ក្រសួង​មហាផ្ទៃ​ថា​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិន​គំរាម​កំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទេ

ក្រសួងមហាផ្ទៃ អះអាងថា ការបង្កើត និងអនុវត្តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនមានបំណងគំរាមកំហែង និងដាក់ទណ្ឌកម្មដល់សកម្មជនសិទ្ធិមនុស្សដូចការចោទប្រកាន់តាមរយៈការផ្សព្វផ្សាយនូវបទសម្ភាសន៍របស់មជ្ឈដ្ឋានកាសែតក្នុងស្រុក កាលពីពេលថ្មីៗនេះឡើយ។ រីឯសង្គមស៊ីវិល នៅតែបន្តចាត់ទុកថា មាត្រាមួយចំនួននៅក្នុងច្បាប់នេះ មានបញ្ហាដែលទាមទារឲ្យធ្វើវិសោធនកម្ម ឬកែប្រែឡើងវិញ។

ក្រសួង​មហាផ្ទៃ​ថា​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិន​គំរាម​កំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទេ

ការបញ្ចេញប្រតិកម្មជាថ្មីទៀតរបស់ក្រសួងមហាផ្ទៃ នេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែមិថុនា បន្ទាប់ពីមានកាសែតក្នុងស្រុកមួយចំនួន បានធ្វើបទសម្ភាសន៍ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ បទសម្ភាសន៍នោះបង្ហាញថា មាត្រាមួយចំនួនរំលោភលើមាត្រាជាច្រើននៃរដ្ឋធម្មនុញ្ញ និងចោទថា ច្បាប់នេះងាយស្រួលឲ្យរដ្ឋាភិបាលរំលោភអំណាច តាមរយៈការប្រើប្រាស់មាត្រានានា ដើម្បីគំរាមកំហែង និងដាក់ទណ្ឌកម្មដល់សកម្មជនដែលធ្វើការដើម្បីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ លើកឡើងថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានផ្នែកច្បាប់ត្រឹមត្រូវ និងមិនសមហេតុផល ក្នុងចេតនាមួលបង្កាច់មកលើរដ្ឋាភិបាល។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ អះអាងថា រដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្ត និងនៅតែចាត់ទុកសមាគម និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការរួមចំណែកកសាងប្រទេសជាតិ។

ថ្វីត្បិតរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បញ្ជាក់ថា មិនមានគោលបំណង និងគោលដៅណាមួយរឹតត្បិតសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យក្តី ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មើលឃើញថា ច្បាប់នេះមានភាពចម្រូងចម្រាសតាំងពីមិនទាន់អនុម័ត ដោយមានតែសមាជិករដ្ឋសភាមកពីបក្សកាន់អំណាចមកម្ល៉េះ។

អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ការប្រតិកម្ម ឬការបដិសេធចំពោះរបាយការណ៍ ឬការរិះគន់របស់អ្នកវិភាគ និងសង្គមស៊ីវិលពីសំណាក់រដ្ឋាភិបាលនោះ ហាក់ក្លាយទៅជាទម្លាប់ទៅហើយនៅសង្គមកម្ពុជា។ លោក អំ សំអាត នៅតែមើលឃើញថា មាត្រាមួយចំនួននៃច្បាប់គ្រប់គ្រងអង្គការ និងសមាគម មិនស្របនឹងរដ្ឋធម្មនុញ្ញ ដែលត្រូវធ្វើវិសោធនកម្ម ឬកែប្រែឡើងវិញ៖ «»។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ក៏ប៉ុន្តែក្រសួងមហាផ្ទៃ ថា ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ»។

ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ប្រកាសឲ្យប្រើច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសនេះ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យ និងប្រកាសថា ច្បាប់នេះ គឺស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការសង្គមស៊ីវិល ថាច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានតាក់តែងឡើងជាង ១០ឆ្នាំមកហើយ និងបានដាក់ឲ្យជជែកគ្នានៅឆ្នាំ២០១១។ កាលណោះ ច្បាប់នេះមាន ១១ជំពូក និង ៥៨មាត្រា ហើយបង្រួមទៅនៅសល់ ៩ជំពូក និង ៣៤មាត្រាវិញ។ ក្រោយមក សេចក្តីព្រាងច្បាប់នេះហាក់ត្រូវបានកែសម្រួលឡើងវិញយ៉ាងអាថ៌កំបាំងចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ដោយបង្កើនដល់ ៣៩មាត្រា និង ៩ជំពូក ហើយគ្មានការពិគ្រោះយោបល់នោះទេ។

ប្រជាពលរដ្ឋមានជម្លោះដីធ្លី បានរួមកម្លាំងជាមួយក្រុមអង្គការសង្គមស៊ីវិល តវ៉ាជំទាស់នឹងសេចក្ដីព្រាងច្បាប់យ៉ាងរំជើបរំជួលក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោល ឬពិនិត្យពិភាក្សាកែលំអមាត្រាខ្លះ។ ច្បាប់នេះចែងពីការបង្កើត ការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ពីធនធាន និងទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ពីសិទ្ធិផលប្រយោជន៍ និងកាតព្វកិច្ចរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ពីការផ្អាកសកម្មភាព ការរំលាយ ការបញ្ចប់សុពលភាពអនុស្សរណៈ ការចាត់ចែងធនធាន និងទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអំពីវិធានការរដ្ឋបាល ឬទោសបញ្ញត្តិ ជាដើម៕

ប្រភពៈ RFA