ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ដ៏​ពេញលេញ​របស់​ប្រទេស​មួយ

ទីក្រុង​បាងកក​, ប្រទេស​ថៃ ៖ នៅ​ក្នុង​ការ​ចូលរួម​ជា​កិ​តិ្ត​យស​នៃ​ពិធី​គម្រប់​ខួប​ការ​គ្រង​រាជបល្ល័ង្ក​លើក​ទី​៧០ របស់​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej កាលពី​ស​ប្តា​ហ៍​មុន​នេះ ក្នុង​នោះ​ក៏​មាន​សន្និសីទកាសែត​អន្តរជាតិ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​អរ​ព្រះ​គុណ​ជា​កិ​តិ្ត​យស​ដល់​ព្រះរាជ​តម្រិះ​ផ្តួចផ្តើម​របស់​ទ្រង់ ទៅ​លើ​ការ​អភិវឌ្ឍ​ប្រទេស​ថៃ​ប្រកបដោយ​និរន្តរភាព ។

ក្នុង​នាម​ជា​ព្រះមហាក្សត្រ​ដែល​គ្រង​រាជបល្ល័ង្ក​រយៈពេល​យូរ​បំផុត និង​ជា​ព្រះមហាក្សត្រ​ដែល​ត្រូវ​បាន​គេ​គោរព​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ ទ្រង់​បាន​បំពេញ​នូវ​ព្រះរាជកិច្ច​លើ​វិស័យ​ជា​ច្រើន​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មកនេះ ដែល​រួម​មាន​វិស័យ​កសិកម្ម អប់រំ អាជីវកម្ម អង្គភាព​រដ្ឋាភិបាល និង​សហគមន៍ ដើម្បី​អភិវឌ្ឍន៍​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទ្រង់ ។ ក្នុង​នោះ​ដែរ ព្រះ​អង្គ គឺជា​ព្រះមហាក្សត្រ​ដំបូង​គេ​បំផុត​ដែល​ទទួល​បាន​ពានរង្វាន់​ការ​អភិវឌ្ឍ​ធនធានមនុស្ស ពី​អង្គការសហប្រជាជាតិ នៅ​ក្នុង​ឆ្នាំ​២០០៦ ដោយ​លោក កូ​ហ្វី អាណា​ន់ អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ ។

ក្នុង​ចំណោម​ជា​ច្រើន​អាណត្តិ​កន្លង​មកនេះ  អង្គការសហប្រជាជាតិ​បាន​បំពេញភារកិច្ច​មួយ ដែល​ទទួល​បាន​ជោគជ័យ​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​សម្រាប់​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ។ ភារកិច្ច​នេះ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក លើ​ការ​រីក​ចម្រើន​នៃ​វិសមភាព​រវាង​អ្នកមាន និង​អ្នកក្រ និង​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​នៅ​ជុំវិញ​សកលលោក ។

នៅ​ឆ្នាំ​២០៣០ អង្គការសហប្រជាជាតិ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប ដោយ​និរន្តរភាព​ចំនួន​១៧​ចំណុចរួម​មាន ការ​លុប​បំបាត់​ភាព​ក្រីក្រ សកម្មភាព​អាកាស​ធាតុ និង​ការ​អភិវឌ្ឍ​ទីក្រុង និង​សហគមន៍ ប្រកបដោយ​និរន្ដរភាព ។

ក្រោម​កិច្ច​ពិភាក្សា​លើ « ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព » ដែល​ចូលរួម​ដោយ​វាគ្មិន​ជា​ច្រើន​រូប​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ដូច​ជា បង់​ក្លា​ដេ​ស តៃវ៉ាន់ និង​ថៃ បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​ប្រទេស​ពួក​គេ ។   

យោង​តាម​ប្រសាសន៍​របស់​អ្នកស្រី Lamiya Morshed អគ្គ​នាយិកា​ប្រតិបត្តិ​នៅ​មជ្ឈមណ្ឌល Yunus ប្រចាំ​ប្រទេស​បង់​ក្លា​ដេ​ស បាន​ឲ្យ​ដឹង​ថា ៖ « ភាព​ក្រីក្រ​មិនមែន​បង្កើត​ឡើង​ដោយ​មនុស្ស​ឡើយ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គោលនយោបាយ ​និង​ស្ថាប័ន​ដែល​ពួក​យើង​បាន​កសាង​ឡើង »​។

មនុស្ស នឹង​ផ្លាស់​ប្តូរជីវិត​របស់​ពួក​គេ ដោយ​មិនមែន​តាម​រយៈ​ការ​បរិច្ចាគ​វិភាគទាន ប៉ុន្តែ​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ផ្ទាល់ ។

ប្រជាជន​ត្រូវ​តែ​រៀន​អភិវឌ្ឍន៍​ដើម្បី​ទ្រទ្រង់​ជីវិត​របស់​ពួក​គេ​ក្នុង​មធ្យោបាយ​មួយ​ដែល​មាន​និរន្ដរភាព ។ ក្នុង​រឿង​ដ៏​ជោគជ័យ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ Grameen និង​ក្រុមហ៊ុន​អាហារ Danone ដែល​ជា​ក្រុមហ៊ុន​របស់​បារាំង​ដ៏​ធំ​មួយ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស ក្នុង​ឆ្នាំ​២០០៦ ។ កិច្ច​សហប្រតិបត្តិការ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ក្មេង​ៗ​ដែល​មិន​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស ដោយ​លក់​ទឹកដោះគោ​ជូរ ដែល​ផ្ទុក​នូវ​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ។

