ទោះ​ក្លាយ​ជា​គូដណ្ដឹង ក៏​មិន​ប្រាកដ​ថាគេនឹងស្រឡាញ់​យើងដែរ…

គូដណ្ដឹងខ្ញុំនាងមិនបានស្រលាញ់ខ្ញុំដូចដែលខ្ញុំស្រលាញ់នាងទេ អូ! ដំបូងខ្ញុំក៏មិនបានស្រលាញ់នាងដែរគឺដោយសារតែពិធីស្ដីដណ្ដឹងនិងភ្ជាប់ពាក្យ។ នេះមិនមែនជាអ្វីដែលរូបខ្ញុំបានស្នើឱ្យម៉ាក់ប៉ាខ្ញុំនិងម៉ាក់ប៉ារបស់នាងឡើយ គឺគាត់ទាំងអស់គ្នាបានយល់ព្រមរៀបចំពិធីនេះឡើង។ដំបូងខ្ញុំបានរារែកចិត្តហាក់ដូចជាមិនចង់សោះ តែក្រោយមកប៉ារបស់ខ្ញុំគាត់ក៏និយាយថាបើខ្ញុំមិនព្រមទេគាត់នឹងទៅរស់នៅប្រទេសឡាវ ហើយមិនត្រឡប់មកវិញទេ ពេលនោះហើយខ្ញុំក៏ដាក់ចិត្តយល់ព្រមតាមគាត់ តែខ្ញុំបានសួរគាត់ថាតើខាងស្រីគេយល់ព្រមដែរឬទេ? ហើយគាត់ក៏បានទូរសព្ទទៅសួរម៉ាក់ប៉ាខាងស្រី។ពេលនិយាយចប់គាត់ប្រាប់ខ្ញុំថា គេបានសួរកូនគេរួចហើយ កូនគេយល់ព្រមតាមម៉ាក់ប៉ាគេជាអ្នករៀបទុកដាក់។

លុះរំលងបានពីរថ្ងៃគាត់ក៏ពិភាក្សាគ្នាអំពីពិធីភ្ជាប់ពាក្យនោះ។ គាត់កំណត់យកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ជាថ្ងៃភ្ជាប់ពាក្យ។ មួយអាទិត្យក្រោយមកពិធីក៏ចាប់ផ្ដើម មនុស្សម្នាជាច្រើនបានចូលរួមដោយទឹកមុខស្រស់បស់ហាក់ដូចជាត្រេកអរខ្លាំងណាស់ដែលឃើញខ្ញុំទាំងពីរបានបំពេញភារកិច្ចជាកូនល្អបែបនេះ។នៅក្នុងពិធីនាងហាក់ដូចជាសប្បាយចិត្តណាស់! ទឹកមុខនាងញញឹមជានិច្ច។ ផ្ទុយមកវិញ ទឹកមុខខ្ញុំទេដែលមិនព្រមធ្វើតាមចិត្តត្រេកអរ។លុះធ្វើពិធីចប់ហើយភ្ញៀវទាំងអស់ក៏បានពិសាយ៉ាងគគ្រឹកគគ្រេង សើចលេងសប្បាយតាមទម្លាប់របស់អ្នកផឹក។ព្រឹកឡើងប៉ាម៉ាក់របស់នាងព្រមទាំងនាង បានមកលេងផ្ទះរបស់ខ្ញុំ ហើយប៉ាម៉ាក់របស់នាងក៏បានបបួលខ្ញុំទៅសង្ឃទានជូនម្ដាយរបស់គាត់នៅឯស្រុកកំណើតដែរ។

