សួន សេរីរដ្ឋា ថ្កោល​ទោស​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់ ដល់​ជនជាតិ​យួន

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានថ្លែងថ្កោលទោស ចំពោះជនណា អ្នក​នយោបាយ​ណា និង​រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សណាក៏ដោយ ដែលហ៊ានទទួលស្គាល់​ផ្តល់សិទ្ធិស្របច្បាប់​ឲ្យជនជាតិយួន រស់នៅ​ក្នុង​ស្រុកខ្មែរ ជាស្របច្បាប់នោះ។ លោក​បាន​ហៅទង្វើរបស់ជននោះ អ្នកនយោបាយ គណបក្សនយោបាយ និងរដ្ឋាភិបាលនោះ ថាជា​ទង្វើ​ក្បត់​ជាតិ។
សួន សេរីរដ្ឋា ថ្កោល​ទោស​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់ ដល់​ជនជាតិ​យួន

រូបភាពពីសហគមន៍វៀតណាមួយកន្លែង នៅលើផ្ទៃទន្លេសាបប្រទេសកម្ពុជា។ (រូបថតហ្វេសប៊ុក)

អ្នកណាក៏ដោយ ដែលហ៊ានផ្ដល់សិទ្ធិស្របច្បាប់ ឲ្យដល់ជនជាតិយួន ដែលរស់នៅក្នុងប្រទេសកម្ពុជានោះ អ្នក​នោះជាជន«ក្បត់ជាតិ។ នេះ បើតាមសេចក្ដីប្រកាស របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅ​ក្នុង​សំណេរ​មួយ លើទំព័រហ្វេសប៊ុករបស់លោក។

សំណេររបស់ប្រធានគណបក្សអំណាចខ្មែរ បានធ្វើឡើងនៅថ្ងៃចុងបញ្ចប់ នៃដំណើរទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការចូលជួប​ឥស្សរជន​នយោបាយ និងសាសនារបស់កម្ពុជា ជាច្រើននាក់/អង្គ។

សារដែលលោក សួន សេរីរដ្ឋា បានបង្ហោះនៅថ្ងៃទី១៦ ខែមិថុនានេះ បានថ្កោលទោស «ជនណា អ្នក​នយោបាយ​ណា និងរដ្ឋាភិបាល ដែលដឹកនាំដោយបក្សណាក៏ដោយ បើហ៊ានបំពានរំលោភស្មារតីជាតិនិយម របស់​ពលរដ្ឋខ្មែរ ហើយហ៊ានទទួលស្គាល់ផ្តល់សិទ្ធិស្របច្បាប់ ឲ្យជនជាតិយួនរស់នៅក្នុងស្រុកខ្មែរ ជា​ស្រប​ច្បាប់​នោះ ពួកគេជាជនក្បត់ជាតិ ជាអ្នកនយោបាយក្បត់ជាតិ ជាបក្សនយោបាយក្បត់ជាតិ និងជា​រដ្ឋាភិបាល​ក្បត់​ជាតិ»។

លោក សួន សេរីរដ្ឋា បានពន្យល់ថា៖ «ការស្នើ ឬការដាក់ផែនការរបស់មេដឹកនាំយួន ដែលឲ្យទទួលស្គាល់ និងផ្តល់សិទ្ធិស្របច្បាប់ ឲ្យជនជាតិយួន ដែលកំពុងរស់នៅក្នុងប្រទេសខ្មែរ នោះគឺជាការមើលងាយ​ប្រជាជាតិ​ខ្មែរ មើលងាយច្បាប់រដ្ឋធម្មនុញ្ញខ្មែរ និងមើលងាយច្បាប់អន្តោប្រវេស្តន៍ ព្រមទាំងកំពុងផ្គើនរំលោភ​ដែន​អធិបតេយ្យ​ភាព បូរណភាពទឹកដីប្រទេសខ្មែរ»។

«បេសកកម្មនយោបាយ ដើម្បីដណ្ដើមយកដីខ្មែរកណ្ដាល...»

លោកបានបន្តទៀតថា៖ «ជនជាតិយួន ដែលចូលមករស់នៅក្នុងប្រទេសខ្មែរ តាំងពីក្រោយឆ្នាំ ១៩៧៩ រហូត​មកដល់សព្វថ្ងៃនេះ មានចរឹតជាជនជាតិឈ្លានពាន ដែលមិនមែនជាជាជនអន្តោប្រវេស្តន៍ស្របច្បាប់ រត់​មក​ដោយ​សារសង្គ្រាម នៅស្រុកយួន ឬដោយប្រកាណាមួយ របៀបជាជនភៀសខ្លួន ដែលទទួលស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលយួន ក្រុងហាណូយ មានផែនការបញ្ចូលជនជាតិយួន ឲ្យ​ចូល​មក​ក្នុងបេសកកម្មនយោបាយ ដើម្បីដណ្តើមយកដីខ្មែរកណ្តាល ដូចដែលយួនធ្លាប់ប្រើ ដណ្តើម​ឈ្លាន​ពាន​យក​ដី​ខ្មែរ កម្ពុជាក្រោម កាលពីសម័យស្តេចជ័យជេដ្ឋាទី ២។»

យ៉ាងណា គេមិនដឹងថា តើលោក សួន សេរីរដ្ឋា ចង់សំដៅទៅរកនរណា ឬគណបក្សណាមួយ ឲ្យច្បាស់ឡើយ ហើយក៏គេមិនអាចបញ្ជាក់ថា តើការស្នើឲ្យផ្ដល់ភាពស្របច្បាប់ ទៅឲ្យជនជាតិយួន ដែលកំពុងរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ជារបៀបវៀវៈនៃការជួបពិភាក្សា ជាមួយបណ្ដាមេដឹកនាំខ្មែរឬយ៉ាងណានោះដែរ ខណៈ​ជំនួប​រវាង​មេ​ដឹកនាំ​​​នៃប្រទេសទាំងពីរ ក្នុងរយៈកាល​នៃដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង ជា​លក្ខណៈ​បិត​ទ្វា៕