ឯកឧត្តម សម រង្ស៊ី រំពឹងថា​ការចូល​ស្រុក​មុន​ថ្ងៃ​បោះឆ្នោត នឹងមាន​អ្នកគាំទ្រ​ផុសផុល​ជាង​អាណត្តិ​មុន និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       June-16-2016, 9:19 pm         434

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឯកឧត្តម សម រង្ស៊ី រំពឹងថា​ការចូល​ស្រុក​មុន​ថ្ងៃ​បោះឆ្នោត នឹងមាន​អ្នកគាំទ្រ​ផុសផុល​ជាង​អាណត្តិ​មុន​មិនមែនជា​លើក​ទី​១​ទេ ដែល​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស ប្រកាសថា ខ្លួន​នឹង​ចូល​ស្រុក​វិញ​ឲ្យ​បាន​មុនពេល​បោះឆ្នោត​។ ប្រមុខ​បក្សប្រឆាំង​រូបនេះ​ក៏​សង្ឃឹមថា ការវិល​ចូល​ស្រុក​មុនពេល​បោះឆ្នោត​នេះ នឹង​អាច​ឲ្យ​លោក​ទទួលបាន​ការគាំទ្រ​យ៉ាង​ផុសផុល​ពី​ប្រជាពលរដ្ឋ​ច្រើនជាង​លើក​មុន​ផងដែរ​។​

​ឆ្លើយ​នឹង​សំណួរ​នៅក្នុង​កិច្ចសម្ភាសន៍​នៃ​វិទ្យុ​អាស៊ីសេរី ឯកឧត្តម សម រង្ស៊ី បាន​បន្ថែមថា ការវិល​ចូល​ស្រុក​វិញ​មិនមែន​អាស្រ័យ​លើ​ការ​ពេល​ឆាប់ ឬក៏​ពេល​យូរ​នោះទេ ពោលគឺ​អាស្រ័យ​ផលចំណេញ​ដល់​ប្រទេសជាតិ​។ «​បញ្ហាសំខាន់​មិនមែន​បញ្ហា​វិល​ត្រឡប់មក​ពេលណា​ថ្ងៃ​ណា​យ៉ាងម៉េច​ទេ​។ បញ្ហា​ធំ​អ្វីដែល​យើង​ត្រូវតែ​សម្រេច​គឺ​ការផ្លាស់ប្ដូរ … បើ​ថា​ខ្ញុំ​ត្រឡប់​ទៅវិញ​ស្អែក​ធានា​មួយរយ​ភាគរយ ថា​នឹងមាន​ការផ្លាស់ប្ដូរ​ខ្ញុំ​នឹង​ទៅវិញ​ស្អែក​ភ្លាម​។ តែបើ​ថា​មិនបាន​ធានា​ជោគជ័យ​ដែល​យើង​ចង់បាន​ទាំងអស់គ្នា ខ្ញុំ​នឹងមាន​គិតគូរ​ខ្ញុំ​មាន​វិធានការ មានការ​ងារ​ធ្វើ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី​។​

​មូល​ហេតុដែល​ឯកឧត្តម សម រង្ស៊ី សម្រេច​ពេល​ចូល​ស្រុក​មុន​ថ្ងៃ​បោះឆ្នោត​នេះ ដោយសារតែ​លោក​ធ្លាប់​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​ទឹកចិត្ត​ប្រជាពលរដ្ឋ​យ៉ាង​ផុសផុល កាលពី​ឆ្នាំ​២០១៣​កន្លងមក ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​កៅអី​ក្នុង​រដ្ឋសភា​។​

​តែ​ការរំពឹងទុក​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ត្រូវ​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជាការ​រំពឹងទុក​ខុស និង​អាច​បរាជ័យ​។ លោក អ៊ូ វីរៈ សម្លឹង​ឃើញថា ការប្រកាស​ចូល​ស្រុក​ជិត​ពេល​បោះឆ្នោត​នេះ ដែល​ឯកឧត្តម សម រង្ស៊ី កំពុងមាន​ក្ដី​រំពឹងគិតថា​ខ្លួន​នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ច្រើន​ដូច​កាលពី​ឆ្នាំ​២០១៣​ម្ដងទៀត ជា​ក្ដី​រំពឹង​ដែល​អាច​ឲ្យ​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​ខកចិត្ត ហើយក៏​នៅតែ​ក្លាយជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ទៀត​ដែរ មិនអាច​ក្លាយជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ឡើយ​។

​អ្នកវិភាគ​នយោបាយ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យុទ្ធសាស្ត្រ​មួយ​នេះ គឺ​គាត់​ចង់​ឲ្យ​មាន​ការចចារ​មុន​បោះឆ្នោត ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​ចុះមក​មាន​អ្នក​ហែហម​តាមផ្លូវ​ទទួល​ពី​ព្រលានយន្តហោះ ដើម្បី​ក្លាយជា​នយោបាយ​ឃោសនា​មួយ  ដូច​ឆ្នាំ ២០១៣ ដែរ​។ ប៉ុន្ដែ​ខ្ញុំ​មើលទៅ​ដូចជា​ការរំពឹងទុក​ខុស ហើយ​ជាការ​រៀបចំ​យុទ្ធសាស្ត្រ​ដដែល ហើយ​អាច​បរាជ័យ ដោយសារតែ​មនុស្ស​អាច​មិន​ឆ្លើយតប​ដូច​ការគិត​រប​ស់​គាត់​ទេ​»​។​

​កន្លងមក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ឈប់​យោគយល់​ឲ្យ​អ្នកណាម្នាក់ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ លើកលែងទោស​ឲ្យ​អ្នកណា​ទៀតហើយ ដោយ​សម្ដេច​ប្រកាសថា លោក​នឹង​កាត់​ដៃស្ដាំ​ចោល​ប្រសិនបើ​ខ្លួន​លើកដៃ​ចុះហត្ថលេខា​ស្នើសុំ​លើកលែងទោស​៕