ទោះ​ក្លាយ​ជា​គូដណ្ដឹង ក៏​មិន​ប្រាកដ​ថាគេនឹងស្រឡាញ់​យើងដែរ…


គូ​ដណ្ដឹង​ខ្ញុំ​នាង​មិន​បាន​ស្រលាញ់​ខ្ញុំ​ដូច​ដែល​ខ្ញុំ​ស្រលាញ់​នាង​ទេ​ អូ​! ដំបូង​ខ្ញុំ​ក៏​មិន​បាន​ស្រលាញ់​នាង​ដែរ​គឺ​ដោយសារ​តែ​ពិធី​ស្ដី​ដណ្ដឹង​និង​ភ្ជាប់​ពាក្យ​។ នេះ​មិនមែន​ជា​​អ្វី​ដែល​រូប​ខ្ញុំ​បាន​ស្នើ​ឱ្យ​ម៉ាក់ប៉ា​ខ្ញុំ​និង​ម៉ាក់ប៉ា​របស់​នាង​ឡើយ​ គឺ​គាត់​ទាំង​អស់​គ្នា​បាន​យល់​ព្រម​រៀប​ចំ​ពិធី​នេះ​ឡើង។
ដំបូង​ខ្ញុំ​បាន​រារែក​ចិត្ត​ហាក់​ដូចជា​មិន​ចង់​សោះ ​តែ​ក្រោយ​មក​ប៉ា​របស់​ខ្ញុំ​គាត់​ក៏​និយាយ​ថា​បើ​ខ្ញុំ​មិន​ព្រម​ទេ​គាត់​នឹង​ទៅ​រស់​នៅ​ប្រទេស​ឡាវ​ ហើយ​មិន​ត្រឡប់​មក​វិញ​ទេ​ ពេល​នោះ​ហើយ​ខ្ញុំ​ក៏​ដាក់​ចិត្ត​យល់​ព្រម​តាម​គាត់​ តែ​ខ្ញុំ​បាន​សួរ​គាត់​ថា​តើ​ខាង​ស្រី​គេ​យល់ព្រម​ដែរ​ឬ​ទេ? ​ហើយ​គាត់​ក៏​បាន​ទូរសព្ទ​ទៅ​សួរ​ម៉ាក់ប៉ា​ខាង​ស្រី។
ពេល​និយាយ​ចប់​គាត់​ប្រាប់​ខ្ញុំ​ថា ​គេ​បាន​សួរ​កូន​គេ​រួច​ហើយ​ កូន​គេ​យល់​ព្រម​តាម​ម៉ាក់ប៉ា​គេ​ជា​អ្នក​រៀប​ទុក​ដាក់​។

