អាជ្ញាធរខេត្ត​ត្បូងឃ្មុំ មិន​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុងស្រុក​អូររាំងឪ​

ប្រជាពលរដ្ឋ​ឃុំ​បឹង​កាង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ដី​បឹង​និង​ព្រៃ​លិច​ទឹក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច ហើយ​គេ​យក​ត្រាក់ទ័រ​៦​គ្រឿង​មក​ឈូសឆាយ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​បឹង​តាម​ម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ថ្មីៗ​កន្លងទៅនេះ​មាន​គណៈកម្មការ​សហគម​ន៍ និង​មន្ត្រី​អាជ្ញាធរ​ឃុំ​ព្រះ​ធាតុ បាន​ចុះទៅ​បង្ក្រាប​បទល្មើស​ដោយ​ឃាត់​ត្រាក់ទ័រ​ចំនួន​៤​គ្រឿង​ផងដែរ ប៉ុន្តែ​ក្រោយមក​ក៏មាន​ការដោះលែង​ត្រាក់ទ័រ​ទាំង​៤​គ្រឿង​នោះ​វិញ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ក៏មាន​សកម្មភាព​ឈូសឆាយដី​បឹង​និង​ដីព្រៃ​លិច​ទឹក ពី​ក្រុម​ជន​មួយចំនួន​ដែល​មិន​ញញើត​នឹង​ច្បាប់​បន្តិច​ណា​ឡើយ​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​បឹង​កាង បាន​ឲ្យ​ដឹងថា​ការទប់ស្កាត់​របស់​មន្ត្រី​សហគមន៍​និង​មន្ត្រី​អាជ្ញាធរ​ឃុំ ក៏ដូចជា​អាជ្ញាធរ​ស្រុក ពុំមាន​ប្រសិទ្ធភាព​នោះទេ​ព្រោះ​បង្ក្រាប​បានតែ​ប៉ុន្មាន​ថ្ងៃ​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​បឹង​ព្រៃ​លិច​ទឹក​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ មន្ត្រី​អាជ្ញាធរ​ឃុំ​ព្រះ​ធាតុ បាន​ឲ្យ​ដឹងថា​ផ្ទៃ​បឹង​តាម​ម​ទំហំ​សរុប​៣០០០​ហិកតា ពេលនេះ​ត្រូវគេ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ប្រមាណ​៣០​ហិកតា​រួចហើយ និង​កំពុង​ទន្ទ្រាន​កាន់កាប់​បន្តទៀត​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ពុំមាន​លទ្ធភាព​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​រក្សា​បឹង​តាម​ម​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ប្រសិនបើ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​បឹង​តាម​ម​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ដី​បឹង​នេះ​នឹង​ក្លាយទៅជា​កម្មសិទ្ធិឯកជន​អស់​ជាមិនខាន ព្រោះ​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ជលផល ពុំមាន​លទ្ធភាព​ទប់ស្កាត់​ឡើយ​។ ទន្ទឹមនឹងនេះ​ក្រសួង​ពាក់ព័ន្ធ​ក៏​គួរ​ចុះទៅពិនិត្យ​និង​ចាត់វិធានកា​ទប់ស្កាត់​ផងដែរ ព្រោះ​បច្ចុប្បន្ន​មានការ​ប្រើប្រាស់​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​បឹង​តាម​មយ៉ាង​គឃ្លើន ហើយ​អ្នកប្រព្រឹត្ត​មិន​ញញើត​នឹង​វិធានការ​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាល់តែសោះ​។ ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ទេនោះ គឺ​មិនយូរ​ទេ​ដី​បឹង​តាម​ម​នឹង​ក្លាយជា​កម្មសិទ្ធិឯកជន​អស់​ជាមិនខាន​៕

571លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ Untitled-1-32