ធ្វើ​ឆៀក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៃ​បណ្ដា​ខេត្ត​នីមួយៗ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល និង​ការ​ផ្តល់​សេវា​រហ័ស មាន​ប្រសិទ្ធភាព និង​តម្លាភាព​ជូន​ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រូប​នេះ ក៏​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន កម្ពុជា មាន​រថយន្ត​ជិត ១​លាន​គ្រឿង និង​ម៉ូតូ​ប្រមាណ ៦​លាន​គ្រឿង។ ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៦ ក្រសួង​បាន​ចុះ​បញ្ជី​យានយន្ត​បាន​ជាង ៣១​ម៉ឺន​គ្រឿង (៣១៤.៨០១​គ្រឿង) ក្នុង​នោះ​រថយន្ត​មាន​ចំនួន​ជាង ៣​ម៉ឺន​គ្រឿង (៣៤.១៤៣​គ្រឿង) និង​ម៉ូតូ​មាន​ចំនួន​ជាង ២៨​ម៉ឺន​គ្រឿង (២៨០.៦៤៨​គ្រឿង)

យ៉ាង​ណា សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​នឹង​ចរាចរណ៍ ក្រៅ​ពី​ចង់​ឃើញ​ការ​ចុះ​បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព សង្គម​ស៊ីវិល​ក៏​ចង់​ឃើញ​ក្រសួង​សាធារណការ ចុះ​អប់រំ​ប្រជាពលរដ្ឋ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​បាន​ទូលំទូលាយ ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។