លុះ​រំលង​បាន​ពីរ​ថ្ងៃ​គាត់​ក៏​ពិភាក្សា​គ្នា​អំពី​ពិធី​ភ្ជាប់​ពាក្យ​នោះ។​ គាត់​កំណត់​យក​ថ្ងៃ​ទី​ ០៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ជា​ថ្ងៃ​ភ្ជាប់​ពាក្យ​។ មួយ​អាទិត្យ​ក្រោយ​មក​ពិធី​ក៏​ចាប់​ផ្ដើម​ មនុស្ស​ម្នា​ជា​ច្រើន​បាន​ចូលរួម​ដោយ​ទឹក​មុខ​ស្រស់បស់​ហាក់​​ដូច​ជា​ត្រេកអរ​ខ្លាំង​ណាស់​ដែល​ឃើញ​ខ្ញុំ​ទាំង​ពីរ​បាន​បំពេញ​ភារកិច្ច​ជា​កូន​ល្អ​បែប​នេះ​។
នៅ​ក្នុង​ពិធី​នាង​ហាក់​ដូចជា​សប្បាយ​ចិត្ត​ណាស់! ​ទឹក​មុខ​នាង​ញញឹម​ជានិច្ច​។ ផ្ទុយ​មក​វិញ ​ទឹក​មុខ​ខ្ញុំ​ទេ​ដែល​មិន​ព្រម​ធ្វើ​តាម​ចិត្ត​ត្រេកអរ​​។
លុះ​ធ្វើ​ពិធី​ចប់​ហើយ​ភ្ញៀវ​ទាំង​អស់​ក៏​បាន​ពិសា​យ៉ាង​គគ្រឹកគគ្រេង​ សើច​លេង​សប្បាយ​តាម​ទម្លាប់​របស់​អ្នក​ផឹក​។
​ព្រឹក​ឡើង​ប៉ា​ម៉ាក់​របស់​នាង​ព្រម​ទាំង​នាង​ ​បាន​មក​លេង​ផ្ទះ​របស់​ខ្ញុំ​ ហើយ​ប៉ា​ម៉ាក់​របស់​នាង​ក៏​បាន​បបួល​ខ្ញុំ​ទៅ​សង្ឃទាន​ជូន​ម្ដាយ​របស់​គាត់​នៅ​ឯ​​ស្រុក​កំណើត​ដែរ។ ​
​ខ្ញុំ​ក៏​បាន​ទៅ​ជាមួយ​គាត់​ដោយ​ខ្ញុំ​ជា​អ្នក​បើក​ឡាន។​ ពេល​ធ្វើ​ដំណើរ​នាង​គ្មាន​មាត់ក​អ្វី​មួយ​មាត់​សោះ!​ខ្ញុំ​ក៏​មិន​បាន​និយាយ​ជាមួយ​នាង​ដែរ ​តែ​ខ្ញុំ​បាន​និយាយ​ឆ្លើយឆ្លង​ជាមួយ​ប៉ា​របស់​នាង។
​រហូត​ទាល់​តែ​ម៉ោង​ប្រាំ​បី​យប់​ទើប​ទៅ​ដល់​ លុះ​ដល់​ហើយ​បង​ប្អូន​មីង​មា​ជា​ច្រើន​បាន​មក​រាក់​ទាក់​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ បន្តិច​ក្រោយ​មក​ខ្ញុំ​ក៏​ដាច់​ចិត្ត​និយាយ​រក​នាង​គឺ​ផ្ដើម​ដោយ​ពាក្យ​ថា​ «អូន»។ «អូន​! បង​ភ្លេច​យក​ឆ្នាំង​សាក​ទូរសព្ទ​មក​ហើយ​!»
«ទូរសព្ទ​បង​ឯង​ម៉ាក​អី​?»
«iphone4s!»
«ខ្ញុំ​អត់​មាន​ទេ​តែ​បង​ប្រុស​មាន​ចាំ​ខ្ញុំ​ខ្ចី​គាត់​ឱ្យ​!»
បន្តិច​ក្រោយ​មក​នាង​ក៏​យក​មក​ហុច​ឱ្យ​ខ្ញុំ​ រួច​និយាយ​ថា​៖
«បង​ទៅ​ងូត​ទឹក​សិន​ទៅ! ​ន្អាល​មក​ញ៉ាំ​បាយ​ !»
«អូន​ងូត​មុន​បង​ទៅ​ចាំ​បង​ងូត​តាម​ក្រោយ​»
លុះ​ពួក​យើង​ងូត​ទឹក​រួច​ នាង​ក៏​បាន​ដួស​បាយ​ឱ្យ​ខ្ញុំ​ព្រម​ទាំង​ជួយ​ចាប់​សាច់​ដាក់​ក្នុង​ចាន​បាយ​របស់​ខ្ញុំ​ទៀត។
ពេល​នោះ​ខ្ញុំ​ក៏​ចាប់ផ្ដើម​ស្រលាញ់​នាង​បន្តិច​ម្ដងៗ។ ​បាយ​រួច​នាង​បាន​យក​ទឹក​ត្រជាក់​មក​ឱ្យ​ខ្ញុំ​ទៀត​ ខ្ញុំ​កាន់​តែ​ចូលចិត្ត​នាង​ថែម​ទៀត​។
​​បុណ្យ​ចប់​សព្វ​គ្រប់​ហើយ​ យើង​ក៏​បាន​ត្រលប់​មក​ផ្ទះ​វិញ។​ ពេល​មក​ដល់​ផ្ទះ​ខ្ញុំ ​នាង​ហាក់​ដូចជា​មិន​ចង់​ចុះ​ពី​ក្នុង​ឡាន​សោះ​ ខ្ញុំ​ក៏​បាន​និយាយ​ថា៖
​«អូន​ចុះ​សិន​មក​! ​ម៉ាក់​នៅ​ចាំ​អូន​នៅ​ក្នុង​ផ្ទះ​ឯណោះ​»
នាង​ក៏​ចុះ​មក​តែ​ទឹក​មុខ​មិន​សប្បាយ​សោះ​។

