យប់មិញ​អង្គរក្ស​ម្នាក់​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ទីរពេទ្យ​រុ​ស្ស៊ីបានអោយ​ដឹង​ថា អង្គរក្ស​ម្នាក់​របស់​លោក​ថោ​ង សា​រ៉ាត់ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​​រុ​ស្ស៊ី​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី ១៧ មិថុនា ឆ្នាំ​២០១៦​នេះ ។

ប្រភព​បន្ត​ថា​អតីត​អង្គរក្ស​លោក​ថោ​ង សា​រ៉ាត់ ដែល​ស្លាប់​នោះ​ឈ្មោះ លី សៅ ហៅ វី អាយុ​៤១​ឆ្នាំ ហើយ​ថា​ការ​ស្លាប់​នោះ​ដោយសារ​ជំងឺ ។

គួរ​រំលឹក​ថា លី សៅ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០១ ធ្នូ ឆ្នាំ ២០១៤ ក្រោយ​មាន​អំពើ​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ កាលកាល​វេលា​ម៉ោង​៧ និង​១៨​នាទី​យប់​ថ្ងៃ​ទី ២២ វិច្ឆិកា ២០១៤ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​យីហោ​ឡោ តិច​ស្រេង ក្បែរ​រង្វង់​មូល​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ ក្នុង​ពេល​ចាប់ខ្លួន​មាន​អង្គរក្ស​៣​នាក់​ផ្សេង​ទៀត ក្នុង​នោះ​មានឈ្មោះ​កូយ ថុ​ល ឈ្មោះ មាស សម្បត្តិ ឈ្មោះ សៀង វាសនា និង​លី សៅ ហៅ​វី ។ ក្នុង​សំណុំរឿង​ក្ដី​ឃាតកម្ម​លើ​ឧកញ៉ា​អ៊ឹ​ង ម៉េ​ង​ជឺ ឈ្មោះ​លី សៅ គឺ​មាន​តួនាទី​ជា​អ្នក​ជិះ​ម៉ូតូ ឌុ​ប​ឈ្មោះ សៀង វាសនា​ធ្វើ​សកម្មភាព​៕