គោ​អូស្ត្រាលី ដែល​ខ្មែរ​មិន​ធ្លាប់​មាន ពេលនេះ​បាន​មកដល់​កម្ពុជា​ហើយ

គោ​អូស្ត្រាលី ដែល​ខ្មែរ​មិន​ធ្លាប់​មាន ពេលនេះ​បាន​មកដល់​កម្ពុជា​ហើយ



ភ្នំពេញ​ ៖ ​គោ ប្រា​ម៉ាន​ របស់​ប្រទេស​អូស្ត្រាលី ដែល​ល្បីឈ្មោះ​នៅ​ទូទាំង​ពិភពលោក​បាន​នាំចូល​មកដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​ផលិត​សាច់​ចែកចាយ​នៅ​ទីផ្សារ​កម្ពុជា និង​ប្រទេស ចិន ថៃ វៀតណាម ជប៉ុន និង​ប្រទេស​មួយ​ចំនួនទៀត។

ថ្លែងប្រាប់​ឲ្យ​ដឹង នា​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ លោក អ៊ឹម វណ្ណា​រិ​ទ្ធ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន SLN(​អេស អិ​ល អិន សឹ​ប​ផ្លា​យ ភី​ធី​វ៉ា​យ ខូ​អ៊ិ​ល​ធី​ឌី​) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក គឺជា​ក្រុមហ៊ុន​ដំបូង​គេ និង​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​អាស៊ាន​ទាំងមូល ដែល​បាន​នាំ​គោ​ប្រា​ម៉ាន់​ពី​ប្រទេស​អូស្ត្រាលី ដើម្បី​ផលិត​ចេញ​ជា​សាច់ សម្រាប់​ចែកចាយ​នៅ​ទីផ្សារ​កម្ពុជា​និង​ទីផ្សារ​អន្តរជាតិ។

លោក​បន្តថា គោ​ប្រា​ម៉ាន់​ចំនួន​២៧៦៦​ក្បាល​នឹង​នាំ​មកដល់​ប្រទេស​កម្ពុជា ជា​លើកដំបូង​នា​ថ្ងៃទី​១៧ ខែ មិថុនា នេះ ហើយ​នឹង​ចាប់ផ្តើម​ផលិត​ចេញ​ជា​សាច់​ក្រោយ​រយៈពេល​បី​ថ្ងៃ​បន្ទាប់ពី​នាំចូល​ ដើម្បី​ចែក​ទៅតាម​ដេប៉ូ​កម្ពុជា​ទូទាំងប្រទេស។ តែ​យ៉ាងណាក្តី​លោក​រំពឹងថា ការនាំ​ចូល​គោ​ប្រភេទ​នេះ ដើម្បី​ផលិត​ជា​សាច់​នេះ នឹង​ទទួលបាន​ជោគជ័យ ដោយសារតែ​សាច់គោ​នេះ គឺ​ផលិត​នៅ​រោងចក្រ​នៅ​កម្ពុជា​តែម្តង​ដោយ​មិនចាំបាច់​ក្លាសេ​នោះទេ។

លោក​ថា «​នៅ​ថ្ងៃទី​២០​មិថុនា​ខាងមុខនេះ​ក្រុមហ៊ុន​របស់លោក នឹង​ចាប់ផ្តើម​ផលិត ក្នុង​មួយថ្ងៃ ២០០ ក្បាល សម្រាប់​ចែកចាយ​នៅ​ទីផ្សារ​កម្ពុជា។ លោក​ថ្លែង​ទៀតថា តម្លៃ​ដែល​លក់​នៅ​ទីផ្សារ​កម្ពុជា គឺ​ថោក​ជាង​សាច់គោ​អូស្ត្រាលី ដែល​ខ្មែរ​យើង​នាំចូល​កន្លងមក​»​។ តែ​យ៉ាងណាក្តី​លោក​មិនបាន​បញ្ជាក់ថា ក្នុង​មួយ​គី​ឡូង​តម្លៃ​ប៉ុន្មាន​នោះទេ​។

ក្រុមហ៊ុន អេស អិ​ល អិន សឹ​ប​ផ្លា​យ ភី​ធី​វ៉ា​យ ខូ​អ៊ិ​ល​ធី​ឌី គឺជា​ក្រុមហ៊ុន​ធំជាងគេ​នៅ​អាស៊ាន​​ សម្រាប់​ផលិត​សាច់គោ​អូស្ត្រាលី ដែល​បាន​វិនិយោគ​សាងសង់​រោងចក្រ​តម្លៃ​ជាង ៣០ លាន​ដុល្លារ​អាមេរិក។ រោងចក្រ​នេះ គឺ​ស្ថិតនៅ​ភូមិ​ព្រែក​ទាល ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ៕

គោ​អូស្ត្រាលី ដែល​ខ្មែរ​មិន​ធ្លាប់​មាន ពេលនេះ​បាន​មកដល់​កម្ពុជា​ហើយ