ក្រោយ​ពី​សារភាព ស្ត្រី​ជាប់ចោទ​បាន​ដាក់​ពាក្យបណ្តឹង​ជំទាស់

ខេត្ត​ប៉ៃលិន ៖ ដោយ​យោង​តាម​ពាក្យសុំ​បដិសេធ​ចម្លើយ​របស់​ស្ត្រី​ជាប់ចោទ និង​យោង​តាម​ការ​បោះត្រា​ចូល​របស់​អយ្យការ​អម​សាលា​ដំ​បួង​ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ស្តី​ពី​ការ​ចោទប្រកាន់​ថា​ស្ត្រី​ខាងលើ​បាន​ប្រើ​ក្មេង​ប្រុស​ម្នាក់ ឲ្យ​យក​អំបែង​ដប​ទៅ​បោះចោល​នៅ​ក្នុង​ស្ទឹង​តំបន់​ទេសចរណ៍​នោះ ត្រួ​វ​បាន​ពលរដ្ឋ​រិះគន់​ថា វា​ជា​ករណី​គំរាមកំហែង​ជន​រង​គ្រោះ ដើម្បី​ឲ្យ​ឆ្លើយ​សារភាព ថា​ខ្លួន​បាន​ប្រព្រឹត្តិ​បទល្មើស​ពិតប្រាកដ​មែន ។

ទោះបី​យ៉ាងណា​ក៏​ដោយ យោង​តាម​ពាក្យសុំ​បដិសេធ​ចម្លើយ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ សេង នាង អាយុ​៥៣​ឆ្នាំ ជា​អាជីវករ​លក់ដូរ រស់នៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា កន្លង​ទៅ មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ទៅ​ឃាត់ខ្លួន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ទិ​ត្យ វាសនា អាយុ​១៣​ឆ្នាំ ដែល​រស់នៅ​ជាមួយ​ខ្លួន ខណៈ​កំពុង​នៅ​ក្នុងផ្ទះ សង្ស័យ​ថា​ជា​អ្នក​យក​អំបែង​ដប​ទៅ​ចោល​នៅ​ក្នុង​ស្ទឹង​តំបន់​ទេសចរណ៍​ភ្នំ​ដំបង ដោយ​ក្រោយ​ពេល​នាំ​ខ្លួន​ក្មេង​យក​ទៅ​សាកសួរ​រួច​ក៏​មានការ​គំរាមកំហែង​ពី​ដើមបណ្តឹង​ឲ្យ​ក្មេង​នោះ​ឆ្លើយ​សារភាព​តាម​ការ​ចោទប្រកាន់ រួច​ក៏​ដោះ​លែង​ក្មេង​នោះ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នៅ​ក្នុង​ពាក្យសុំ​បដិសេធ​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ក្មេង​ប្រុស​រូប​នោះ​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​មានការ​បញ្ជា​ពី​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ទៅ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​យក​ទៅ​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​កង​អាវុធហត្ថ​ខេត្ត អស់​រយៈពេល​មួយ​យប់​ពីរ​ថ្ងៃ ទើប​បញ្ជូន​ទៅ​សាលា​ដំ​បួង​ខេត្ត​ប៉ៃលិន នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែមិថុនា ។ ពាក្យសុំ​បដិសេធ​ចម្លើយ​បញ្ជាក់​ថា នៅ​ក្នុង​បន្ទប់​សាកសួរ​ក្នុង​សាលាដំបូង​ខេត្ត​ប៉ៃលិន មានការ​ចោទសួរ​ពី​លោក កែវ សា​វី ក្រឡាបញ្ជី និង​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​ខេត្ត ដោយ​សួរ​គាត់​ថា តើ​អ្នក​បាន​ប្រព្រឹត្ត​មែនឬ​អត់? ពេល​នោះ​គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​បាន​យក​អំបែង​ដប ឬ​បញ្ជា​ក្មេង​ប្រុស​ឲ្យ​យក​ទៅ​បោះចោល​ក្នុង​ស្ទឹង​ដូច​ដើមបណ្តឹង​ចោទប្រកាន់​នោះ​ទេ ។

