បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តរតនគិរី ទៅ​ស្រុក​យួន​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​

កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​រកឃើញ​គំនរ​ឈើ​ដែល​ឈ្មួញ​គ្រោង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​លក់​នៅ​ស្រុក​យួន​។ គំនរ​ឈើ​៤០​ដុំ​នោះ​ត្រូវបាន​ប្រជា​សហគមន៍​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រក​ឃើញ​នៅក្នុង​ព្រៃ​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ថ្មដា ស្រុក​អូរ​យ៉ា​ដាវ ដែលជា​ភស្ដុតាង​បង្ហាញថា ឈ្មួញ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ បើទោះបី​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ក៏ដោយ​។

ទាក់ទង​ទៅនឹង​បទល្មើស​កាប់​ឈើ​ក៏ដូចជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះដែរ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ជ្រុង​ចេញពី​ព្រៃ​ក្បែរ​ការដ្ឋាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចាង​លី និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ជា ច័ន្ទ​រិ​ទ្ធ នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន ហើយ​រថយន្ត​ដឹកឈើ​ទាំងនោះ​ឆ្លងកាត់​ផ្លូវលំ​ដែល​ក្រុមហ៊ុន​បានធ្វើ រួច​ឆ្លងតាម​ច្រករបៀង​ភូមិ​ភិ​ចូលទៅ​ស្រុក​យួន​ស្ទើរ​រាល់​យប់​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​អូ​រយ៉ា​ដាវ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រសិនបើ​នៅតែ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ គឺ​ព្រៃឈើ​ក្នុងស្រុក​អូ​រួ​យ៉ា​ដាវ ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​នោះទេ ជាក់ស្ដែង​ថ្មីៗ​នេះ​ឈើ​សុ​ក្រំ​៤០​កំណាត់​ត្រូវ​ឈ្មួញ​គរ​ទុក​ត្រៀម​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ថ្មដា ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​កន្លងមក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​កងរាជអាវុធហត្ថ​ជាដើម មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ផ្ទុយទៅវិញ​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​បណ្ដា​ស្រុក​ផ្សេងៗ​ឆ្លងកាត់​ក្រុង​បាន​លុង យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​។ ហេតុនេះហើយ​ទើប​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​ដែន​ជម្រក​សត្វ​ក្នុងស្រុក​លំផាត់ ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស ស្រុក​កូន​មុំ និង​ស្រុក​អូ​រយ៉ា​ដាវ នៅតែ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ស្ទើរតែ​គ្មាន​សល់​ក្នុងព្រៃ​ទៀត​ទេ​៕

d-car-t-roit d-car-t-roit1-500x281