ពេល​ចូល​ដល់​ក្នុង​ផ្ទះ​នាង​ដើរ​ទៅ​អង្គុយ​ក្នុង​អង្រឹង​ ខ្ញុំ​និង​ប៉ា​របស់​នាង​អង្គុយ​នៅ​លើ​បង់​ទល់​មុខ​គ្នា​ ឯ​ម៉ាក់​របស់​នាង​អង្គុយ​នៅ​លើ​គ្រែ​ជាមួយ​ម៉ាក់​របស់​ខ្ញុំ។​

ពេល​នោះ​ប៉ា​របស់​នាង​បាន​និយាយ​ប្រាប់​នាង​ថា​៖
«មី​អូន​ ឱ្យ​លេខ​ទូរសព្ទ​ទៅ​បង​ទៅ»​
ដោយ​មិន​ចង់​ឱ្យ​នាង​ដើរ​មក​ខ្ញុំ​ក៏​កាន់​ទូរសព្ទ​សំដៅ​ទៅ​នាង។ ​​នាង​ក៏​យក​ទូរសព្ទ​ទៅ​កត់​លេខ​នាង​មក​ឱ្យ​ខ្ញុំ។​ ពេល​ឱ្យ​រួច​ហើយ​ប៉ា​ម៉ាក់​នាង​ក៏​លា​ម៉ាក់​ខ្ញុំ​ទៅ​ផ្ទះ​វិញ​។
​រំលង​បាន​មួយ​ថ្ងៃ​ខ្ញុំ​ក៏​នឹក​នាង​ ហើយ​ចង់​និយាយ​លេង​ជាមួយ​នាង​។ ខ្ញុំ​ក៏​លើក​ទូរសព្ទ​ខល​ទៅ​នាង​តែ​មិន​មាន​ការ​ឆ្លើយ​តប​សោះ​ ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​ទៅ​សួរ​សុខ​ទុក្ខ​នាង​ នឹក​នាង​ហើយ​ចង់​និយាយ​លេង​ជាមួយ​នាង​តែ​… លទ្ធផល​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ!​
គឺ​វា​បែប​នេះ…

នៅ​ថ្ងៃ​ទី​១៣​កុម្ភៈ​ឆ្នាំ​២០១៦​ខ្ញុំ​បាន​ខល​ទៅ​សុំ​ម៉ាក់ប៉ា​របស់​នាង​ដើម្បី​ទៅ​ដើរ​លេង​នៅ​កំពង់សោម។​ ពេល​នោះ​គាត់​បាន​យល់​ព្រម​ហើយ​ តែ​គាត់​ថា​ចាំ​សួរ​កូន​គាត់​សិន​ ខ្ញុំ​ក៏​រង់ចាំ​។

 