ខ្ញុំក៏បានទៅជាមួយគាត់ដោយខ្ញុំជាអ្នកបើកឡាន។ ពេលធ្វើដំណើរនាងគ្មានមាត់កអ្វីមួយមាត់សោះ!ខ្ញុំក៏មិនបាននិយាយជាមួយនាងដែរ តែខ្ញុំបាននិយាយឆ្លើយឆ្លងជាមួយប៉ារបស់នាង។រហូតទាល់តែម៉ោងប្រាំបីយប់ទើបទៅដល់ លុះដល់ហើយបងប្អូនមីងមាជាច្រើនបានមករាក់ទាក់ស្វាគមន៍យ៉ាងកក់ក្ដៅ បន្តិចក្រោយមកខ្ញុំក៏ដាច់ចិត្តនិយាយរកនាងគឺផ្ដើមដោយពាក្យថា «អូន»។ «អូន! បងភ្លេចយកឆ្នាំងសាកទូរសព្ទមកហើយ!»«ទូរសព្ទបងឯងម៉ាកអី?»«iphone4s!»«ខ្ញុំអត់មានទេតែបងប្រុសមានចាំខ្ញុំខ្ចីគាត់ឱ្យ!»បន្តិចក្រោយមកនាងក៏យកមកហុចឱ្យខ្ញុំ រួចនិយាយថា៖«បងទៅងូតទឹកសិនទៅ! ន្អាលមកញ៉ាំបាយ !»«អូនងូតមុនបងទៅចាំបងងូតតាមក្រោយ»លុះពួកយើងងូតទឹករួច នាងក៏បានដួសបាយឱ្យខ្ញុំព្រមទាំងជួយចាប់សាច់ដាក់ក្នុងចានបាយរបស់ខ្ញុំទៀត។

ពេលនោះខ្ញុំក៏ចាប់ផ្ដើមស្រលាញ់នាងបន្តិចម្ដងៗ។ បាយរួចនាងបានយកទឹកត្រជាក់មកឱ្យខ្ញុំទៀត ខ្ញុំកាន់តែចូលចិត្តនាងថែមទៀត។
បុណ្យចប់សព្វគ្រប់ហើយ យើងក៏បានត្រលប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះខ្ញុំ នាងហាក់ដូចជាមិនចង់ចុះពីក្នុងឡានសោះ ខ្ញុំក៏បាននិយាយថា៖«អូនចុះសិនមក! ម៉ាក់នៅចាំអូននៅក្នុងផ្ទះឯណោះ»នាងក៏ចុះមកតែទឹកមុខមិនសប្បាយសោះ។ពេលចូលដល់ក្នុងផ្ទះនាងដើរទៅអង្គុយក្នុងអង្រឹង ខ្ញុំនិងប៉ារបស់នាងអង្គុយនៅលើបង់ទល់មុខគ្នា ឯម៉ាក់របស់នាងអង្គុយនៅលើគ្រែជាមួយម៉ាក់របស់ខ្ញុំ។ពេលនោះប៉ារបស់នាងបាននិយាយប្រាប់នាងថា៖«មីអូន ឱ្យលេខទូរសព្ទទៅបងទៅ»ដោយមិនចង់ឱ្យនាងដើរមកខ្ញុំក៏កាន់ទូរសព្ទសំដៅទៅនាង។ នាងក៏យកទូរសព្ទទៅកត់លេខនាងមកឱ្យខ្ញុំ។ ពេលឱ្យរួចហើយប៉ាម៉ាក់នាងក៏លាម៉ាក់ខ្ញុំទៅផ្ទះវិញ។រំលងបានមួយថ្ងៃខ្ញុំក៏នឹកនាង ហើយចង់និយាយលេងជាមួយនាង។ ខ្ញុំក៏លើកទូរសព្ទខលទៅនាងតែមិនមានការឆ្លើយតបសោះ ខ្ញុំក៏បានផ្ញើសារទៅសួរសុខទុក្ខនាង នឹកនាងហើយចង់និយាយលេងជាមួយនាងតែ… លទ្ធផលធ្វើឱ្យខ្ញុំនឹកស្មានមិនដល់ទៅវិញ!គឺវាបែបនេះ…

