មិន​ដល់​មួយ​ខែ ខ្មែរ​-យួននិយាយ​រឿង​ព្រំដែន​បីដង!

នៅជារៀងរាល់ជំនួប រវាងមន្ត្រីជាន់ខ្ពស់កម្ពុជា-វៀតណាម គេតែងឃើញកិច្ចពិភាក្សាដដែលៗ ដូចជារក្សា​ភាព​ជាមិត្ត​ជិត​ខាង​ល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ជួយថែរក្សា​ឧបត្ថម្ភ​ជនជាតិ​យួន ដែល​រស់នៅ​កម្ពុជា​។ល។ តែ​រឿង​ដែល​គេ​​ចាប់​អារម្មណ៍​បំផុតនោះ គឺបញ្ហាព្រំដែន ដែលត្រូវមន្ត្រី​ខ្មែរ-យួន លើក​យក​មក​ជជែក​គ្នា បីដង​​ផ្ទួនៗ​គ្នា នៅក្នុង​រយៈពេល​មិនដល់​មួយ​ខែ​ផង។
មិន​ដល់​មួយ​ខែ ខ្មែរ​-យួននិយាយ​រឿង​ព្រំដែន​បីដង!

ផ្លាកបង្ហាញពីខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ (រូបថតឯកសារ)

នេះ គេនៅមិនទាន់រាប់ ពីពេលមុនៗនោះផងទេ។ ជំនួបជួបគ្នា និយាយ​ពិភាក្សាតែពីរឿងដដែលៗនេះ ធ្វើឲ្យ​គេឆ្ងល់ថា តើមន្ត្រីជាន់ខ្ពស់​មកពីប្រទេសទាំងពីរ គ្មានគម្រោងអ្វីថ្មីទេឬ? ឬមួយភាគីម្ខាង ចាំបាច់​ត្រូវ​មក​ធ្វើការ​ក្រើន​រំលឹក ដាស់តឿនភាគីម្ខាងទៀត ពីរាល់តែសំនុំរឿង ដែលបានជជែកគ្នារួចហើយនោះ?

ជាពិសេសបញ្ហាព្រំដែន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រកាសមិនដាច់ពីមាត់ ថាមាន​កិច្ច​ព្រម​ព្រៀង​រវាងប្រទេសទាំងពីរ ធ្វើឲ្យចំណេញដីដល់កម្ពុជា រហូតដល់ធ្វើកិច្ចព្រមព្រៀងបំពេញបន្ថែម។ល។ ត្រូវបានយក​មក​ជជែក​ហើយ​ជជែក​ទៀត អស់ពីថ្នាក់រដ្ឋមន្ត្រីការពារជាតិ ឥឡូវបន្តមកដល់ថ្នាក់ប្រធានរដ្ឋ (ស្មើ​ប្រធានា​ធិបតី ឬ​ព្រះ​មហាក្សត្រ)។ ប្រសិនជាករណីនេះ ជាបញ្ហាបច្ចេកទេស ក៏គេគួរទុកឲ្យមន្ត្រីថ្នាក់ក្រោម នៅក្នុង​គណៈ​កម្មការ​ចម្រុះ​ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម ជាអ្នកសម្រេច និងជា​អ្នក​ជជែក​ពិភាក្សា​គ្នា មុននឹងករណីនេះជួបនឹងបញ្ហារាំងស្ទះ។

តែនេះមិនដូច្នេះទេ ព្រោះគ្រាន់តែនៅក្នុងរយៈពេល​មិនដល់មួយខែផង មន្ត្រីជាន់ខ្ពស់ ខ្មែរ-យួន បានជជែក​គ្នា​ពីព្រំដែន និងការ​បោះ​បង្គោល​ព្រំដែន ដល់ទៅបីដង។ ពីរដងដំបូង ត្រូវបានធ្វើឡើងផ្ទួនៗ នៅក្នុង​រយៈ​ពេល មិន​ទាំង​ដល់​កន្លះ​ខែ​ស្រួល​បួល​ផង។

នៅក្នុងដំណើរទស្សនកិច្ច កាលពីថ្ងែទី១ ខែមិថុនា ជាលើកទីមួយនៅកម្ពុជា បន្ទាប់ពីបានឡើង​មកកាន់​តំណែង​ ជារដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ង៉ូ ស៊ុនលិច (Ngo Xuan Lich) បានលើកករណី​ព្រំដែន និង​​ការ​​បោះ​​បង្គោល​ព្រំដែន ជាមួយនឹងឥស្សរជនខ្មែរយ៉ាងហោចពីរនាក់ គឺប្រធានរដ្ឋសភា លោក ហេង សំរិន និង​រដ្ឋមន្ត្រី​ការពារ​ជាតិកម្ពុជា លោក ទៀ បាញ់។ នៅពេលនោះ ភាគីទាំងសងខាង សុទ្ធតែបានប្តេជ្ញា ពង្រឹង​សន្តិភាព​តាម​ព្រំដែន រវាងប្រទេសទាំងពីរ និងប្ដេជ្ញាធ្វើឲ្យ​ជឿន​លឿន​ទៅ​មុខ ក្នុងកិច្ចការបោះបង្គោលព្រំដែនគោក ដែល​មាន​ប្រវែង​១២៧០គីឡូម៉ែត្រ។ ភាគីទាំង​សង​ខាង ថែមទាំងបានអះអាង ជំរុញឲ្យមានការយកចិត្តទុកដាក់ ថែរក្សា​សន្តិសុខ សុវត្ថិភាពតាមព្រំដែន ដើម្បី​«ពង្រឹង​ពង្រីក» ចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិការជា​ប្រពៃណី រវាង​ប្រទេសទាំងពីរ លើគ្រប់វិស័យ ជា​ពិសេស​វិស័យការពារជាតិ ឲ្យកាន់​តែល្អប្រសើរថែមទៀត។

» អានអត្ថបទនេះឡើងវិញ៖ មិន​ដល់​កន្លះ​ខែ មន្ត្រី​ខ្មែរ-​យួន និយាយ​រឿង​ព្រំដែន​ពីរ​ដង!