កន្លះ​ម៉ោង​ក្រោយ​មក​គាត់​ក៏​បាន​ខល​មក​ប្រាប់​ខ្ញុំ​ថា​កូន​គាត់​យល់​ព្រម​ទៅ​ហើយ​ ហើយ​គាត់​ក៏​បាន​បបួល​មិត្តភ័ក្ដិ​គាត់​ទៅ​ជាមួយ​ដែរ​ដោយ​គាត់​ប្រាប់​ខ្ញុំ​ថា៖
«​កូន​មិន​បាច់​ធ្វើ​ម្ហូប​អ្វី​ទេ! ​ទុក​ឱ្យ​ម៉ាក់​ជា​អ្នក​ធ្វើ​ហើយ​ស្អែក​កូន​ក្រោក​ពី​ព្រឹក​បន្តិច​ទៅ​ដើម្បី​ធ្វើ​ដំណើរ​ឆាប់​ដល់​»

ព្រឹក​ឡើង​ម៉ោង​៣​ទៀប​ភ្លឺ​ខ្ញុំ​ក៏​បើក​ឡាន​ទៅ​យក​ពួក​គាត់​។

ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ​គាត់​ ម៉ាក់​ក៏​ប្រាប់​ឱ្យ​ខ្ញុំ​លើក​ម្ហូប​ដែល​បាន​ធ្វើ​រួច​ដាក់​ក្នុង​ឡាន​មុន​ ហើយ​គាត់​ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ​មួយ​សន្ទុះ​ក្រោយ​មក​គាត់​ក៏​មក​ប្រាប់​ខ្ញុំ​ថា​ គូ​ដណ្ដឹង​ខ្ញុំ​ហៅ​មិន​ភ្ញាក់​សោះ​! គោះ​ទ្វា​បន្ទប់​យ៉ាង​ណា​ក៏​មិន​ព្រម។​ ​គាត់​ប្រាប់​ថា៖
«​កូន​ឯង​ទៅ​ចាំ​នៅ​ផ្ទះ​អ៊ំ​មុន​សិន​ចុះ!​ ​ចាំ​ប៉ា​និយាយ​លួង​ប្អូន​ឱ្យ»
​ខ្ញុំ​ក៏​មក​តាម​គាត់​ប្រាប់។​ លុះ​ចាំ​ប្រហែល​ជាង​មួយ​ម៉ោង​ ទើប​គាត់​ខល​មក​ប្រាប់​ថា នាង​អត់​ស្រួល​ខ្លួន​អត់​ចង់​ដើរ​ទៅ​ណា​ទេ​។
អារម្មណ៍​ខ្ញុំ​នៅ​ពេល​នោះ​ប្រៀប​ដូច​ជា​គេ​យក​កាំបិត​ដ៏​មុត​ស្រួច​ចាក់​ចំ​កណ្ដាល​បេះដូង​ខ្ញុំ​អញ្ចឹង!​
គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា​៖
«កូន​ឯង​ញ៉ាំ​បាយ​ដែល​ម៉ាក់​បាន​រៀប​ចំ​ឱ្យ​កូន​អម្បាញ់មិញ​នោះ​ទៅ​ ហើយ​ថ្ងៃ​នេះ​មិន​បាច់​ទៅ​ណា​ទេ​ព្រោះ​វា​ហាក់​ដូចជា​ប្រផ្នូល​មួយ​មិន​ល្អ​សោះ!»​
«បាទ​ម៉ាក់​! អញ្ចឹង​ម៉ាក់​និង​ប៉ា​មក​ញ៉ាំ​បាយ​ជុំ​គ្នា​មក​កូន​នៅ​ចាំ​!»
«មិន​អី​ទេ​កូន​ញ៉ាំ​មុន​ទៅ​បន្តិច​ទៀត​ទើប​ប៉ា​ម៉ាក់​ទៅ​ដល់​»
តែ​សំឡេង​គាត់​នៅ​ពេល​នោះ​ហាក់​ដូចជា​លាយឡំ​ទឹក​ភ្នែក ​នឹង​សំឡេង​អួល​ដើម​ក​មក​ជាមួយ​ផង​! «បាទ​ម៉ាក់​ប៉ា​មិន​អី​ទេ!​ អញ្ចឹង​កូន​ញ៉ាំ​បណ្ដើរៗ​មុន​ហើយ»​
