ក្រសួងកសិកម្ម ប្រកាស​ឲ្យ​កសិករ​ទប់ស្កាត់ «​ដង្កូវ​ហ្វូង​» ក្នុង​ស្រែចម្ការ​របស់ខ្លួន​ និពន្ធដោយ : ញ៉ុង​ ហេង       June-16-2016, 8:39 pm         89

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួងកសិកម្ម ប្រកាស​ឲ្យ​កសិករ​ទប់ស្កាត់ «​ដង្កូវ​ហ្វូង​» ក្នុង​ស្រែចម្ការ​របស់ខ្លួន​លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ភ្នំពេញ​៖ ក្រសួងកសិកម្ម ប្រកាសថា ដំណាំ​ស្រូវ ក្នុង​ខេត្ត​ចំនួន​៥ កំពុង​រង​ការបំផ្លាញ​ដោយ​សត្វ​ដ​ង្ហូ​វ​ហ្វូង​។ ក្រសួងកសិកម្ម​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន ឲ្យ​ដឹងថា ដោយសារតែ​ភាពរាំងស្ងួត​អូសបន្លាយ​យូរ បណ្តាល​ឲ្យ​ពពួកសត្វ​ដង្កូវ​ហ្វូង​នេះ កកើត​និង​រាលដាល​យ៉ាង​ឆាប់រហ័ស ដែល​ចាំបាច់​ត្រូវតែ​ទប់ស្កាត់​ជាបន្ទាន់​។​

​ក្រសួងកសិកម្ម ប្រកាស​ឲ្យ​កសិករ​ទប់ស្កាត់​ចំពោះ​ពពួកសត្វ​ដង្កូវ​ហ្វូង ដែលជា​សត្វល្អិត​ចង្រៃ​បំផ្លាញ​ដំណាំ​ស្រូវ នៅ​ដើមរដូវ​វស្សា​នេះ​។ ដង្កូវ​ហ្វូង​នេះ កំពុង​ផ្ទុះឡើង​ក្នុង​ខេត្តកំពង់ចាម​, ព្រៃវែង​, ត្បូង​ឃ្មុះ​, ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បំផ្លាញ​ដំណាំ​ស្រូវ​ក្នុង​ទីតាំង​ទាំងនោះ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ការត្រៀម​អន្តរាគមន៍​កំចាត់​ដង្កូវ​ហ្វូង​លើ​ដំណាំ​ស្រូវ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១៤​ខែមិថុនា​។ សេចក្តីជូនដំណឹង​នេះ​ឲ្យ​ដឹង​ទៀតថា គ្រោះរាំងស្ងួត​ដែល​អូសបន្លាយ​ឆ្នាំនេះ បណ្តាល​ឲ្យ​ពពួក​ដង្កូវ​ហ្វូង កកើត​និង​រាលដាល​យ៉ាង​ឆាប់រហ័ស ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ដើមរដូវ​មក​។​

​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន ក្រសួងកសិកម្ម បញ្ជាក់ថា ដង្កូវ​ហ្វូង​នេះ មិន​ត្រឹមតែ​បំផ្លាញ​ដំណាំ​ស្រូវ​ប៉ុណ្ណោះ​ទេ តែ​ដំណាំ​ពោត ស​ណ្ដែ​ត ស្ពៃ ជាដើម​ក៏​វា​បំផ្លាញ​ដែរ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​មួយ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ណែនាំ​ពី​វិធី​ទប់ស្កាត់​សត្វ​ដង្កូវ​ហ្វូង​នេះ​។ វិធី​ទី​១៖​កំចាត់​មេអំបៅ​ដង្កូវ​ហ្វូង ក្រសួង​ណែនាំ​ឲ្យ ធ្វើ​អន្ទាក់​ជូរអែម​គឺ គេ​ត្រូវដាក់​ទឹក​១​ភាគ ស្រាស​១​ភាគ ស្ករ​រងូរ​៤​ភាគ ទឹកខ្មេះ​៤​ភាគ លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ បន្ទាប់មក​លាយថ្នាំ Fipronil ចំនួន​២​មី​លី​លីត្រ ក្នុង​សូលុយស្យុង​១​លីត្រ​។ ក្រសួង​ប្រាប់ទៀតថា យក​សូលុយស្យុង​ខាងលើ​ដាក់​ក្នុង​ចានជ័រ​ស្ដើង ឬ​ជ្រលក់​នឹង​សំឡី​ជក់ទឹក រួច​ចង​ព្យួរ​តាម​ចម្ការ​នៅពេល​យប់ ដើម្បី​ឲ្យ​មេអំបៅ​មក​ជញ្ជក់ ដែល​នឹងធ្វើ​ឲ្យ​វា​ងាប់​។​

