គណបក្ស​សង្គ្រោះ​ជាតិ​មានបំណង​យក​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​ផ្ទាល់​

គណបក្ស​សង្គ្រោះ​ជាតិ​មានបំណង​យក​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​ផ្ទាល់​



ភ្នំពេញ​ ៖​ គម្រោង​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​លោក សុន ឆ័យ មន្ត្រី​ជាន់ខ្ពស់ និង​ជា​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​ស្រាវជ្រាវ​ស្នាម​មេដៃ បាន​រក​ឃើញ​ថា ស្នាម​មេដៃ​ប្រជាពលរដ្ឋ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី​៣០ ខែឧសភា កន្លងទៅ​មាន​ភាពមិនប្រក្រតី​ច្រើន។

លោក សុន ឆ័យ បាន​ថ្លែង​ចំពោះ​មុខ​សកម្មជន និង​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា​ ថា គណបក្ស​បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​រួចហើយ ដើម្បី​ទូល​ថ្វាយ​ពី​បញ្ហា​នយោបាយ ហើយ​យើង​រង់ចាំ​ចម្លើយ នៅ​ពេល​មានការ​អនុញ្ញាត នឹង​យក​ញត្តិ​នេះ​ទៅ​ថ្វាយ​ផ្ទាល់​តែម្តង ដើម្បី​ជៀសវាង​មាន​ប្រតិកម្ម​ផ្សេងៗ​។ តាម​លោក សុន ឆ័យ អះអាង​ថា ការ​ធ្វើ​ញត្តិ​នេះ​មាន​សារសំខាន់ ពីព្រោះ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​ជា​កាតព្វកិច្ច​របស់​តំណាងរាស្ត្រ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា កន្លងទៅ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហែ​យក​ស្នាម​មេដៃ ដែល​គណបក្ស​នោះ​អះអាង​ថា ជា​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ដាក់ថ្វាយ​ព្រះមហាក្សត្រ ប៉ុន្តែ​ព្រះមហាក្សត្រ​បាន​បញ្ជូន​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ ហើយ​តាម​លទ្ធផល​បឋម គណៈកម្មការ​បាន​ពិនិត្យ​ឃើញ​មាន​បញ្ហា​ខ្លះ ដែល​ញត្តិ​មួយ​ចំនួន មានឈ្មោះ ប៉ុន្តែ​ពុំ​មាន​ស្នាម​មេដៃ ញត្តិ​ខ្លះ​មាន​ស្នាម​មេដៃ តែ​ពុំ​មាន​ឈ្មោះ ញត្តិ​ខ្លះទៀត មានឈ្មោះ មាន​ស្នាម​ដៃ ប៉ុន្តែ​ពុំមាន​បញ្ជាក់ អាសយដ្ឋាន​នៅ​ភូមិ ឃុំ និង​ខេត្ត​ណា​ទេ ហើយ​ក្រៅ​ពី​នេះ គណៈកម្មការ​ក៏បាន​រក​ឃើញ​មាន​ស្នាម​ដៃ​ខ្លះ ដែល​ជា​មេដៃ​របស់​មនុស្ស​ម្នាក់​ផ្តិត​ច្រើនដង នៅ​លើ​ឈ្មោះ​ផ្សេងទៀត ប៉ុន្តែ​ជា​រួម​ខ្លឹមសារ​នៅ​ក្នុង​ញត្តិ​ទាំងមូល គឺជា​ខ្លឹមសារ​ដូច​ៗ​គ្នា​តែមួយ ហើយ​ដែល​មាន​ការ​បោះពុម្ព​ស្រាប់។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ថា ការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា គឺមាន​ចំនួន​ជាង​២៦ ម៉ឺន​ស្នាម​មេដៃ ហើយ​នឹង​កំណត់​ថ្ងៃ​ហែ​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ នៅពេល​ខាងមុខ​។ លោក​បញ្ជាក់ថា ក្រុមតំណាងរាស្ត្រ​ទាំង​៥៥ រូប នឹង​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ហើយ​បើ​កា​រហែ​នោះ មានទោស គឺជា​រឿង​មួយ​ធ្ងន់ធ្ងរ​មួយ ហើយ​តំណាងរាស្ត្រ​ទាំង​៥៥​នាក់ នឹង​ដើរចូល​គុក​តែម្តង។

ទាក់ទង​បញ្ហា​នេះដែរ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​មានប្រសាសន៍​ព្រមាន​ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រជាពលរដ្ឋ​ហែ​ក្បួន​ដាក់​ញត្តិ ថ្វាយ​ព្រះមហាក្សត្រ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដោយ​គ្មាន​ការអនុញ្ញាត គឺ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ និង​មិន​អត់ឱន​ឲ្យ​បានទេ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា ញត្តិ​ដែល​ដាក់ថ្វាយ ព្រះមហាក្សត្រ កាលពី​លើក​មុន គឺ​ខាង​ជំនាញ​កំពុងតែ​ពិនិត្យមើល និង​រក​ឃើញ​ថា មាន​ភាព​មិនប្រក្រតី និង​មិន​ត្រឹមត្រូវ។

តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អះអាង​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​នេះ គ្មាន​អ្វី​ផ្សេង​ទេ គាត់​នៅតែ​ចិញ្ចឹម​ចិត្ត ចង់​ធ្វើ​អ្វី​ឲ្យ​វា​មាន​បញ្ហា ឲ្យ​វា​ច្របូកច្របល់ ធ្វើ​ឲ្យ​ទឹកល្អក់​ចាប់​ត្រី បាន​ន័យ​ថា ការ​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដោយ​ប្រើប្រាស់​រូបភាព​ប្រជាពលរដ្ឋ ហើយ​ជា​ឧបាយកល​របស់​ពួក​ពិសពុល ក្នុង​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺ​ក្រុម​តំណាងរាស្ត្រ​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​បោះបង់ចោល​។ ដូច​ប្រសាសន៍​របស់ សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ទោះជា​ចំណាយ អស់​ប៉ុន្មាន​ក៏ដោយ ដើម្បី​ការពារ​សន្តិភាព សន្តិសុខ​ជាតិ រាជរដ្ឋាភិបាល ត្រូវតែ​ហ៊ាន​ចំណាយ​៕