មួយ​សន្ទុះ​ក្រោយ​គាត់​ទាំង​ពីរ​នាក់​មក​ដល់​តែ​ ស្នាម​ទឹក​ភ្នែក​នៅ​លើ​ថ្ពាល់​របស់​ម៉ាក់​មិន​ទាន់​ជូត​ស្ងួត​ស្រួលបួល​នៅ​ឡើយ​ទេ។
ក្នុង​ចិត្ត​ខ្ញុំ​នៅ​ពេល​នោះ​រវើរវាយ​មិន​ដឹង​គិត​អ្វី​ឱ្យ​ប្រាកដ​ឡើយ​ ខ្ញុំ​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​តាម​គាត់​ដែរ​តែ​ព្យាយាម​ទប់​មិន​ឱ្យ​វា​ស្រក់​មក​ជា​ដាច់​ខាត​។
ខ្ញុំ​ក៏​បាន​ដើរ​ទៅ​បើក​ទ្វារ​ឡាន​ហើយ​យក​គ្រឿង​សម្អាង​ដែល​ខ្ញុំ​បាន​ទិញ​ទុក​ជា​កាដូ​សម្រាប់​នាង​ ក្នុង​ថ្ងៃ​ទី​១៤​នោះ​ទៅ​ផ្ញើ​ឱ្យ​ម៉ាក់ប៉ា​ជួយ​យក​ទៅ​ឱ្យ​​នាង​ផង។​ ​ហើយ​ខ្ញុំ​ក៏​លា​គាត់​ទាំង​ពីរ​ត្រឡប់​មក​ផ្ទះ​របស់​ខ្ញុំ​វិញ​។
ទំនាក់ទំនង​រវាង​ខ្ញុំ​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់​ដោយសារ​តែ​នាង​បាន​ប្លុក​លេខ​ខ្ញុំ​ចោល​ ចាប់​តាំង​ពី​ពេល​ដែល​នាង​បាន​និយាយ​ថា​ប្លុក​នោះ​មក​ម្ល៉េះ!​ ដូច្នេះ​ខ្ញុំ​បាន​ត្រឹម​តែ​ខល​សួរ​សុខ​ទុក្ខ​នាង​តាមរយៈ​ប៉ា​នាង​តែ​ប៉ុណ្ណោះ​។
លុះ​ដល់​ថ្ងៃ​ទី ​២៥ ​ខែ ​មេសា ​ឆ្នាំ​ ២០១៦​ ប៉ា​របស់​នាង​បាន​ខល​មក​ប៉ា​របស់​ខ្ញុំ​សួរ​អំពី​រឿង​ខ្ញុំ​ឡើង​យន្ត​ហោះ​នៅ​ម៉ោង​ប៉ុន្មាន​? គាត់​ព្រម​ទាំង​ប្រពន្ធ​និង​កូន​បាន​ត្រៀម​ខ្លួន​មក​ជូន​ដំណើរ​រួច​រាល់​អស់​ហើយ។​
​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នាង​ហាក់​ដូច​មិន​សប្បាយ​ចិត្ត​សោះ​ ម៉ាក់​ខ្ញុំ​បាន​សួរ​ម៉ាក់​នាង​ថា​តើ​នាង​មាន​រឿង​អី​ទឹក​មុខ​ក្រៀម​ម្ល៉េះ​?
ម៉ាក់​នាង​ថា​ដោយសារ​តែ​នាង​ពុល​ឡាន​ទើប​បែប​នេះ​។
បន្តិច​ក្រោយ​មក​បង​​ស្រី​និង​ម្ដាយមីង​របស់​នាង​ បាន​បបួល​ខ្ញុំ​និង​នាង​ទៅ​ញ៉ាំ​ការ៉េម​ដែល​។​ ពេល​ញ៉ាំ​នាង​មិន​មាត់​អ្វី​សោះ ​ខ្ញុំ​និយាយ​តែ​ជាមួយ​មីង​និង​បង​របស់​នាង​​ប៉ុណ្ណោះ។