ចំណែក​ភ្ញៀវ​ទេសចរណ៍ ដែល​មុត​ជើង​នោះ​ក៏​មិនដឹង​ថា​ពិត​ឬ​អត់​នោះ​ទេ​។ នៅ​ក្នុង​ពាក្យសុំ​បដិសេធ​ចម្លើយ​បាន​លើកយក​សំដី​ក្រឡាបញ្ជី​និយាយ​ចំពោះ​ជនជាប់ចោទ​ថា ហេតុ​អី​មីង​ខំប្រឹង​ប្រកែក​រឿង​នេះ បើ​ចង់​ចប់​ឆាប់​ៗ​សូម​ឆ្លើយ​សារភាព​ទៅ ថា​ប្រើ​ក្មេង​ឲ្យ​យក​អំបែង​ដប​ទៅ​បោះ​ក្នុង​ស្ទឹង​មែន ដើម្បី​ឲ្យ​រឿង​ឆាប់​ចប់​ជៀសវាង​មានរឿង​វែង​ឆ្ងាយ​តទៅ​ទៀត​កុំ​ចង់​ចាញ់​ឈ្នះ​ជាមួយ​ព្រះរាជ​អា​ជា្ញ​ធ្វើ​អ្វី ហើយ​រឿង​ព្រះរាជអាជ្ញា​គាត់​អត់​យក​លុយ​យក​កាក់​ទេ បើសិនជា​ឆ្លើយ​ពិត​នោះ ។ ក្រោយ​ពី​ថា កុំ​ចង់​ចាញ់ ឈ្នះ​ជា​ព្រះរាជអាជ្ញា​ធ្វើ​អី រួច​មក​គាត់ ក៏​បាន​ឆ្លើយ​សារភាព តាម​ពាក្យ​របស់​ព្រះរាជអាជ្ញា​រង​និង​ក្រឡាបញ្ជី ពីព្រោះ​គាត់​ត្រួ​វ​បាន​គេ​ឃាត់ខ្លួន​ទុក ហើយ​ពុំ​មាន​អ្នក​ទ​ទូល​ខុស​ត្រួ​វ​ចំពោះ​គ្រួសារ ដែល​មានកូន​ប្រុស​ម្នាក់​មាន​សតិ​មិន​គ្រប់ និង​ខ្វិន​ព្រមទាំង​ប្តី​ជា​ជន​ពិការ មាន​ជំងឺលើសឈាម​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ធ្វើ​អ្វី​មិនកើត​នៅផ្ទះ​ក៏​ឆ្លើយ​តែ​ម្តង​។ ក្នុង​ពាក្យសុំ​បដិសេធ​ចម្លើយ​បញ្ជាក់​ថា ក្រោយ​ពី​គាត់​ឆ្លើយ​សារភាព​រួច​លោក កែវ សា​វី ក្រឡាបញ្ជី​របស់​ព្រះរាជអាជ្ញា​រង សេង គឹ​ម​ឡាក់ ក៏​បាន​បញ្ចប់រឿង ។

ប៉ុន្តែ​មិន​បាន​ប្រគល់​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​ទៅ​គាត់​នោះ​ទេ ដោយ​តម្កល់​ទុក​នៅ​សាលាដំបូង​ខេត្ត រួច​ឱ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​គាត់​ក៏​ធ្វើ​ពាក្យសុំ​បដិសេធ​ចម្លើយ​របស់​ខ្លួន ដោយ​សំអាង​ថា​ខ្លួន មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក កែវ សា​វី ក្រឡាបញ្ជី​របស់​លោក​ព្រះរាជអាជ្ញា​រង សេង គឹ​ម​ឡាក់ បានឱ្យ​ដឹង​ថា ខាង​លោក​មិន​បាន​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​ឈ្មោះ សេង នាង ឆ្លើយ​សារភាព ថា​ពិតជា​បាន​យក​អំបែង​ដប​បោះ​ចូល​ទៅ​ក្នុង​ស្ទឹង​នោះ​ឡើយ គឺ​លោក​ប្រាប់​ឱ្យ​គាត់​ឆ្លើយ​ស្រប​ទៅ​នឹង​អ្វី ដែល​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​រួច​ហើយ បញ្ជូន​មក​ខាង​អយ្យការ ព្រោះ​ក្មេង​តូច​នោះ​បាន​សារភាព​ប្រាប់​ថា ពិតជា​ត្រូវ​ស្ត្រី​ខាងលើ​បញ្ជា​ពិតមែន ។

តែ​បន្ទាប់​ពី​មាន​បុរស​ម្នាក់ ឈ្មោះ វង់ អាយុ​ប្រហែល​៣០​ឆ្នាំ ត្រូវជា​កូន​របស់​គាត់​បាន​ឌុ​ប​ក្មេង​នោះ​ចេញ​ទៅ​ក្រៅ លុះ​ត្រឡប់​មក​វិញ ក៏​ប្រាប់​ថា គឺ​គេ​បង្ខំ​ឱ្យ​សារភាព​ទេ រូបគេ​មិន​បាន​បោះ​អំបែង​ដប​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ឡើយ ។ លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​គាត់​សារភាព​រួច ខាង​លោក​ក៏​អនុញ្ញាត​ឱ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​មាន​យកទោស​ពៃ​អ្វី​ឡើយ ។ ស្រាប់តែ​ព្រឹក​ថ្ងៃ​បន្ទាប់​មាន​ពាក្យ​បណ្តឹងសុំ​ជំទាស់​ការ​ឆ្លើយ​របស់​ខ្លួន​ទៅ​វិញ​ហើយ​ថែម​ទាំង​និយាយ​ថា ព្រះរាជអាជ្ញា​រង និង​ក្រឡាបញ្ជី​បង្ខំ​ឱ្យ​ឆ្លើយ​ទៅ​វិញ ពិតជា​ធ្វើ​ឱ្យ​លោក​ហួសចិត្ត​យ៉ាង​ខ្លាំង ៕