អ្នក​វិនិយោគ​ក្នុងស្រុក​បោះ​ទុន​ជាង​៣​លាន​ដុល្លារ ​សាងសង់​រោងចក្រ​ផលិត លូ

អ្នក​វិនិយោគ​ក្នុងស្រុក​បោះ​ទុន​ជាង​៣​លាន​ដុល្លារ ​សាងសង់​រោងចក្រ​ផលិត លូ



ភ្នំពេញ ​៖ ​អ្នក​វិនិយោគ​ក្នុងស្រុក​បានសម្រេច​ចិត្ត​បោះ​ទុន​ជាង​៣​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​រោងចក្រ​ផលិត​លូ​ប្រអប់​ជា​លើកដំបូង​នៅ​កម្ពុជា ​ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​វិនិយោគ​​​​​មើល​ឃើញ​ថា ទីផ្សារ​លូ​ប្រអប់​កំពុង​មាន​តម្រូវការ​ច្រើន។

លោក​ឈាង បូ​ណា នាយក​ក្រុមហ៊ុន 7FTD បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីដើម​សប្តាហ៍​នេះ​ថា រោងចក្រ​ផលិត​លូ​ប្រអប់​នេះ​នឹង​អាច​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០១៧​ខាងមុខនេះ ដែល​រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​លូ​ចាប់ពី​ទំហំ​៣០​សង់ទីម៉ែត្រ រហូតដល់​ទំហំ​២​ម៉ែត្រ​។ រោងចក្រ​នេះ​នឹង​ដំណើរការ​ដោយ​ប្រើប្រាស់​បច្ចេកទេស និង​បច្ចេកវិទ្យា​ ដែល​នាំចូល​ពី​អឺរ៉ុប ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្តង់ដារ​លូ​មាន​គុណភាព​ខ្ពស់ និង​មាន​ស្តង់ដារ​អន្តរជាតិ។

លោក​បន្តថា “​ការសម្រេចចិត្ត​វិនិយោគ​រោងចក្រ​ផលិត​លូ​ប្រអប់​នេះ ដោយសារ​លោក​មើល​ឃើញ តម្រូវការ​លូ​មានការ​កើន​ឡើង ព្រោះ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​រដ្ឋាភិបាល និង​ការ​វិនិយោគ​បុរី​នៅ​កម្ពុជា​កាន់តែ​ច្រើន​”​។​ លោក​បន្តថា “​យើង​មិន​ព្រួយបារម្ភ​ពី​ការប្រកួតប្រជែង​នោះទេ ព្រោះ​វា​ជាទី​ផ្សារសេរី ប៉ុន្តែ​អ្វីដែល​យើង​ផ្តោត​សំខាន់ គឺ​លើ​គុណភាព និង​តម្លៃ​”​។

លោក ឈាង បូ​ណា បាន​បន្តថា រោងចក្រ​របស់លោក​មា​ន​ទំហំ​ផ្ទៃដី​សរុប​ជាង​៦​ហិកតា និង​មាន​ទីតាំង​នៅក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជា​តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍ​​​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ រហូតមកទល់​ពេលនេះ​នៅ​កម្ពុជា មាន​រោងចក្រ​ផលិត​លូ​ខ្នាត​អន្តរជាតិ​ចំនួន​ពីរ បី​កន្លែង​ហើយ ដោយសារ​ពួកគេ​មើលឃើញ​តម្រូវការ​លូ​មានការ​កើនឡើង ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

​ ​លោក ទេស សុខា​ន់​ណូ អនុប្រធាន​គ្រប់គ្រង​ការដ្ឋាន​ទីក្រុង​ជ្រោយចង្វារ​ទទួលបន្ទុក​ហេដ្ឋារចនាសម្ព័ន្ធ ​និង​អគ្គិភ័យ​បាន​ថ្លែងថា បច្ចុប្បន្ន​ក្រុមហ៊ុន OCIC មាន​ទីតាំង​ផលិត​លូ​ដោយ​ខ្លួនឯង​ចំនួន​ពីរ​ផងដែរ ដែល​ទី​១ ស្ថិតនៅ​តំបន់​ទីក្រុង​ជ្រោយចង្វារ និង​ទី​២ ស្ថិតនៅលើ​កោះ​ពេជ្រ​។​

លោក​បន្តថា ដោយសារ​គម្រោង​ចំណុះ​ឲ្យ​ក្រុមហ៊ុន OCIC មាន​តម្រូវការ​លូ​ច្រើន ទើប​យើង​បាន​ធ្វើ​ការផលិត​លូ​ដោយ​ខ្លួនឯង ព្រោះ​វា​មាន​ផល​ចំណេញ​ច្រើនជាង​ទិញ​លូ​គេ​ផលិត​លក់ និង​អាច​ធ្វើ​បាន​គុណភាព​ល្អ ព្រោះ​យើង​អាច​គ្រប់គ្រង​ការផលិត​ដោយ​ខ្លួនឯង ខុសពី​លូ​គេ​ផលិត​លក់​តែងតែ​មានការ​លួច​គុណភាព​វត្ថុធាតុដើម៕

អ្នក​វិនិយោគ​ក្នុងស្រុក​បោះ​ទុន​ជាង​៣​លាន​ដុល្លារ ​សាងសង់​រោងចក្រ​ផលិត លូ