និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើម

ម្ចាស់​ជ័យ​លាភី​ប្រលង​គំរូ​ស្ថាបត្យកម្ម “បុរី ១០០​ខ្នង” របស់​បិតា​ស្ថាបត្យកម្ម​ខ្មែរ វណ្ណ ម៉ូលីវណ្ណ បាន​ស្នើ​ឲ្យ​និស្សិត​ជំនាន់​ក្រោយ ជួយ​អភិរក្ស​ស្នាដៃ​ដែល​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​រក្សា​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ។

 

និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើមនិស្សិត​ជ័យ​លាភី កង សុវណ្ណនេត និង អ៊យ ស៊ីដែត

 

និស្សិត អ៊យ ស៊ីដែត ដែល​កំពុង​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​និយាយ​ថា៖ “តាម​ពិត​ទៅ ខ្ញុំ​ចង់​ផ្ដាំ​ផ្ញើ​ទៅ​សិស្ស​ប្អូន​ក្រោម​ៗ​ទៀត​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដែល​មាន​ពី​មុន​មក… ខ្ញុំ​គិត​ថា​ការ​អភិរក្ស​ពិត​ជា​ល្អ ពី​ព្រោះ​ថា​ប្រទេស​មួយ​បើ​សិន​ជា​មាន​ការ​អភិរក្ស អាច​រក្សា​អត្តសញ្ញាណ​ជាតិ​បាន”។

 

យ៉ាង​ណា​ក្ដី ម្ចាស់​ជ័យ​លាភី​លេខ១ ផ្នែក​ស្ថាបត្យកម្ម​​រូប​នេះ​បាន​បញ្ជាក់​ថា ការ​អភិរក្ស​មិន​មែន​រក្សា​ឲ្យ​នៅ​ដដែល​ដដែល​រហូត​ទេ គឺ​អភិរក្ស​បែប​ទំនើប ប៉ុន្តែ​រក្សា​អ្វី​ដែល​នៅ​តែ​ជា​របស់​យើង កុំ​បំភ្លេច​វា​ចោល​។ ស៊ីដែត ក៏​បាន​លើក​ឡើង​ពី​ស្ថាបត្យកម្ម “បុរី ១០០​ខ្នង” របស់​បិតា​ស្ថាបត្យកម្ម​ខ្មែរ វណ្ណ ម៉ូលីវណ្ណ ថា​មាន​លក្ខណៈ​ពិសេស ពិត​ជា​គួរ​ឲ្យ​ចង់​រស់​នៅ។

 

ចំណែក និស្សិត​រួម​ក្រុម កង សុវណ្ណនេត ក៏​បាន​បង្ហាញ​ទស្សនៈ​ដូច​គ្នា​ដែរ គឺ​ចង់​ឲ្យ​មាន​ការ​អភិរក្ស​ស្នាដៃ​ដើម​ឲ្យ​បាន​ច្រើន យក​មក​បូក​រួម​ជាមួយ​គំនិត​ថ្មី ដើម្បី​អភិវឌ្ឍ​ស្ថាបត្យកម្ម​ខ្មែរ។ សុវណ្ណនេត បាន​ផ្ដាំផ្ញើ​ដល់​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ផ្សេង​ទៀត ឲ្យ​ចូលរួម​ប្រលង​កម្ម​វិធី​បែប​នេះ​ឲ្យ​បាន​ច្រើន ព្រោះ​អាច​​ផ្ដល់​បទ​ពិសោធន៍​ល្អ​ៗ​ទាក់​ទង​នឹង​ស្នាដៃ​ស្ថាបត្យកម្ម​ជំនាន់​មុន។ ​​

 

កម្មវិធី​ប្រលង​គំរូ​ស្ថាបត្យកម្ម “បុរី ១០០​ខ្នង” របស់​បិតា​ស្ថាបត្យកម្ម​ខ្មែរ វណ្ណ ម៉ូលីវណ្ណ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA)។ ក្រុម​ដែល​ចូល​រួម​មាន​ទាំង​អស់ ៣៤​ក្រុម មក​ពី ៣​សាកលវិទ្យាល័យ។ ចំពោះ​ជ័យ​លាភី​លេខ​១ បាន​ទៅ​លើ​ក្រុម​មក​ពី​សាកលវិទ្យាល័យ​​បញ្ញាសាស្ត្រ​ដែល​មាន​និស្សិត ៣រូប​គឺ អ៊យ ស៊ីដែត កង សុវណ្ណនេត និង ហន សុខ៕

 

និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើម

 

និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើម

 

និស្សិត​លេខ១ ស្នាដៃ​ស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ ស្នើ​ឲ្យ​ជួយ​អភិរក្ស​ស្នាដៃ​ដើម

អត្ថបទ៖ គង់ វិសាល