​ចំណែក​វិធី​ទី​២៖​កំចាត់​ដង្កូវ​ហ្វូង ក្រសួង​ណែនាំ​ថា ចំពោះ​ស្រែ​ដែល​គ្មាន​ទឹក កសិករ​ត្រូវ​ជីក​ចង្អូរ​នៅតាម​ព្រំ​ស្រែ ឬ​ចម្ការ​ដែលជា​ប់​ជាមួយ​ព្រៃ ឬ​ចម្ការចេក ឬ​មាន​ស្មៅ​ចង្រៃ​ដុះ​ច្រើន​នៅតាម​ព្រុំ (​ចង្អូរ​មានមុខ​លើ​ទំហំ​៣០​សង់ទីម៉ែត្រ រួច​រាយ​ផេះ​ពីលើ ឬ​បាញ់ថ្នាំ​បើ​មាន​ដង្កូវ​ចូល​ច្រើន​)​។ ក្រៅពី​វិធី​នេះ ក្រសួង​ណែនាំ​វិធី​១​ផ្សេងទៀត គឺ​កសិករ​ត្រូវ​ប្រើ​ឈើ​ស្រស់ ឬ​វត្ថុ​ធាតុ​ដទៃ​ដែល​អាច​ធ្វើជា​ម្លប់ យកទៅ​រាយ​ក្នុង​ស្រែ ឬ​ចម្ការ ក្នុង​គម្លាត​ពី​៤​ទៅ​៥​ម៉ែត្រ ហើយ​ពេលវេលា​ត្រូវដាក់​គឺ​ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​៣​រសៀល ក្នុងករណី​មេឃ​ស្រឡះ មាន​ថ្ងៃ​ក្តៅ​ខ្លាំង​។ បន្ទាប់​មករា​ល់ពី​២​ទៅ​៣​ម៉ោង​ម្តង កសិករ​អាច​យក​ដង្កូវ​កំទេចចោល​បាន​។

​ចំពោះ​ស្រែ​ដែលមាន​ទឹក ឬ​នៅ​ជិត​ប្រភពទឹក ក្រសួង​ប្រាប់​ដល់​កសិករ​ឲ្យ​បញ្ចូល​ទឹក​ទៅក្នុង​សំណាប ឬ​សន្ទូង​អោយ​លិច​ចុង​ស្រូវ រួច​ប្រើ​ស្បៃ​មុង​អូស​ប្រមូល​ដង្កូវ​យកទៅ​កំទេចចោល​។​

​ដោយឡែក​វិធី​ទី​៣៖​កំទេច​ប្រភព​ដង្កូវ​ហ្វូង​នៅ​ជុំវិញ​ស្រែ ក្រសួង​ណែនាំ​ថា កសិករ​ត្រូវ​សំអាត​ស្មៅ​ចង្រៃ និង​ប្រមូល​កំទេចកំទី​ដែលជា​ជំរក និង​ប្រភព​ដង្កូវ​ហ្វូង យកទៅ​កំទេចចោល​។ ក្រសួងកសិកម្ម បញ្ជាក់ថា ជម្រើស​ចុងក្រោយ​កសិករ​អាច​បាញ់​ថ្នាំ​កសិកម្ម​កំចាត់​ដង្កូវ​ហ្វូង​ដែល​លាក់ខ្លួន​ក្នុង​ស្មៅ​ចង្រៃ គុម្ព​ចេក ឬ​ដំណាំ​ឈើ​ហូប​ផ្លែ​ផ្សេងទៀត​នៅ​ជុំវិញ​ចម្ការ​។​

​បើតាម​សេចក្តីជូនដំណឹង​ដដែល​នេះ​បញ្ជាក់ទៀតថា  ក្នុងករណី​ធ្ងន់ធ្ងរ កសិករ​អាច​រាយការណ៍​មក​អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយផ្ទាល់ ឬ​តាមរយៈ​លេខ​ទូរ​សព្ទ ០១២ ៣៣៦ ៩៣៤ ឬ ០១២ ៣៣៥ ៩៥៦ ៕