ក្រោយ​មក​ទើប​ខ្ញុំ​សួរ​នាង​ថា​៖
«អូន​បាន​ស្រួល​ខ្លួន​បន្តិច​ហើយ​ឬ​នៅ​?»
បាន​ធូរ​បន្តិច​ហើយ​! ក្នុង​ចិត្ត​ខ្ញុំ​សប្បាយ​ណាស់​ពេល​បាន​ឮ​នាង​និយាយ​។

ពេល​ញ៉ាំ​ហើយ​ពួក​យើង​ក៏​ដើរ​មក​វិញ​ ហើយ​ខ្ញុំ​និយាយ​ប្រាប់​នាង​ថា៖​
«ឈប់​ស្អប់​បង​ទៅ​ណា!​ បង​គ្មាន​នរណា​ក្រៅ​ពី​អូន​ឡើយ​ ពេល​បង​ទៅ​អូន​ថែរក្សា​ខ្លួន​ផង​ ពេល​ជិះ​ម៉ូតូ​ទៅ​រៀន​កុំ​ភ្លេច​ពាក់​មួក​សុវត្ថិភាព​ផង​ ព្រោះ​បង​ឃើញ​អូន​មិន​ដែល​ពាក់​វា​សោះ​ ហើយ​ពេល​បង​ខល​មក​ទទួល​ទូរសព្ទ​បង​ផង​! ព្រោះ​បង​ស្រលាញ់​និង​នឹក​អូន​ណាស់​»
នាង​បាន​ឆ្លើយ​ «ចាស» ​​ជានិច្ច​ ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ធូរស្បើយ​ខ្លះ​។
ពេលវេលា​ចេញ​ដំណើរ​ក៏​កាន់​តែ​កៀក​ ​ខ្ញុំ​បាន​លើក​ដៃ​សំពះ​គោរព​ប៉ា​ម៉ាក់​របស់​នាង​ព្រម​ទាំង​បង​ប្អូន​មីងមា​ និង​លត់​ជង្គង់​ចំពោះ​ម៉ាក់​របស់​ខ្ញុំ​សំពះ​បាទ​ជើង​គាត់​បី​ដង​ ព្រម​ទាំង​ក្រោក​ឡើង​ស្ទុះ​ទៅ​ឱប​នាង​យ៉ាង​ថ្នម​រួច​និយាយ​ថា​៖
«បង​ទៅ​សិន​ហើយ​អូន​ អូន​ថែរក្សា​ខ្លួន​ឱ្យ​បាន​ល្អ​ផង​ណា​អូន​ បង​ស្រលាញ់​អូន​!»
ហើយ​ខ្ញុំ​ក៏​ចាប់​រូត​វ៉ាលីស៍​យក​ Tablet ​ដែល​ខ្ញុំ​ធ្លាប់​ប្រើ​ទៅ​ឱ្យ​នាង​ទុក​លេង ​កុំ​ឱ្យ​អផ្សុក​។

 

ទោះ​ក្លាយ​ជា​គូដណ្ដឹង ក៏​មិន​ប្រាកដ​ថាគេនឹងស្រឡាញ់​យើងដែរ… ទោះ​ក្លាយ​ជា​គូដណ្ដឹង ក៏​មិន​ប្រាកដ​ថាគេនឹងស្រឡាញ់​យើងដែរ… ទោះ​ក្លាយ​ជា​គូដណ្ដឹង ក៏​មិន​ប្រាកដ​ថាគេនឹងស្រឡាញ់​យើងដែរ…

 

(សារដែលខ្ញុំធ្លាប់លេងជាមួយនាង)

 

