​សេវាកម្ម​សាធារណ​:​ខ្លាំង​​ នឹង​ធ្វើ​​ឱ្យ​​ប្រជាជន​​សប្បាយ​ចិត្ត

ជា​ញឹកញាប់​​ណាស់ ប្រជាជន​មានការ​លំបាក ​នៅ​ពេល​ដែល​ប្រើប្រាស់​សេវាកម្ម​សាធារណ​:​ ។ គុណភាព​សេវា​សាធារណ​:​បាន​ក្លាយ​ជា​សញ្ញា​ចង្អុលបង្ហាញ​អំពី​​ប្រ​សិ​ទ្ធ​ភាព​​ការងារ​របស់​​រដ្ឋាភិ​បាល​ ។

ដោយសារ​តែ​សេវាកម្ម​សាធារណ​:​ខ្សោយ វា​បាន​ធ្វើ​​ឱ្យ​​ប្រជាជន​មិន​សប្បាយចិត្ត ​ហើយ​ក៏​បាន​ធ្វើ​​ឱ្យ​​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ ។ មន្ត្រី​រដ្ឋ​ត្រូវ​តែ​គិត​ថា​ ខ្លួន​ជា​អ្នកបម្រើ​ប្រជាជន​ពិត​ៗ ​។ ការ​ផ្តល់​សេវាកម្ម​ល្អរហ័ស ​និង​ប្រកបដោយ​គុណ​ភាព​នឹង​​ធ្វើ​ឱ្យ​​ប្រជាជន​ផ្តល់​ពិន្ទុ​​​កាន់តែ​ច្រើន​ដល់​រដ្ឋាភិបាល​ ។

ជាមួយ​នឹង​ការ​ទទួលស្គាល់​​បែ​ប​​នេះ រដ្ឋាភិបាល​បាន​និង​កំពុង​តែ​ប្រឹង​ធ្វើ​កំណែទម្រង់​សាវា​កម្ម​សាធារណ​:​ ដើម្បី​បម្រើប្រជាជន​។
ជាក់ស្តែង កន្លែង​ប្តូរ និង​ពន្យារ​ប័​ណ្ណ​បើកបរ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​​ដំណើរការ កាលពី​ថ្ងៃ​ទី​១៥ ​មិថុនា ​២០១៦ នៅ​ផ្សារ​ទំនើប AEON Mall ក្នុង​រាជធានី​ភ្នំពេញ​ ។

ដំណើរការ​ប្តូរ ឬ​ក៏​ពន្យារ​ប័​ណ្ណ​បើកបរ​​នោះ​ត្រឹមតែ​យ៉ាង​យូរ៣០នាទី ហើយ​តម្លៃ​សេវា គឺ​ឡាន​៤​ម៉ឺន​រៀល ( ៣​ម៉ឺន​រៀល ថ្លៃបង់​ចូល​ក្រសួង និង​១​ម៉ឺន​រៀល ថ្លៃ​ពិនិត្យ​សុខភាព) ។ រីឯ​ម៉ូតូ ( ចាប់ពី​កម្លាំង ១២៦ CCឡើង ) តម្លៃ៣​ម៉ឺន​រៀល ( ថ្លៃបង់​ចូល​ក្រសួង​២​ម៉ឺន​រៀល និង​ថ្លៃ​ពិនិត្យ​សុខភាព​១​ម៉ឺន​រៀល) ​។

ការ​បង្កើត​មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ​បន្ថែម​លើ​កន្លែង​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ នៅ​តាម​នាយកដ្ឋាន​ដឹក​ជញ្ជូន និង​តាម​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី-ខេត្ត ត្រូវ​បាន​ស្វាគមន៍​សាទរ និង​ការ​កោត​ស​រ​សើរ​យ៉ាង​ខ្លាំង​ពី​មហាជន​ ។ បើ​សិនជា​គ្រប់​ក្រសួង​រដ្ឋ​ទាំងអស់ ​អាច​បម្រើប្រជាជន​បាន​កាន់តែ​ប្រសើរ​នោះ ប្រជាជន​នឹង​កាន់តែ​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន ​ហើយ​ប្រជាជន​កាន់តែ​សប្បាយចិត្ត​ ដោយសារ​តែ​ពួក​គេ​រស់នៅ​បាន​កាន់តែ​ស្រួល និង​កាន់តែ​ប្រសើរ​ ៕