AriyaJutanugarn ក្លាយជា​ម្ចាស់​ពានរង្វាន់​វាយកូនគោល​នារី​បី​លើក​ជាប់​គ្នា

រាជធានី​ភ្នំពេញ ៖ កញ្ញា AriyaJutanugarn ហៅ​ក្រៅ May គឺជា​ម្ចាស់​ពានរង្វាន់​វាយកូនគោល​នារី​អន្តរជាតិ (LPGA) ដែល​ជាប់​លេខ​១៣​ក្នុង​ចំណោម​កីឡាការិនី​វាយ​កូន​គោល​អាជីព​ខ្លាំង​បំផុត​លើ​លោក ។ មាន​សញ្ជាតិ​ថៃ កីឡាការិនី​វាយកូនគោល​រូប​នេះ ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការ​ប្រកួត​អាជីព​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ជើងឯក​ពិភពលោក​វាយកូនគោល​នារី Yokohama Tire LPGA Classic ឆ្នាំ​២០១៦​កាលពី​ថ្ងៃ​ទី​៨ ឧសភា នៅ​រដ្ឋ Alabama សហរដ្ឋអាមេរិក ។

គ្រាន់តែ​ពី​រស​ប្តា​ហ៍​បន្ទាប់​ពី​នាង​បាន​ឈ្នះ​ជើងឯក​ពិភពលោក​លើក​ដំបូង​នាង​ទទួល​បាន​ជ័យជម្នះ​ដ៏​សំខាន់​មួយទៀត​នៅ​ក្នុង​ការ​ប្រកួត​វាយកូនគោល​នារី Kingsmill LPGA Championship ។ ភាព​ល្បីល្បាញ​របស់​នាង​កើនឡើង​ទ្វេ​ដង​នៅ​ពេល​នាង​ឈ្នះ​ការ​ប្រកួត​ទី​បី​ក្នុង​ព្រឹត្តិការណ៍ Volvik Championship ដែល​នាង​បាន​យកឈ្នះ​កីឡាការិនី​អា​មេ​រិ​ក Christina Kim ។

កញ្ញា May បាន​បំបែក​កំណត់​ត្រា​ថ្មី​សម្រាប់​ប្រទេស​ថៃ ក្នុង​នាម​ជា​កីឡាការិនី​វាយកូនគោល​ថៃ​ដំបូង​គេ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​ពានរង្វាន់​អាជីព​នៅ​ក្របខ័ណ្ឌ LPGA ។ បន្ថែម​ពី​នេះ  ចាប់ពី​២០១៣​មក May គឺជា​កីឡាការិនី​វាយកូនគោល​ដំបូង​គេ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​ជើងឯក​បី​ជាប់​គ្នា ដែល​ម្ចាស់​កំណត់​ត្រា​នេះ​កាលពីមុន គឺ​កញ្ញា Inbee Park អតីត​កីឡាការិនី​វាយកូនគោល​កូរ៉េ​លេខ​១​លើ​ពិភពលោក ។

ជាមួយនឹង​ជ័យជម្នះ​ចុង​ក្រោយ​របស់​នាង​នៅ​ក្នុង​ការ​ប្រកួត Volvik Championship នាង​បាន​និយាយ​ថា ការ​ប្រកួត​នេះ ខុស​ពី​ការ​ប្រកួត​ជើងឯក​មុន​ៗ​ដែល​នាង​បាន​ឈ្នះ គឺ​នាង​រីករាយ​នឹង​ការ​វាយកូនគោល​របស់​នាង​ច្រើន​ជាង​មុន ។

កញ្ញា May បាន​និយាយ​ថា​៖«​ការ​ប្រកួត​នីមួយ​ៗ គឺ​មាន​លក្ខណៈ​ពិសេស​ផ្សេង​ៗ​គ្នា​សម្រាប់​ខ្ញុំ ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ឈ្នះ​តំណែង​ជើងឯក​ជា​លើក​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​យកឈ្នះ​លើ​ឧបសគ្គ​ដ៏​ធំ​មួយ​ហើយ ។ នៅ​ក្នុង​ការ​ប្រកួត​លើក​ទី​ពីរ​ខ្ញុំ​ឈ្នះ​ទៀត ហើយ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន ។ នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នេះ មាន​មនុស្ស​ជា​ច្រើន​រំពឹង​ថា ខ្ញុំ​អាច​នឹង​ឈ្នះ​ការ​ប្រកួត​បី​លើក​ជាប់​គ្នា ។ ខ្ញុំ​សង្ឃឹមថា មិន​ធ្វើ​ឲ្យ​ពួក​គេ​ខកចិត្ត ហើយ​ខ្ញុំ​ក៏​ពិតជា​អាច​យកឈ្នះ​ដៃគូ​ប្រកួត​របស់ខ្ញុំ​បាន​មែន​។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​» ។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ថា តើ​ការ​ប្រកួត​ណាមួយ​ដែល​ពិបាក​បំផុត​សម្រាប់​កញ្ញា0x017d7​កញ្ញា​May បានឱ្យ​ដឹង​ថា គឺ​ការ​ប្រកួត​ជើងឯក​លើក​ទី​១​ព្រោះ​នាង​បាន​ដាក់​សម្ពាធ​ខ្លួនឯង​ថា​ត្រូវ​លេង​ឲ្យ​បាន​ល្អ ។ នាង​មាន​អារម្មណ៍​ភ័យ​ខ្លាច​និង​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ជា​ច្រើន ព្រោះ​ជា​ការ​ប្រកួត​អាជីព​លើក​ទី​មួយ ។ ចុង​ក្រោយ នាង​ក៏​អាច​ធ្វើ​បាន​សម្រេច ។

នៅ​ពេល​និយាយ​ពី​ផែនការ​បន្ទាប់​ទៀត នាង​បាន​និយាយ​ថា​៖«​អ្វី​ដែល​ខ្ញុំ​ត្រូវ​ផ្តោត​គឺ​សម្រិតសម្រាំង​សមត្ថភាព​បន្ថែម​ទៀត ដើម្បី​បន្ថយ​កំហុស​របស់ខ្ញុំ​ឲ្យ​នៅ​អប្បបរមា និង​បំបាត់​អារម្មណ៍​ភ័យ​ព្រួយ​នៅ​ពេល​លេង ។ នៅ​ក្នុង​ការ​ប្រកួត Volvik Championship ខ្ញុំ​មានការ​ព្រួយបារម្ភ​ច្រើន ដោយសារ​តែ​តារាង​នោះ​មាន​លក្ខណៈ​លំបាក​សម្រាប់​ខ្ញុំ ។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ប្រហែលជា​មិន​អាច​ឈ្នះ​ការ​ប្រកួត​នោះ​ទេ​» ៕