អេស្ប៉ាញ សម្លឹងកៅអីវគ្គ១៦ក្រុមពេលជួបតួកគី រាត្រីនេះ

ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុប អេស្ប៉ាញ មានទម្លាប់នៃការមិនអាចបង្ហាញពីទម្រង់លេងដ៏ខ្លាំងរបស់ពួកគេឡើយក្នុងជុំបើកឆាកនៃយុទ្ធនាការធំៗ ប៉ុន្តែ ក្រោយពីគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតរបស់ខ្សែការពារ Gerard Pique ក្នុងការប្រកួតថ្ងៃទីមួយនៃយុទ្ធនាការ Euro ឆ្នាំ២០១៦ របស់ពួកគេនោះ លោក Vicente del Bosque កំពុងតែសម្លឹងមើលកៅអីក្នុងវគ្គ១៦ក្រុមចុងក្រោយរួចជាស្រេចនៅពេលដែលពួកគេជួបជាមួយនឹងក្រុមជម្រើសជាតិតួកគី នៅរាត្រីនេះ។
Euro16-ft16

ការរងបរាជ័យក្នុងការប្រកួតថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ និងការបញ្ចប់ក្នុងលទ្ធផលស្មើនាយុទ្ធនាការ Euro ឆ្នាំ២០១២ មិនបានជះឥទ្ធិពលអាក្រក់ឡើយ ខណៈដែល អេស្ប៉ាញ បានឈ្នះពានក្នុងយុទ្ធនាការនោះទាំងពីរលើក។

ប៉ុន្តែ ក្រោយពីបានរងបរាជ័យ ៥-១ ក្រោមស្នាដៃក្រុមជម្រើសជាតិហូឡង់ បានធ្វើឲ្យពួកគេធ្លាក់ចេញត្រឹមជុំទី១នៃព្រឹត្តិការណ៍ World Cup អេស្ប៉ាញ បានជួបភាពធូរស្រាលក្រោយពីទទួលបានជ័យជម្នះ ១-០ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិឆែក ក្នុងទីក្រុង Toulouse កាលពីថ្ងៃចន្ទ។

បច្ចុប្បន្ន ក្រុមអេស្ប៉ាញ មិនស្គាល់ចាញ់សោះក្នុងការប្រកួត Euro ១៣ប្រកួត ហើយក្រុមម្ចាស់ជើងឯកពីរសម័យកាលមួយនេះមានភាគរយគ្រប់គ្រងបាល់ជាច្រើន និងបានស៊ុតបាល់សំដៅគោលដៅដល់ទៅ១៧លើក ប៉ុន្តែ ចម្ងល់ផ្សេងៗនៅតែស្ថិតលើសក្តានុពលតំបន់ប្រយុទ្ធរបស់ពួកគេក្នុងការផ្តល់ឲ្យលោកគ្រូបង្វឹកជើងចាស់ Del Bosque នូវជម្រើសដ៏ឈឺក្បាលសម្រាប់ការប្រកួតជុំទី២នៃពូល D របស់ពួកគេ។

ខ្សែប្រយុទ្ធ Aritz Aduriz របស់ក្លិប Athletic Bilbao ដែលជាកីឡាករចំណូលថ្មីម្នាក់ក្នុងចំណោមកីឡាករចំណូលថ្មីដែលបង្ហាញខ្លួនជាលើកទីមួយឲ្យអេស្ប៉ាញនោះ បានលេងជាកីឡាករបម្រុង ខណៈដែលខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិប Juventus បានខ្ជះខ្ជាយឱកាសជាច្រើនពេលប្រកួតជាមួយនឹងសាធារណរដ្ឋឆែក។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
02.04.09 Turkey 1-2 Spain
29.03.09 Spain 1-0 Turkey
31.05.67 Spain 2-0 Turkey