នៅថ្ងៃទី១៣កុម្ភៈឆ្នាំ២០១៦ខ្ញុំបានខលទៅសុំម៉ាក់ប៉ារបស់នាងដើម្បីទៅដើរលេងនៅកំពង់សោម។ ពេលនោះគាត់បានយល់ព្រមហើយ តែគាត់ថាចាំសួរកូនគាត់សិន ខ្ញុំក៏រង់ចាំ។កន្លះម៉ោងក្រោយមកគាត់ក៏បានខលមកប្រាប់ខ្ញុំថាកូនគាត់យល់ព្រមទៅហើយ ហើយគាត់ក៏បានបបួលមិត្តភ័ក្ដិគាត់ទៅជាមួយដែរដោយគាត់ប្រាប់ខ្ញុំថា៖«កូនមិនបាច់ធ្វើម្ហូបអ្វីទេ! ទុកឱ្យម៉ាក់ជាអ្នកធ្វើហើយស្អែកកូនក្រោកពីព្រឹកបន្តិចទៅដើម្បីធ្វើដំណើរឆាប់ដល់»ព្រឹកឡើងម៉ោង៣ទៀបភ្លឺខ្ញុំក៏បើកឡានទៅយកពួកគាត់។ពេលខ្ញុំទៅដល់ផ្ទះគាត់ ម៉ាក់ក៏ប្រាប់ឱ្យខ្ញុំលើកម្ហូបដែលបានធ្វើរួចដាក់ក្នុងឡានមុន ហើយគាត់ក៏ដើរចូលទៅក្នុងផ្ទះវិញមួយសន្ទុះក្រោយមកគាត់ក៏មកប្រាប់ខ្ញុំថា គូដណ្ដឹងខ្ញុំហៅមិនភ្ញាក់សោះ! គោះទ្វាបន្ទប់យ៉ាងណាក៏មិនព្រម។ គាត់ប្រាប់ថា៖«កូនឯងទៅចាំនៅផ្ទះអ៊ំមុនសិនចុះ! ចាំប៉ានិយាយលួងប្អូនឱ្យ»ខ្ញុំក៏មកតាមគាត់ប្រាប់។ លុះចាំប្រហែលជាងមួយម៉ោង ទើបគាត់ខលមកប្រាប់ថា នាងអត់ស្រួលខ្លួនអត់ចង់ដើរទៅណាទេ។អារម្មណ៍ខ្ញុំនៅពេលនោះប្រៀបដូចជាគេយកកាំបិតដ៏មុតស្រួចចាក់ចំកណ្ដាលបេះដូងខ្ញុំអញ្ចឹង!

គាត់ក៏បានប្រាប់ខ្ញុំថា៖«កូនឯងញ៉ាំបាយដែលម៉ាក់បានរៀបចំឱ្យកូនអម្បាញ់មិញនោះទៅ ហើយថ្ងៃនេះមិនបាច់ទៅណាទេព្រោះវាហាក់ដូចជាប្រផ្នូលមួយមិនល្អសោះ!»«បាទម៉ាក់! អញ្ចឹងម៉ាក់និងប៉ាមកញ៉ាំបាយជុំគ្នាមកកូននៅចាំ!»«មិនអីទេកូនញ៉ាំមុនទៅបន្តិចទៀតទើបប៉ាម៉ាក់ទៅដល់»តែសំឡេងគាត់នៅពេលនោះហាក់ដូចជាលាយឡំទឹកភ្នែក នឹងសំឡេងអួលដើមកមកជាមួយផង! «បាទម៉ាក់ប៉ាមិនអីទេ! អញ្ចឹងកូនញ៉ាំបណ្ដើរៗមុនហើយ»មួយសន្ទុះក្រោយគាត់ទាំងពីរនាក់មកដល់តែ ស្នាមទឹកភ្នែកនៅលើថ្ពាល់របស់ម៉ាក់មិនទាន់ជូតស្ងួតស្រួលបួលនៅឡើយទេ។ក្នុងចិត្តខ្ញុំនៅពេលនោះរវើរវាយមិនដឹងគិតអ្វីឱ្យប្រាកដឡើយ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែកតាមគាត់ដែរតែព្យាយាមទប់មិនឱ្យវាស្រក់មកជាដាច់ខាត។ខ្ញុំក៏បានដើរទៅបើកទ្វារឡានហើយយកគ្រឿងសម្អាងដែលខ្ញុំបានទិញទុកជាកាដូសម្រាប់នាង ក្នុងថ្ងៃទី១៤នោះទៅផ្ញើឱ្យម៉ាក់ប៉ាជួយយកទៅឱ្យនាងផង។ ហើយខ្ញុំក៏លាគាត់ទាំងពីរត្រឡប់មកផ្ទះរបស់ខ្ញុំវិញ។ទំនាក់ទំនងរវាងខ្ញុំទាំងពីរត្រូវបានបញ្ចប់ដោយសារតែនាងបានប្លុកលេខខ្ញុំចោល ចាប់តាំងពីពេលដែលនាងបាននិយាយថាប្លុកនោះមកម្ល៉េះ! ដូច្នេះខ្ញុំបានត្រឹមតែខលសួរសុខទុក្ខនាងតាមរយៈប៉ានាងតែប៉ុណ្ណោះ។

