ឃើញ​ដេក​ដើរទៅ​ដាស់ ស្រាប់តែ​ផ្អើល​កំពង់ដ​អរិយ​ក្សត្រ

រាជធានី​ភ្នំពេញ ៖ អ្នកដំណើរ​ម្នាក់​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​នៅ​លើ​ស៊ីម៉ង់ត៍​មុខ​កំពង់ដ​អរិយ​ក្សត្រ​ក៏​ដើរទៅ​ដាស់​តែ​មិន​ព្រម​ភ្ញាក់​សោះ ដោយសារ​តែ​បុរស​ម្នាក់​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​កំពង់ដ​អរិយ​ក្សត្រ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ដេក​លើ​ស៊ីម៉ង់ត៍​មុខ​ដ​អរិយ​ក្សត្រ ពេល​នោះ​អ្នកដំណើរ​ម្នាក់​បាន​ដើរទៅ​ដាស់​តែ​មិន​ភ្ញាក់ ទើប​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​កំពង់ដ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

ក្រោយ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​តែ គ្រាន់តែ​ដឹង​ថា​ជន​រង​គ្រោះ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ ជា​ជនអនាថា មុខរបរ និង ស្នាក់​នៅ​មិន​ពិតប្រាកដ​ប៉ុណ្ណោះ ។ បន្ទាប់​មក​អា​ជ្ញ​ធរ​មូលដ្ឋាន​បាន​ដឹក​សព​ជន​រង​គ្រោះ​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទួល សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