គ្រួសារ​រងគ្រោះ​ ដោយ​សារ​ខ្យល់​កន្ត្រាក់ ​នៅ​ស្រុក​សូទ្រនិគម ​​បាន​ទទួល​អំណោយ

គ្រួសារ​រងគ្រោះ​ ដោយ​សារ​ខ្យល់​កន្ត្រាក់ ​នៅ​ស្រុក​សូទ្រនិគម ​​បាន​ទទួល​អំណោយ



សៀមរាប​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ នៅ​ក្នុង​បរិវេណ​សាលាឃុំ​កៀន​សង្កែ ​ស្រុក​សូទ្រនិគម​ ខេត្ត​សៀមរាប​​​ លោក​ឧកញ៉ា​បណ្ឌិត​សៀង​ណាំ ​ប្រធាន​កិត្តិយស​​​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​សៀមរាប​​​ បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ផ្ដល់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ ​មកពី​០២​ភូមិ​ក្នុង​ឃុំ​កៀន​សង្កែ​ ស្រុក​សូទ្រនិគម​ ខេត្ត​សៀមរាប ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ រលំ​ផ្ទះ ​របើក​ដំបូល​ចំនួន​២០​ខ្នង​ផ្ទះ​កាលពី ​ថ្ងៃ​ទី​០៧ ខែ​មិថុនា​ ឆ្នាំ​២០១៦។

បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់​លោក​អភិបាលស្រុក​ជីក្រែង​ និង​តាម​ការ​បញ្ជាក់​នូវ​សម្រង់​ស្ថិតិ​នៃ​ការរង​គ្រោះ របស់​សាខា​កាកបាទក្រហម​ខេត្ត លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត បាន​ឲ្យ​ដឹង​ថា ស្ថានភាព​រងគ្រោះ​ដោយ​ខ្យល់​​កន្ត្រាក់​កាលពី​ថ្ងៃ​ទី​៧​ ខែ​មិថុនា ឆ្នាំ​​២០១៦​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​២០​ខ្នង​នៅ ក្នុងភូមិ​ចំនួន​២​ ក្នុង​ឃុំ​កៀន​សង្កែ ​ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប ហើយ​ក្នុង​នោះ​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​០៤​ខ្នង ​និង​របើក​ដំបូល​១៦​ខ្នង​ផង​ដែរ។ ចំពោះ​គ្រួសារ​រលំ​ផ្ទះ ទទួល​បាន​អំណោយ ១៤​មុខ និង​គ្រួសារ​ផ្ទះ​របើក​ដំបូល​ទទួល​បាន​១២​មុខ ក្នុង​នោះ​លោក​ឧកញ៉ា​​បណ្ឌិត​សៀង​ណាំ និង​លោកជំទាវ បាន​ឧបត្ថម្ភ​អំណោយ​មនុស្ស​ធម៌​ដល់​បងប្អូន​ទាំង​២០​គ្រួសារ ​ដោយ​មួយ​គ្រួសារ​រលំ​ផ្ទះ ទទួល​អង្ករ​២៥​គីឡូក្រាម​ ស័ង្កសី​១០​សន្លឹក និង​ថវិកា​ចំនួន​១០​​ម៉ឺន​រៀល។

ចំពោះ​គ្រួសារ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម​ តង់​កៅស៊ូ​១​ និង​ថវិកា​​ចំនួន​៥​​ម៉ឺន​រៀល​ជា​អំណោយ​របស់​សាខា។ ជាមួយ​គ្នា​នេះ​ដែរ​លោក​ឧកញ៉ា​​បណ្ឌិត​សៀង​ណាំ ប្រធាន​កិត្តិយស​ក៏បាន​បន្ថែម​ថវិកា​ផ្ទាល់ខ្លួន​៨​​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​ផងដែរ។

លោក​ឧកញ៉ា​បណ្ឌិត​សៀង​ណាំ ​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​ក៏បាន​សម្ដែង​នូវ​ការសោកស្តាយ​អាណិតអាសូរ ចំពោះ​បងប្អូន​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ​នឹកស្មាន​មិន​ដល់​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ខូចខាត​ផ្ទះសម្បែង​​​​ ​ដែល​បងប្អូន​បាន​ខិតខំ​កសាង​សម្រាប់​ជា​ទីជម្រក​រស់នៅ​សមរម្យ ​ប្រកបដោយ​សុភមង្គល។

លោក ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ជនរងគ្រោះ​ទាំងអស់​ត្រូវ​ធ្វើ​ការ​ជួសជុល​លំនៅឋាន​របស់​ខ្លួន​ឡើងវិញ ដើម្បី​ឲ្យ​រស់​នៅ​បាន​សមរម្យ ព្រមទាំង​ត្រូវ​ត្រៀមលក្ខណៈ​នូវ​ឧបករណ៍​សម្ភារៈ​កសិកម្ម ក្នុង​ការងារ​បង្កបង្កើន​ផល ដោយ​រដូវវស្សា​បាន​ចូល​មក​ដល់​ហើយ៕

គ្រួសារ​រងគ្រោះ​ ដោយ​សារ​ខ្យល់​កន្ត្រាក់ ​នៅ​ស្រុក​សូទ្រនិគម ​​បាន​ទទួល​អំណោយ