លុះដល់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ប៉ារបស់នាងបានខលមកប៉ារបស់ខ្ញុំសួរអំពីរឿងខ្ញុំឡើងយន្តហោះនៅម៉ោងប៉ុន្មាន? គាត់ព្រមទាំងប្រពន្ធនិងកូនបានត្រៀមខ្លួនមកជូនដំណើររួចរាល់អស់ហើយ។ទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាងហាក់ដូចមិនសប្បាយចិត្តសោះ ម៉ាក់ខ្ញុំបានសួរម៉ាក់នាងថាតើនាងមានរឿងអីទឹកមុខក្រៀមម្ល៉េះ?ម៉ាក់នាងថាដោយសារតែនាងពុលឡានទើបបែបនេះ។បន្តិចក្រោយមកបងស្រីនិងម្ដាយមីងរបស់នាង បានបបួលខ្ញុំនិងនាងទៅញ៉ាំការ៉េមដែល។ ពេលញ៉ាំនាងមិនមាត់អ្វីសោះ ខ្ញុំនិយាយតែជាមួយមីងនិងបងរបស់នាងប៉ុណ្ណោះ។

ក្រោយមកទើបខ្ញុំសួរនាងថា៖«អូនបានស្រួលខ្លួនបន្តិចហើយឬនៅ?»បានធូរបន្តិចហើយ! ក្នុងចិត្តខ្ញុំសប្បាយណាស់ពេលបានឮនាងនិយាយ។ពេលញ៉ាំហើយពួកយើងក៏ដើរមកវិញ ហើយខ្ញុំនិយាយប្រាប់នាងថា៖«ឈប់ស្អប់បងទៅណា! បងគ្មាននរណាក្រៅពីអូនឡើយ ពេលបងទៅអូនថែរក្សាខ្លួនផង ពេលជិះម៉ូតូទៅរៀនកុំភ្លេចពាក់មួកសុវត្ថិភាពផង ព្រោះបងឃើញអូនមិនដែលពាក់វាសោះ ហើយពេលបងខលមកទទួលទូរសព្ទបងផង! ព្រោះបងស្រលាញ់និងនឹកអូនណាស់»នាងបានឆ្លើយ «ចាស» ជានិច្ច ខ្ញុំមានអារម្មណ៍ថាបានធូរស្បើយខ្លះ។ពេលវេលាចេញដំណើរក៏កាន់តែកៀក ខ្ញុំបានលើកដៃសំពះគោរពប៉ាម៉ាក់របស់នាងព្រមទាំងបងប្អូនមីងមា និងលត់ជង្គង់ចំពោះម៉ាក់របស់ខ្ញុំសំពះបាទជើងគាត់បីដង ព្រមទាំងក្រោកឡើងស្ទុះទៅឱបនាងយ៉ាងថ្នមរួចនិយាយថា៖«បងទៅសិនហើយអូន អូនថែរក្សាខ្លួនឱ្យបានល្អផងណាអូន បងស្រលាញ់អូន!»ហើយខ្ញុំក៏ចាប់រូតវ៉ាលីស៍យក Tablet ដែលខ្ញុំធ្លាប់ប្រើទៅឱ្យនាងទុកលេង កុំឱ្យអផ្សុក។