តែនៅ១២ថ្ងៃមុន គឺនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ លោក ទៀ បាញ់ និងមន្ត្រីអនុព័ន្ធយោធាវៀតណាម លោក ង្វៀង អាញ់យ៉ុង (Nguyen Anh Dung) បានលើក​ពីរឿង​ព្រំដែន​នេះ មកថ្លែងជាសាធារណៈរួចហើយ និងថែមទាំងបានបរិហាស្រដៀងគ្នា នៅពេលនោះទៀតថា បញ្ហា​ក្នុង​ពេល​កន្លងមក ទាក់ទងនឹងបញ្ហាព្រំដែន គឺ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ជាអ្នកបង្កើតឡើងនោះផង។

» អានអត្ថបទនេះឡើងវិញ៖ ទៀ បាញ់ និង​មន្ត្រី​យួន​រួម​គ្នា​ចង្អុល​បក្ស​ប្រឆាំង​ខ្មែរ ថា​បង្ក​អស្ថិរភាព

ដោយឡែក នៅក្នុងដំណើរទស្សនកិច្ច​ របស់​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រាន់ ដាយក្វាង (TRAN DAI QUANG) នៅក្នុងប្រទេសកម្ពុជា ដែលទើបបញ្ចប់ទៅ កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦​ម្សិល​ម៉ិញ ក៏​បញ្ហា​ព្រំដែននេះ ត្រូវបានមេដឹកនាំជាន់ខ្ពស់ មកពីប្រទេសទាំងពីរ យកមកជជែកពិភាក្សា និង​ចេញសេចក្ដី​ថ្លែងការណ៍​រួមគ្នានោះដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ភាគីទាំងសងខាង សន្យាបន្ត​«ពង្រឹង​និង​ពង្រីក» ទំនាក់ទំនងទ្វេរភាគី ឲ្យមាន «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ និងយូរអង្វែង» ហើយបានប្ដេជ្ញាចិត្ត​«ជាថ្មី»ទៀតថា នឹងស្វែងរកដំណោះស្រាយ បញ្ហាមួយ​ចំនួន នៅ​តាម​បន្ទាត់​ព្រំដែន​ដែលនៅសេសសល់ ដោយថា ដើម្បីពន្លឿនឲ្យមានការបោះបង្គោលព្រំដែន​«ឲ្យឆាប់​ចប់»។

អ្នកតាមដានបញ្ហាព្រំដែន និងជាអតីតមន្ត្រីច្បាប់កម្ពុជា លោក ព្រហ្ម គិត បានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ កាល​ពីដើម​ខែមិថុនានេះថា ការលើកឡើងរឿងព្រំដែន ច្រំដែលៗ នៅរៀងរាល់ជំនួប របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំងពីរ បានបង្ហាញនូវទិដ្ឋភាពពីរ។ ទីមួយ អាចនិយាយថាយួនមិនទុកចិត្តខ្មែរ ព្រោះ​ខ្លាច​មាន​ការ​ផ្លាស់ប្ដូរ​​រដ្ឋាភិបាល​​កម្ពុជា​លើក​ក្រោយ អាចមានភាព​ស្មុគ្រស្មាញ និងម្យ៉ាង ខ្លាចរដ្ឋាភិបាល​​គណបក្ស​​​ប្រជាជន​កម្ពុជា យកបញ្ហាព្រំដែន​ដែលនៅសេសសល់ ដើម្បីទាក់ទាញសម្លេងឆ្នោត ហើយ​បែរ​ជា​លេង​​​«បួនសន្លឹក» ដាក់រដ្ឋាភិបាលក្រុងហាណូយ។ ទីពីរ រដ្ឋាភិបាលយួនរួមជាមួយរដ្ឋាភិបាលខ្មែរ ទំនង​​ជា​ចង់​បង្ហាញ​ប្រាប់ពលរដ្ឋខ្មែរ ជាពិសេសប្រាប់ទៅក្រុមប្រឆាំង នៅកម្ពុជាថា បញ្ហាព្រំដែននៅភាគខាង​កើត វា​ត្រូវ​តែ​អញ្ចឹង។ វាជា«កងចក្រ ដែល​កំពុង​វិល​ទៅមុខ» ដូច្នេះគ្មានអ្វីមួយ អាចមករារាំង​បានឡើយ។

ប៉ុន្តែ បញ្ហានេះ​វាមិនត្រឹមតែ«ចង់បង្ហាញ» រួចចប់នោះទេ។ លោក ព្រហ្ម គិត បានថ្លែងឡើងទៀតថា ផ្ទុយ​​ទៅ​វិញ វាបានបង្ហាញពីភាពមន្ទិល ទៅលើកិច្ចព្រមព្រៀង ដែលវៀតណាមនិងកម្ពុជាបានធ្វើកន្លងមក ថាវា​ពោរពេញ​​ដោយ​ភាពមិនច្បាស់លាស់ ទើបមន្ត្រីទាំងនេះរួមគ្នា​ជជែកហើយជជែកទៀត មិនឈប់មិនឈរ៕