នៅ​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ស្រាវជ្រាវ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​ក្នុង​សហរដ្ឋអាមេរិក John Hopkins បាន​សិក្សា​លើ​ក្មេង​ៗ​នៅ​ក្នុង​សហគមន៍ ហើយ​បាន​រក​ឃើញ​ថា ក្មេង​ៗ​ទាំងនោះ​មាន​សមត្ថភាព​ខួរក្បាល​ប្រសើរ កម្ពស់​ខ្ពស់ និង​អវយវៈ​លូតលាស់​ជាង​មុន ។ 

ប៉ុន្តែ​វា​មិនមែន​ជា​ជោគជ័យ​ទាំង​អស់នោះ​ទេ ការ​លក់​ទឹកដោះគោ​ជូរ គឺ​ពឹងផ្អែក​លើ​អ្នក​ម្តាយ​ដែល​បាន​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​លក់​ទឹកដោះគោ​ជូរ ។ នៅ​ឆ្នាំ​២០១៥ គម្រោង​នេះ​បាន​ទទួល​ជោគជ័យ​ក្នុង​កំណត់​ត្រា​លក់ដាច់​ជាងគេ​បំផុត ដែល​បាន​បង្កើត​ការងារ​ប្រកបដោយ​និរន្តរភាព​ក្នុង​ចំណោម​ស្ត្រី​មេផ្ទះ​ក្រីក្រ និង​ស្ត្រី​មេម៉ាយ​ក្នុង​សហគមន៍ ។

ចំណែក​នៅ​ប្រទេស​ថៃ​វិញ រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍ និង​អនុវត្ត​លើ​ម៉ូ​ដែល​ប្រកបដោយ​និរន្តរភាព​លើ​វិស័យ​ផ្សេង​ៗ​គ្នា​ដូច​ជា ការ​អភិវឌ្ឍ​សហគមន៍ អាជីវកម្ម កសិកម្ម ការ​ថែទាំ​សុខភាព សាលា និង​សូ​ម្បី​តែ​នៅ​ក្នុង​ពន្ធនាគារ​ក្តី ។

ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៥៨ ដល់​ឆ្នាំ​១៩៩៧ កំណើនសេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​៧,៦% ខណៈ​ដែល​ប្រាក់​សម្រាប់​មនុស្ស​ម្នាក់​បាន​កើនឡើង​៧​ដង​។ ទោះបីជា​កំណើនសេដ្ឋកិច្ច​បាន​កើនឡើង​ក្តី ក៏​ប្រទេស​ថៃ​នៅ​តែ​មាន​កំណើន​វិសមភាព និង​ការ​បំផ្លាញ​បរិស្ថាន ដែល​មិន​ដូច​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក ។ នេះ​បើ​យោង​តាម Oxford Business Group ២​ភាគ​៣​នៃ​វិសមភាព និង​ការ​បាត់បង់​ព្រៃឈើ​ជាតិ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៤៧ និង​ឆ្នាំ​២០០០ ។ ដូច្នេះ​ហើយ​ប្រទេស​ថៃ​បាន​ស្វែងរក​វិធីសាស្ត្រ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សេដ្ឋកិច្ច​ពេញលេញ​តាម​រយៈ​គោលការណ៍​៣​ចំណុច រួម​មាន ៖ 

១-​អ្វី​គ្រប់យ៉ាង​ត្រូវ​តែ​សមាមាត្រ​គ្នា ហើយ​ត្រូវ​តែ​មាន​តុល្យភាព​រវាង​ភាព​ជោគជ័យ​រយៈពេល​ខ្លី និង​រយៈពេល​វែង ពោល​គឺ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្តោត​ទៅ​លើ​អ្នក​ក្រីក្រ​នៅ​តំបន់​ជនបទ ។

២-​ការ​អនុវត្ត​នូវ​គំនិត​ដើម្បី​ធ្វើការ​សម្រេចចិត្ត ដោយ​សម្លឹង​មើល​លទ្ធផល​នៃ​សកម្មភាព​។​សកម្មភាព​របស់​បុគ្គល នឹង​មានការ​ជះ​ឥទ្ធិពល​លើ​ជំនួញ​សហគមន៍ បរិស្ថាន និង​សង្គម ។

៣-​ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​មួយ​ដែល​មាន​ភាពស៊ាំ​ដោយ​ខ្លួនឯង​លើ​កត្តា​ខាងក្នុង និង​ខាងក្រៅ​។ វា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​វិនិយោគ​លើ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ ព្រមទាំង​ការ​អនុម័ត​ច្បាប់​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន​ប្រយោជន៍ ។

ដោយសារ​តែ​គោលការណ៍​ទាំង​បី​នេះ​ហើយ  ប្រទេស​ថៃ​នៅ​តែ​អាច​រក្សា​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​ដំណើរការ​ល្អ​ដដែល ទោះបីជា​មានការ​ជាប់​គាំង​ទ្រឹង​នៃ​នយោបាយ​កាលពី​៣​ឆ្នាំ​មុន​ក្តី ។ ទាំង​បុគ្គល និង​ជាតិ​ទាំងមូល​អាច​ទទួល​បាន​នូវ​ផលប្រយោជន៍​ច្រើន នៅ​ពេល​ដែល​យើង​រៀន​សម្រប​ខ្លួន​នឹង​គោលការណ៍​គំនិត​ប្រកបដោយ​គុណភាព ៕