ទោះ​ក្លាយ​ជា​គូដណ្ដឹង ក៏​មិន​ប្រាកដ​ថាគេនឹងស្រឡាញ់​យើងដែរ… ទោះ​ក្លាយ​ជា​គូដណ្ដឹង ក៏​មិន​ប្រាកដ​ថាគេនឹងស្រឡាញ់​យើងដែរ…

(សារដែលខ្ញុំធ្លាប់លេងជាមួយនាង)

នាងមិនចង់យកទេតែម៉ាក់ បងស្រី និងមីង របស់នាងប្រាប់ឱ្យយក ហើយនាងក៏ព្រមយក ខ្ញុំក៏ប្រាប់លេខកូដឱ្យនាងដឹង។
ខ្ញុំក៏អូសវ៉ាលីស៍ចេញទៅ តែនាងបានស្រែហៅខ្ញុំថា៖«ឈប់សិនប្រាប់លេខកូដខ្ញុំម្ដងទៀតមកខ្ញុំភ្លេចហើយ!»ពេលនោះខ្ញុំក៏ចាប់ឱបនាងហើយខ្សឹបប្រាប់លេខកូដទៅនាង ហើយខ្ញុំក៏ចេញទៅ។

ពេលមកដល់កូរ៉េខ្ញុំបានខលទៅនាង ប្រាប់ថាបងមកដល់កូរ៉េហើយបន្តិចទៀតបងនិងបន្តដំណើរទៅទីក្រុងប៉ារីស។លុះទៅដល់ប៉ារីសខ្ញុំក៏ខលទៅនាងម្ដងទៀតតែមិនមានការឆ្លើយតបសោះ ហើយខ្ញុំក៏បន្តដំណើរមកទីក្រុងលីយ៉ុងដែលជាកន្លែងខ្ញុំរស់នៅ។ខ្ញុំក៏ខលទៅនាងម្ដងទៀតនៅតែមិនមានការឆ្លើយតបដដែល។លុះម៉ោង ២ និង ៤០ នាទីល្ងាចនៅបារាំងត្រូវនឹងម៉ោង ៨ និង ៤០នាទី យប់នៅស្រុកយើង ខ្ញុំក៏បានយកលេខទូរសព្ទមួយទៀតខលទៅ។ពេលនោះនាងទទួលហាក់ដូចជាសប្បាយចិត្តណាស់ តែដល់ពេលឮសំឡេងខ្ញុំនិយាយ នាងប្រែប្រួលសំឡេងភ្លាម។ នាងឆ្លើយតបនិងខ្ញុំម៉ាត់ៗ និយាយបានបីបួនម៉ាត់នាងក៏ចុចបិទទូរសព្ទទៅ។

ហ៊ឺ… ពេលនេះខ្ញុំគួរធ្វើបែបណាបន្តទៀត? ខ្ញុំមិនដឹងថានាងធ្វើបែបនេះដើម្បីអ្វីទេ? តើខ្ញុំខុសដែរទេដែលបារម្ភពីនាង? ស្រលាញ់នាង? គិតពីអនាគតនាង? ចង់មើលថែរក្សានាងអស់មួយជីវិតនោះ?

ប្រភព៖ sabay

  • ទោះ​ក្លាយ​ជា​គូដណ្ដឹង ក៏​មិន​ប្រាកដ​ថាគេនឹងស្រឡាញ់​យើងដែរ…已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:ចំនេះដឹង
Tags: