ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១០)

ភាគ​ទី​១០
អាចារ្យ​ពោល​យ៉ាង​សុភាព​ថា៖
«ខ្ញុំ​មាន​របួស​ដោយ​គ្រាប់​ដែក​របស់​លោក​ បើ​សិន​ជា​មិន​បាន​លោក​ឱ្យ​ថ្នាំ​ព្យាបាល​ទេ​នោះ ខ្ញុំ​ប្រហែល​ទៅ​ជា​ខ្មោច​ហើយ​ ពិត​មែន​តែ​ខ្ញុំ​បាន​ជ្រុល​ដៃ​បណ្ដាល​ឱ្យ​អស់​លោក​មាន​របួស​ ក៏​ដោយសារ​តែ​ការ​ប្រយុទ្ធ​ម្ដង​នេះ​ ទុក​ជា​ខ្ញុំ​ចាញ់​ទៅ​ចុះ!»
ហើចិនអើ​តប​ថា៖
«ប្រសិន​បើ​លោក​ទុក​ខ្លួន​ជា​ចាញ់​មែន​ សូម​ទុក​ដាវ​របស់​លោក​ឱ្យ​ពួក​យើង​ ហើយ​លោក​អញ្ជើញ​ទៅ​តែ​ខ្លួន​ចុះ!»
អាចារ្យ​ឮ​សម្ដី​នេះ​ភ្លាម​ គាត់​ក៏​ខឹង​ច្រឡោត​ឡើង​ ហើយ​គិត​ក្នុង​ចិត្ត​ថា​អញ​ទុក​មុខ​ឱ្យ​ពួក​ឯង​រាល់​គ្នា​ បាន​ជា​ទទួល​សារភាព​ទុក​ខ្លួន​ជា​ចាញ់​ ម៉េច​ក៏​ចង់​ទុក​ដាវ​របស់​អញ​ធ្វើ​អី​ទៀត? លុះ​គិត​ដូច្នោះ​ហើយ​គាត់​ឆ្លើយ​ថា៖
«ដាវ​នេះ​ជា​អាវុធ​សម្រាប់​ការពារ​ខ្លួន​របស់​ខ្ញុំ​ ដូច​ច្រត់​ដែក​របស់​លោក​ដែរ​ណា៎ ខ្ញុំ​ទុក​ជូន​មិន​បាន​ទេ!»

 

ហើចិនអើ​ស្រែក​ថា៖
«​ស្អី! ហ៊ាន​ចំអក​ខ្ញុំ​ថា​ភ្នែក​ខ្វាក់​ជើង​ខ្វិន​ឬ?»
«ខ្ញុំ​គ្មាន​គិត​ដូច្នោះ​ទេ!»
ហើចិនអើ​ឆ្លើយ​ទាំង​ខឹង​ថា៖
«ឥឡូវ​នេះ​យើង​មាន​របួស​ទាំង​អស់​គ្នា​ ពិបាក​នឹង​ប្រយុទ្ធ​ឱ្យ​អស់​សមត្ថភាព​ណាស់​ ឆ្នាំ​ក្រោយ​ថ្ងៃ​នេះ​សូម​លោក​អញ្ជើញ​មក​ជួប​គ្នា​នៅ​ភោជនីយដ្ឋាន​ស៊ីវស៊ុយ​ម្ដង​ទៀត!»
អាចារ្យ​ឈីវឈូជី​ឮ​ហើយ​គាត់​ចង​ចិញ្ចើម​គិត​ក្នុង​ចិត្ត​ថា​ ជន​ចម្លែក​ទាំង​៧​រូប​នេះ​មិន​មែន​ជា​មនុស្ស​ខូច​ទេ​ អញ​មិន​ត្រូវ​ទៅ​ប្រកួត​ប្រជែង​និង​ពួក​គាត់​ឱ្យ​ហួស​ពេក​ទេ​ តែ​អញ​ដោះ​សារ​នឹង​ពួក​គាត់​ម្ដេច​បាន​ ការ​នេះ​ដូច​ជា​ពិបាក​ណាស់​ បើ​អញ​ទទួល​ព្រម​នឹង​គាត់​ទៅ​នោះ ឆ្នាំ​ក្រោយ​អញ​ត្រូវ​មក​ជួប​នឹង​គាត់​ម្ដង​ទៀត​ ខ្លួន​អញ​តែ​ម្នាក់​ឯ​ពួក​គាត់​មាន​ទៅ​ដល់​៧​នាក់​ដូច​ជា​ពិបាក​ឈ្នះ​គាត់​ដែរ។ គិត​អស់​មួយ​សន្ទុះ​ក្រោយ​មក​ក៏​ឆ្លើយ​ឡើង​ថា៖
«អស់​លោក​ចង់​ប្រកួតប្រជែង​នឹង​ខ្ញុំ​ទៀត​ក៏​បាន​ដែរ​ តែ​វិធី​ប្រកួត​ត្រូវ​ខ្ញុំ​ជ្រើស​រើស ប្រសិន​បើ​មិន​ដូច្នោះ​ទេ​… ណ្ហើយ​ឱ្យ​ខ្ញុំ​សុំ​ចាញ់​ទៅ​ចុះ!»
ហានប៉ៅឈី​ ហានសាវសុង​និង​ចាងអាសិង​ នាំ​គ្នា​ក្រោក​ឈរ​ឡើង​ ឯ​ជូធុង​ក៏​ក្រោក​ពី​គ្រែ​ឡើង​ដែរ​ គេ​បន្លឺ​វាចា​ព្រម​គ្នា​ថា៖
«បើ​ពួក​យើង​ចង់​ប្រកួតប្រជែង​នឹង​អ្នក​ណា​ យើង​ជ្រើស​ពេល​និង​ទី​កន្លែង​តែ​ខ្លួន​ឯង​ ដោយ​មិន​ព្រម​ទទួល​លក្ខខណ្ឌ​ពី​នរណា​ជា​ដាច់​ខាត គឺ​ជា​ទម្លាប់​របស់​យើង​ណា៎!»

 
ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១០)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