នាង​មិន​ចង់​យក​ទេ​តែ​ម៉ាក់​ បង​ស្រី​ និង​មីង របស់​​នាង​ប្រាប់​​ឱ្យ​យក ​ហើយ​នាង​ក៏​ព្រម​យក​ ខ្ញុំ​ក៏​ប្រាប់​លេខ​កូដ​ឱ្យ​នាង​ដឹង។
​ ខ្ញុំ​ក៏​អូស​វ៉ាលីស៍​ចេញ​ទៅ​ តែ​នាង​បាន​ស្រែ​ហៅ​ខ្ញុំ​ថា​៖
«ឈប់​សិន​ប្រាប់​លេខ​កូដ​ខ្ញុំ​ម្ដង​ទៀត​មក​ខ្ញុំ​ភ្លេច​ហើយ!»​
ពេល​នោះ​ខ្ញុំ​ក៏​ចាប់​ឱប​នាង​ហើយ​ខ្សឹប​ប្រាប់​លេខ​កូដ​ទៅ​នាង​ ហើយ​ខ្ញុំ​ក៏​ចេញ​ទៅ​។

 

ពេល​មក​ដល់​កូរ៉េ​ខ្ញុំ​បាន​ខល​ទៅ​នាង​ ប្រាប់​ថា​បង​មក​ដល់​កូរ៉េ​ហើយ​បន្តិច​ទៀត​បង​និង​បន្ត​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស​។
លុះ​ទៅ​ដល់​ប៉ារីស​ខ្ញុំ​ក៏​ខល​ទៅ​នាង​ម្ដង​ទៀត​តែ​មិន​មាន​ការ​ឆ្លើយ​តប​សោះ​ ហើយ​ខ្ញុំ​ក៏​បន្ត​ដំណើរ​មក​ទីក្រុង​លីយ៉ុង​ដែល​ជា​កន្លែង​ខ្ញុំ​រស់នៅ។
​ខ្ញុំ​ក៏​ខល​ទៅ​នាង​ម្ដងទៀត​នៅ​តែ​មិន​មាន​ការ​ឆ្លើយ​តប​​ដដែល។
លុះ​ម៉ោង ​២ ​និង​ ៤០​ នាទី​ល្ងាច​នៅ​បារាំង​ត្រូវ​នឹង​ម៉ោង​ ៨​ និង ​៤០​នាទី​ យប់​នៅ​ស្រុក​យើង​ ខ្ញុំ​ក៏​បាន​យក​លេខ​ទូរសព្ទ​មួយ​ទៀត​ខល​ទៅ​។

ពេល​នោះ​នាង​ទទួល​ហាក់​ដូចជា​សប្បាយ​ចិត្ត​ណាស់ ​តែ​ដល់​ពេល​ឮ​សំឡេង​ខ្ញុំ​និយាយ​ នាង​ប្រែប្រួល​សំឡេង​ភ្លាម​។ នាង​ឆ្លើយ​តប​និង​ខ្ញុំ​ម៉ាត់​ៗ ​និយាយ​បាន​បី​បួន​ម៉ាត់​នាង​ក៏​ចុច​បិទ​ទូរសព្ទ​ទៅ​។

 

ហ៊ឺ​… ពេល​នេះ​ខ្ញុំ​គួរ​ធ្វើ​បែប​ណា​បន្ត​ទៀត​? ខ្ញុំ​មិន​ដឹង​ថា​នាង​ធ្វើ​បែប​នេះ​ដើម្បី​អ្វី​ទេ​? តើ​ខ្ញុំ​ខុស​ដែរ​ទេ​ដែល​បារម្ភ​ពី​នាង?​ ស្រលាញ់​នាង​? គិត​ពី​អនាគត​នាង?​ ចង់​មើល​ថែរក្សា​នាង​អស់​មួយ​ជីវិត​នោះ​?

 

អត្ថបទ៖ អ្នក​អាន​ Sabay ម្នាក់

ចុចអាន៖ មនុស្ស​ប្រុស​ក៏​ពិបាក​យល់​ណាស់​ដែរ​

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា