តារា​​ជើង​ចាស់​ម្នាក់ ​កើត​​ទាច​ទឹក​​កាន់តែ​ធ្ងន់ធ្ងរ ​ថ្ងូរអត់​​ប្រាក់​ព្យាបាល

“ក្មួយ​អើយ ពេល​ចុក​ម្ដងៗ​ចង់​តែ​​ផុត​ទេ ​ឥឡូវ​ហ្នឹង​ខ្លួន​​កាន់​តែ​ហើម​ទៅៗ មិន​ដឹង​រស់​បាន​ប៉ុន្មាន​ទៀត​ទេ អ៊ី​អត់​មាន​លុយ​សោះ​សូម្បី​តែ១រៀល…” តារា​សម្ដែង​ជើង​ចាស់​អ្នក​ស្រី ឈុន ណារី ដែល​ល្បី​ទាច​ទឹក​ជា​ច្រើន​ឆ្នាំ​មក ថ្លែង​​ទាំង​ទឹក​ភ្នែក​ប្រាប់ Sabay ​ព្រឹក​នេះ។

 

តារា​​ជើង​ចាស់​ម្នាក់ ​កើត​​ទាច​ទឹក​​កាន់តែ​ធ្ងន់ធ្ងរ ​ថ្ងូរអត់​​ប្រាក់​ព្យាបាល

 

សិល្បករ​ជើង​ចាស់​​​ដែល​មាន​ប្ដី​ជា​យោធិន​ពិការ​ផង​នោះ​ បាន​បន្ត​ថា ក្រុម​គ្រួសារ​មិន​ត្រឹម​តែ​មិន​មាន​ប្រាក់​​ព្យាបាល​ទេ បច្ចុប្បន្ន​​ថែម​​ទាំង​ជំពាក់​គេ​ថែម​ទៀត​ផង ។ ដោយសារ​សភាព​ជំងឺ​កាន់តែ​ធ្វើ​ទុក្ខ​ខ្លាំង​ទៅៗ។ អ្នក​ស្រី​ប្រាប់​ថា អ្នក​ស្រី​ដឹង​ខ្លួន​​ឯង​ថា​មិន​អាច​​រស់រាន​បាន​យូរ​អង្វែង​ទៀត​ឡើយ ដូច្នេះ​ហើយ​ គ្រា​ចុង​ក្រោយ​នេះ ប្រាថ្នា​ចង់​ពិសា​អ្វី​ឆ្ងាញ់ ដើម្បី​ជីវិត​ចុង​ក្រោយ​ប៉ុណ្ណោះ។

 

ជំងឺ​ទាច​ទឹក ​របស់​អ្នក​ស្រី​​អ្នក​ស្រី ឈុន ណារី បាន​ចាប់​​ផ្ដើម​ធ្វើ​ទុក​ខ្លាំង​​ជាង១ឆ្នាំ​​មក​ហើយ អាការ​​​ជំងឺ​គឺ ចុក ហត់ ពិបាក​ដក​ដង្ហើម។ កន្លង​មក អ្នក​ស្រី​បាន​ទៅ​ព្យាបាល​ពេទ្យ​ជា​ច្រើន​កន្លែង តែ​ពេទ្យ​ប្រាប់​ថា មិន​មាន​សង្ឃឹម​​ឡើយ ត្បិត​អី​ជំងឺ​នេះ បាន​ចូល​ដល់​ដំណាក់​ការ​ធ្ងន់ធ្ងរ​​ហើយ បើ​ព្យាបាល​ត្រូវ​ការ​ប្រាក់​ច្រើន។ ដោយ​សារ​តែបែប​នេះ បច្ចុប្បន្ន គឺ​​ពឹង​លើ​ការ​ព្យាបាល​ដោយ​​លេប​ថ្នាំ​ខ្មែរប៉ុណ្ណោះ ។

 

តារា​​ជើង​ចាស់​ម្នាក់ ​កើត​​ទាច​ទឹក​​កាន់តែ​ធ្ងន់ធ្ងរ ​ថ្ងូរអត់​​ប្រាក់​ព្យាបាល

 

ងាក​មក​ក្រុម​គ្រួសារ​​វិញ អ្នក​ស្រី ឈុន ណារី មាន​ស្វាមី​ជា យោធិន​ពិការ មាន​កូន​ស្រី​ម្នាក់ កំពុង​សិក្សា នៅ​សាកលវិទ្យាល័យ​មួយ។បច្ចុប្បន្ន​ក្រុម​គ្រួសារ មិន​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​ឡើយ គឺ​រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​នៅ​ឯ​​ខេត្ត សៀម​រាប ហើយ​ពឹង​ផ្អែក​ទាំង​ស្រុង លើ​ប្រាក់​សោធន​និវត្តន៍៣០ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

 

ជិត២០ ឆ្នាំ​​ហើយដែល អ្នក​ស្រី ឈុន ណារី បាន​ចូល​សិល្បៈ អាជីព​ស្ទើរ​មួយ​ជីវិត​នេះ​មិន​មាន​អ្វី​សល់​ឡើយ កម្រៃ​បាន​មក​​ពី​ការ​ថត បាន​ត្រឹម​តែ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​ជួយ​ឲ្យ​កូន​ស្រី​បាន​រៀន​ប៉ុណ្ណោះ។

 

ប្រសិន​បើ​សប្បុរសជន​ មាន​បំណង​ចង់​ជួយ​ដល់​តារា​សម្ដែង​ជើង​ចាស់រូប​​នេះ អាច​ទាក់​ទង​ទៅ​លេខ​​ទូរសព្ទ​អ្នក​ស្រី​ផ្ទាល់ 097 600 9297 / 015 423 553៕

 

តារា​​ជើង​ចាស់​ម្នាក់ ​កើត​​ទាច​ទឹក​​កាន់តែ​ធ្ងន់ធ្ងរ ​ថ្ងូរអត់​​ប្រាក់​ព្យាបាល

 

អត្ថបទ៖ ខុត សីហា