Brexit៖ អង់គ្លេស​នឹងបាត់បង់​ផលប្រយោជន៍​ទាំងអស់​ពីអឺរ៉ុប ក្នុង​ករណី​សម្រេច​ដើរ​ចេញ

នៅសល់ពេលមិនដល់១សប្តាហ៍ទៀតទេ ពោលគឺថ្ងៃទី ២៣ មិថុនា ដែលប្រជាជនអង់គ្លេស ត្រូវធ្វើប្រជាមតិដើម្បីសម្រេចថា ទុកប្រទេសអង់គ្លេស ឲ្យនៅជាសមាជិកសហគមអឺរ៉ុបទៀត រឺក៏ត្រូវដើរចេញ។ សេចក្តីថ្លែងការអំពាវនា ទាំងក្រុមអ្នកគាំទ្រ ទាំងក្រុមអ្នកមិនគាំទ្រ បានឡើងកំដៅកាន់តែខ្លាំង ដោយម្នាក់ៗអះអាងពីផលប្រយោជន៍ និងផលលំបាក បើសិនជាអង់គ្លេសដើរចេញពីអឺរ៉ុប។ ជាក់ស្តែងលោកស្រីអង់ហ្គេឡា មែគែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា បើអង់គ្លេសដើរចេញពីអឺរ៉ុប នោះអង់គ្លេសនឹងលែងទទួលបានផលប្រយោជន៍ ពីសហគមអឺរ៉ុបទៀតហើយ។

Brexit៖ អង់គ្លេស​នឹងបាត់បង់​ផលប្រយោជន៍​ទាំងអស់​ពីអឺរ៉ុប ក្នុង​ករណី​សម្រេច​ដើរ​ចេញ

មានអ្នកនយោបាយអង់គ្លេសខ្លះ ដែលស្រែកអំពាវនាវឲ្យប្រជាជនបោះឆ្នោតយល់ព្រម ឲ្យអង់គ្លេសចេញពីអឺរ៉ុប បានអះអាងថា បើអង់គ្លេសដើរចេញ អង់គ្លេសនឹងមានឯករាជម្ចាស់ការម្នាក់ឯង ហើយផលប្រយោជន៍ពីអឺរ៉ុបទៀតសោត ក៏អង់គ្លេសមិនបាត់បង់ដែរ ព្រោះអង់គ្លេសអាចចរចាជាមួយអឺរ៉ុបបាន។

ដើម្បីឆ្លើយតបទៅនឹងពាក្យឃោសនាឲ្យតែរួចពីមាត់របៀបនេះ លោកស្រីអង់ហ្គេឡា មែគែល អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ នៅថ្ងៃព្រហស្បតិ៍ថា ក្នុងករណីដែលអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុប នោះមានន័យថា អង់គ្លេស នឹងលែងអាចក្រេបយកផលប្រយោជន៍ទាំងឡាយណា ដែលផ្តល់ឲ្យដោយសហភាពអឺរ៉ុបទៀតហើយ។ អង់គ្លេស នឹងត្រូវសហភាពអឺរ៉ុបចាត់ទុក ជាប្រទេសដទៃ មិនខុសពីប្រទេសផ្សេងទៀត ដែលមិនមែនសមាជិកក្នុងសហភាពអឺរ៉ុប ដូច្នោះដែរ។ បន្ថែមពីនេះ កិច្ចចរចាសេដ្ឋកិច្ចដែលសហភាពអឺរ៉ុបកំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ នឹងលែងជាកិច្ចចរចារបស់ប្រទេសទាំង២៨ហើយ តែគឺជារបស់ប្រទេសទាំង២៧ប៉ុណ្ណោះ។

លោកស្រីបានបន្ថែមថា ដូច្នេះគ្មានរឿងអ្វី ដែលអង់គ្លេសចំណេញទេ ក្នុងករណីដែលប្រជាជនបោះឆ្នោតដើរចេញពីអឺរ៉ុប។ យ៉ាងណាមិញចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ ធ្លាប់បានបញ្ជាក់ផងដែរ បន្ទាប់ពីបានឮថា អ្នកនយោបាយអង់គ្លេសអះអាងថា អាចនៅតែចរចាបានអភ័យឯកសិទ្ធិពិសេសពីអឺរ៉ុប បើទោះបីអង់គ្លេសឈប់ ជាសមាជិកអឺរ៉ុបក៏ដោយ។ ក្នុងន័យនេះ អុ្នកនយោបាយអង់គ្លេស ដែលញុះញង់ ឲ្យអង់គ្លេសដើរចេញពីអឺរ៉ុប ចង់សំដៅយកគំរូតាមប្រទេសន័រវេហ្ស និងស្វីស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុបទេ តែបានចុះហត្ថលេខាពិសេស ជាមួយអឺរ៉ុប។

នៅថ្ងៃទី២៣មិថុនា ខាងមុខនេះ ប្រជាជនអង់គ្លេស នឹងត្រូវបោះឆ្នោតធ្វើប្រជាមតិ។ យ៉ាងណាមិញ យោងតាមការស្ទាបស្ទង់មតិ របស់វិទ្យាស្ថាន Ipsos-Mori បានបង្ហាញជាលើកទីមួយអំពីជ័យជំនះរបស់សម្លេងគាំទ្រឲ្យអង់គ្លេសដើរចេញ ពោលគឺ៥៣% យល់ព្រម ទល់នឹង៤៧%មិនយល់ព្រម។

គួរបញ្ជាក់ផងដែរថា The City គឺទីផ្សារហិរញ្ញវត្ថុដ៏ធំបំផុត ដែលមានទីតាំងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស គឺជាចំណុចស្នូល នៃការព្រួយបារម្ភ ក្នុងករណីដែលអង់គ្លេសលែងនៅក្នុងអឺរ៉ុបទៀត។ គេបារម្ភថា ស្ថាប័នហិរញ្ញវត្ថុ រឺធនាគានានា នឹងដកខ្លួនចេញពីទីផ្សារនេះ ព្រោះដោយសារពួកគេបាត់បង់អត្ថប្រយោជន៍ពីការរកស៊ី ជាមួយសហភាពអឺរ៉ុបអស់ទៅហើយ។

ដោយឡែក លោក ប្រធានគណកម្មការអឺរ៉ុប បានថ្លែងថា ទោះអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប ក៏អឺរ៉ុបមិនរលំដែរ។ អឺរ៉ុបនៅតែដើរទៅមុខ តែអឺរ៉ុប ត្រូវសម្លឹងបកក្រោយ នឹងរៀបចំកែតម្រូវ កុំឲ្យមានករណីបែបនេះផ្សេងទៀត។ យោងតាមព័ត៌មានបឋម ស្ថាប័នកំពូលទាំងបីរបស់សហភាពអឺរ៉ុប មានគម្រោងជួបប្រជុំគ្នា នៅថ្ងៃទី២៤មិថុនា ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ ដើម្បីចាត់ចែងនីតិវិធី ដោយយោងទៅលើលទ្ធផលប្រជាមតិ របស់ប្រជាជនអង់គ្លេស៕

ប្រភពៈ RFI