​ស្លុតចិត្ត​យ៉ាងណា​ពេល​ជួប​ហេតុការណ៍​បែប​នេះ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​កាល​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​មុខ​រោងចក្រ​ផលិត​ស្រា អេស​កា​ដេ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ក្មេង​ប្រុស​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ធូ​ដេ ពណ៌​ឈាម​ជ្រូក អត់​មាន​ស្លាក​លេខ រីឯ​រថយន្ត​បង្ក​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-2500 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា ។

តាម​សំដី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​ជិះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ជិះ​វ៉ា​ខាងស្តាំ​ដៃ​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​តែ​ប៉ះ​ដៃចង្កូត​ដួល គាប់​ជួន​ពេល​នោះ​រថយន្ត​បង្ក​បើក​មក​ពីក្រោយ​បាន​កិន​ក្មេង​ប្រុស​ជា​អ្នក​បើក​ម៉ូតូ​បែកក្បាល​ស្លាប់​ភ្លាម​ៗ ចំណែក​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បុក​ភ្លាម​ៗ​អ្នកបើកបរ​មិន​បានរ​ត់ទៅ​ណា​ទេ គឺ​បាន​ឈប់​រថយន្ត​ចុះ​មើល​ហើយ​ស្គាល់​ថា​ជា​កូន​របស់​អ្នក​ជិតខាង​ស្គាល់គ្នា​ក៏​បាន​ទាក់ទង​ឲ្យ​សាច់ញាតិ​មក​យក​សព​ទៅ​ផ្ទះ​ភ្លាម​ៗ​ទាំង​សមត្ថកិច្ច​មិន​ទាន់​មក​ដល់​កន្លែង​កើតហេតុ​ផង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​បាន​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី ដើម្បី​ធ្វើ​របាយការណ៍​តាម​និ​តិ​វិធី ៕