ដូនជី​ Valak នឹង​ឡើង​កូដ​ជា​តួ​ឯក​ក្នុង​រឿង “The Conjuring” ថ្មី

ក្រោយ​ភាព​ជោគជ័យ​ថ្មី​ៗ​របស់​ “The Conjuring 2” ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​នេះ​បាន​សម្រេច​ជ្រើស​យក​តួអង្គ​ដូនជី​បិសាច Valak ​ទៅ​ផលិត​ជា​រឿង​ថ្មី​មួយ​បន្ត​ទៀត ដែល​មាន​ចំណងជើង​ថា “The Nun”។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Hollywood Reporter។

 

ដូនជី​ Valak នឹង​ឡើង​កូដ​ជា​តួ​ឯក​ក្នុង​រឿង “The Conjuring” ថ្មី

 

ខណៈ​ដែល​ក្នុង​ខ្សែ​ភាពយន្ត “Conjuring 2” តួ​អង្គ​បិសាច​ដូនជី Valak ដែល​សម្ដែង​ដោយ​តារា​ស្រី Bonnie Aarons បាន​ចេញ​តែ​ពីរ​បី​ឈុត ក្នុង​រឿង​ថ្មី​នេះ​គឺ​នឹង​ផ្ដោត​សំខាន់​លើ​តួ​ដូនជី​បិសាច​នេះ​តែ​ម្ដង។​

 

លោក David Leslie Johnson ដែល​បាន​ចូល​រួម​សរសេរ​រឿង “Conjuring 2” នឹង​មក​បញ្ចេញ​ស្នាដៃ​និពន្ធ​សម្រាប់​រឿង “The Nun” ថ្មី​នេះ ហើយ​អ្នក​ដឹកនាំ James Wan ដែល​បាន​ដឹកនាំ​ភាពយន្ត “Conjuring” ទាំង​អស់​កន្លង​មក និង​លោក Peter Safran ជា​ផលិតករ​នឹង​ត្រលប់​មក​​សហការ​គ្នា​បន្ត​ទៀត​សម្រាប់​គម្រោង​មួយ​នេះ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ តួ​អង្គ​ដូនជី​បិសាច Valak ទើប​តែ​ត្រូវ​​គេ​ថត​បញ្ចូល​រយៈ​ពេល​៣​ខែ​មុន ភាពយន្ត “Conjuring 2” ចេញ​បញ្ចាំង​ប៉ុណ្ណោះ។ ដំបូង​ឡើយ​តួ​អង្គ​បិសាច​ក្នុង​រឿង​នេះ​គឺ​តួ​អង្គ​បិសាច​​មាន​ស្នែង ប៉ុន្តែ​ក្រោយ​មក​អ្នក​ដឹកនាំ James Wan ក៏​បាន​នឹក​ឃើញ​បង្កើត​​តួ​អង្គ​បិសាច Valak នេះ​ជំនួស​វិញ ហើយ​ក៏​សម្រេច​ចិត្ត​ថត​ឈុត​ខ្លះ​សា​ជា​ថ្មី​យ៉ាង​ប្រថុចញ៉ុច។

 

ជា​លទ្ធផល ការ​សម្រេច​ចិត្ត​និង​ការ​ប្រឹងប្រែង​នា​នាទី​ចុង​ក្រោយ​នេះ បាន​ទទួល​ផ្លែផ្កា​ជាទី​គាប់​ចិត្ត ដោយ​តួ​អង្គ​ដូនជី​បិសាច​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន និង​ជួយ​ឲ្យ​ភាពយន្ត​នេះ​បាន​ឡើង​ដល់​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ទៀត​ ជាមួយ​ចំណូល​ជាង ១០០លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង។

​“The Nun” នឹង​ក្លាយ​ជា​ភាពយន្ត​ទី​ពីរ​ដែល​បំបែក​ចេញ​ពី​​ស៊េរី​ភាពយន្ត “Conjuring” បន្ទាប់​ពី​រឿង “Annabelle” ដែល​បំបែក​ចេញ​ពី​ “Conjuring” វគ្គ​មួយ។ ភាពយន្ត​តុក្កតា​ខ្មោច “Annabelle” នេះ​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ដោយ​អាច​រក​ចំណូល​បាន២៥៦លាន​ដុល្លារ ឬ​ជិត​៤០ដង​នៃ​ដើម​ទុន​ផលិត ៕

 

ដូនជី​ Valak នឹង​ឡើង​កូដ​ជា​តួ​ឯក​ក្នុង​រឿង “The Conjuring” ថ្មី

Bonnie Aarons តារា​សម្ដែង​ជា​តួ​អង្គដូនជី Valak

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ hollywoodreporter